Friday, March 29, 2024
Homeព័ត៌មានជាតិចោរចូលភ្ជង់ប្លន់ ថៅកែស្រីលក់មាសដណ្តើមកាំភ្លើងបាន ចោរភ័យរត់បាត់ជើងសព្រាត

ចោរចូលភ្ជង់ប្លន់ ថៅកែស្រីលក់មាសដណ្តើមកាំភ្លើងបាន ចោរភ័យរត់បាត់ជើងសព្រាត

ខេត្តបាត់ដំបង ៖ ជនសង្ស័យជើងខ្លាំងម្នាក់ បានជិះម៉ូតូតែម្នាក់ឯង មកឈប់មុខហាងដូរលុយ និងលក់មាសមួយកន្លែង រួចក៏ដើរចូលទៅក្នុងផ្ទះ ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ស្ត្រីជាម្ចាស់ផ្ទះ ប៉ងប្លន់ទ្រព្យសម្បត្តិ ស្រាប់តែភ្លាមនោះស្ត្រីជាម្ចាស់ផ្ទះមិនភ័យតក់ស្លុត បែរជាស្ទុះទៅប្រតាយប្រតប់ ដណ្តើមកាំភ្លើងជាមួយនឹងជនសង្ស័យ ធ្វើឱ្យជនសង្ស័យជាចោរប្លន់ភ័យ ក៏រត់ឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ហេតុការណ៍ប៉ុនប៉ងប្លន់ផ្ទះលក់មាសខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះដូរលុយ និងលក់មាសមួយកន្លែង យីហោ៧៤ មានទីតាំងនៅខាងត្បូងផ្សារណាត់  ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះដូរលុយនិងលក់មាស ដែលក្លាហានហ៊ានចូលទៅប្រតាយប្រតប់ដណ្តើមកាំភ្លើងជាមួយចោរ រហូតធ្វើឱ្យចោរភ័យរត់គេចខ្លួនបាត់នោះ មានឈ្មោះគង់ សុខថា អាយុ៤១ឆ្នាំ មុខរបរដូរលុយ និងលក់មាស ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ពេលធ្វើសកម្មភាពជននេះបានពាក់មួកសុវត្ថិភាព និងជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពណ៌ទឹកក្រូច មិនចាំស្លាកលេខ និងជិះតែម្នាក់ឯងប៉ុណ្ណោះ។

តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងអង្គុយលក់ដូរតែម្នាក់ឯងនៅខាងក្នុងហាង ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះម៉ូតូ១គ្រឿង មកឈប់ពីមុខហាងរបស់គាត់ បន្ទាប់មកជនសង្ស័យរូបនោះក៏បានដើរចូលសំដៅមករកគាត់ និងថែមទាំងបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម មកភ្ជង់គំរាមប្លន់យកលុយកាក់ និងមាសពីក្នុងទូរមាសរបស់គាត់ទៀតផង។ ប៉ុន្តែភ្លាមនោះ គាត់បានស្ទុះចូលទៅប្រតាយប្រតប់ជាមួយនឹងជនសង្ស័យ បំណងដណ្តើមយកកាំភ្លើង កុំឱ្យជនសង្ស័យធ្វើអ្វី ឬគំរាមគាត់បាន ជាហេតុធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ប្រញាប់កញ្ឆក់យកកាំភ្លើងរបស់ខ្លួន រួចរត់ចេញទៅក្រៅ ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង  ចំណែកគាត់ក៏បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ និងពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរក និងវែកមុខជនសង្ស័យខាងលើ។

ជុំវិញករណីខាងលើនេះ ចាត់ទុកថា ជាសំណាងល្អបំផុតសម្រាប់ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ដែលទៅប្រទាញប្រទង់កាំភ្លើងជាមួយចោរ ហើយមិនត្រូវបានជនសង្ស័យរូបនោះបាញ់ប្រហារ។ ប៉ុន្តែតាមការសន្និដ្ឋានរបស់សមត្ថកិច្ច កាំភ្លើងជ័រដែលជនសង្ស័យប្រើសម្រាប់ធ្វើសកម្មភាពនោះ អាចជាកាំភ្លើងជ័រ ទើបជនសង្ស័យមិនបាញ់៕

RELATED ARTICLES