ជនជាតិអូស្ត្រាលី ចាក់សោបង្ខាំងស្រីទុកក្នុងផ្ទះ ខឹងមិនព្រមរួមរ័ក

0
318

ខេត្តព្រះសីហនុ ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ បានធ្វើសកម្មភាពចាក់សោបង្ខាំងទុកនារីជនជាតិខ្មែរ ចំនួន៥នាក់ នៅក្នុងផ្ទះមិនឱ្យចេញទៅណាឡើយ ព្រោះតែខឹងនឹងនារីទាំង៥នាក់ បដិសេធមិនព្រមរួមរ័កជាមួយខ្លួន ហេតុនេះទើបជនសង្ស័យព្យាយាមបង្ខំនារីរងគ្រោះឱ្យរួមភេទជាមួយខ្លួន ជាថ្នូរនឹងការដោះលែងវិញ ទីបំផុត ក៏ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុ ចុះប្រតិបត្តិការបង្ក្រាបបានទាន់ពេលវេលា។

ប្រតិបត្តិការចុះរំដោះនារីជនជាតិខ្មែរ៥នាក់ ចេញផុតពីក្រញ៉ាំតណ្ហាបុរសជនជាតិអូស្ត្រាលី ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ KING JAMES BERNARD ឆ្នាំកំណើត០៧ ខែធ្នូ ឆ្នាំ១៩៤៨ សញ្ជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ N3573692 មានសុពលភាពដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទិដ្ឋាការលេខ EI 01162993 មានសុពលភាពដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មុខរបរអ្នកទេសចរណ៍ និងស្នាក់នៅផ្ទះកើតហេតុខាងលើ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញបានទទួលព័ត៌មានថា នៅផ្ទះជួលស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីបង្ខាំងមនុស្សខុសច្បាប់មួយកើតឡើង។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន បានចុះទៅដល់ផ្ទះកើតហេតុ ដោយធ្វើការសម្របសម្រួលឱ្យជនសង្ស័យជាជនជាតិអូស្ត្រាលី ឱ្យចាក់សោរបើកទ្វារផ្ទះ តែជនសង្ស័យពុំព្រមតាមការស្នើសុំរបស់សមត្ថកិច្ចឡើយ។

លោកស្នងការ បន្តថា រហូតដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញបានសម្រេចកាត់សោរផ្ទះ នាំខ្លួនជនសង្ស័យ និងជនរងគ្រោះ៥នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។

តាមសម្តីស្ត្រីរងគ្រោះឈ្មោះយូ គា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ បានចោទប្រកាន់មិត្តប្រុសរបស់ខ្លួន ជាជនជាតិអូស្ត្រាលីថា បានចាក់សោទ្វារផ្ទះបង្ខាំងរូបនាង រួមនឹងប្អូនស្រីមានកូន២នាក់ និងក្មួយស្រីរបស់នាងមិនឱ្យចេញពីផ្ទះ លុះត្រាតែប្អូនស្រី និងក្មួយស្រីរបស់នាង យល់ព្រមរួមភេទជាមួយគេ (ជនសង្ស័យ) ទើបបានចាក់សោរទ្វារផ្ទះបើកឱ្យចេញក្រៅ។

ដោយឡែកជនសង្ស័យឈ្មោះ KING JAMES BERNARD បានសារភាពថា ខ្លួនពិតជាបានចាក់សោរទ្វារផ្ទះ មិនឱ្យជនរងគ្រោះខាងលើចេញពីផ្ទះដូចការចោទប្រកាន់ពីជនរងគ្រោះប្រាកដមែន។

ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបន្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕