Saturday, April 27, 2024
Homeព័ត៌មានជាតិឌីជេលោតពីជាន់ទី៤ ធ្លាយដំបូលធ្លាក់លើទូរទស្សន៍ ម្ចាស់ផ្ទះស្លន់ស្លោរត់ចែកជើងគ្នា

ឌីជេលោតពីជាន់ទី៤ ធ្លាយដំបូលធ្លាក់លើទូរទស្សន៍ ម្ចាស់ផ្ទះស្លន់ស្លោរត់ចែកជើងគ្នា

ភ្នំពេញ ៖ បុរសជាឌីជេក្នុងក្លឹបរាត្រីមួយកន្លែង សង្ស័យជាមានវិបត្តិផ្លូវចិត្តរឿងស្នេហា សង្សារសុំបែក ក៏បែកគំនិតគិតខ្លី លោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៤ បណ្តាលឱ្យធ្លាក់លើដំបូលផ្ទះជាន់ទី១ ធ្លុះដំបូលចូលក្នុងផ្ទះ ធ្វើឱ្យបែកទូរទស្សន៍ដែលម្ចាស់ផ្ទះកំពុងតែមើល ព្រមទាំងខូចខាតសម្ភារៈអស់មួយចំនួនធំ និងធ្វើឱ្យម្ចាស់ផ្ទះភ័យស្លន់ស្លោ រត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ ចំណែកឌីជេគំនិតខ្លី បានទទួលរងរបួសធ្ងន់ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

ហេតុការណ៍ឌីជេក្លឹបរាត្រី លោតសម្លាប់ខ្លួនពីលើផ្ទជ្ទាះន់ទី៤នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៧ កែងផ្លូវ១១៨ ចំណុចផ្ទះលេខ២០៥ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

បុរសគំនិតខ្លីដែលលោតពីលើផ្ទះជាន់ទី៤ ប៉ងធ្វើអត្តឃាត មានឈ្មោះសិន សុធារិទ្ធ អាយុ២៧ឆ្នាំ មុខរបរជាឌីជេនៅក្លឹបរាត្រី១កន្លែង ស្នាក់នៅផ្ទះលេខ២០៥ ផ្លូវ១៧ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពពីសាក្សីដែលប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសខាងលើ មិនដឹងថា មកពីណាទៅណាទេ សង្ស័យមានវិបត្តិផ្លូវចិត្តរឿងស្នេហាមិនដឹង ឬអាចជាមនុស្សបែកថ្នាំមិនដឹង នៅសុខៗក៏ដើរឡើងទៅលើផ្ទះមួយគ្មានលេខ ស្ថិតនៅជាន់ទី៤ រួចក៏ស្ទុះលោតចុះមកក្រោមប៉ងសម្លាប់ខ្លួន តែមិនបានធ្លាក់ដល់ដីនោះទេ បែរជាទៅធ្លាក់លើដំបូលផ្ទះជាន់ទី១ បណ្តាលឱ្យធ្លុះដំបូល ធ្លាក់ចំទូរទស្សន៍បែកខ្ទេចរងរបួសធ្ងន់តែម្តង។ ចំណែកម្ចាស់ផ្ទះជាន់ទី១ ដែលកំពុងតែអង្គុយមើលទូរទស្សន៍យ៉ាងជក់ចិត្ត ស្រាប់តែលាន់សំឡេងគ្រាំងនៅលើដំបូលផ្ទះដូចគ្រាប់ផ្លោង ហើយក៏ស្រាប់តែលេចបុរសម្នាក់ធ្លាក់ចុះពីលើធ្លុះដំបូល មកទើរលើទូរទស្សន៍ដែលពួកគាត់កំពុងមើល បណ្តាលឱ្យបែកខ្ទេចបែបនេះ ធ្វើឱ្យម្ចាស់ផ្ទះភ័យស្លន់ស្លោរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ ព្រោះស្មានថា មនុស្សពិភពផ្កាយធ្លាក់ចុះមកផែនដី ដឹងអីពេលពិនិត្យឱ្យច្បាស់លាស់ ទើបដឹងថា ជាមនុស្សធម្មតាសោះ ទើបប្រញាប់ទាក់ទងទូរស័ព្ទឱ្យសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនបុរសខាងលើទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត។

តាមសម្តីបុរសដែលប៉ងធ្វើអត្តឃាតខាងលើ បានអះអាងប្រាប់សមត្ថកិច្ចថា រូបគេគឺជាឌីជេ ចាក់ភ្លេងនៅក្នុងក្លឹបរាត្រីមួយកន្លែង។ ចំពោះមូលហេតុដែលរូបគេប៉ុនប៉ងសម្លាប់ខ្លួន ដោយលោតចុះពីលើផ្ទះជាន់ទី៤នេះ គឺមិនមែនមកពីគេខូចចិត្តរឿងស្នេហា ឬស្រីញីអីទេ តែដោយសារតែរូបគេធ្វើឌីជេក្នុងក្លឹប ប្រើប្រាស់ថ្នាំក្រវីក្បាលច្រើនហួសកំណត់ ទើបប្រតិកម្មថ្នាំ លំបាកទ្រាំក្នុងខ្លួន ក៏សម្រេចចិត្តមកលោតពីជាន់ទី៤បែបនេះតែម្តង។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារចាស់ផងដែរ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឱ្យឌីជេខាងលើ ចេញសំណងថ្លៃខូចខាតសម្ភារនិងទ្រព្យសម្បត្តិក្នុងផ្ទះរបស់ពួកគាត់ ហើយនេះចាត់ទុកថាជាសំណាងណាស់ ដែលគ្មានសមាជិក គ្រួសារគាត់ណាម្នាក់ មានជំងឺខ្សោយបេះដូង ពុំនោះទេច្បាស់ជាមានរឿងធំមិនខាន ព្រោះអ្នកណាមិនភ្ញាក់ អ្នកណាមិនភ័យ បើកំពុងមើលទូរទស្សន៍សុខៗ ក៏មានមនុស្សធ្លាក់ពីលើមេឃ ធ្លុះដំបូលចូលក្នុងផ្ទះ មកសង្កត់ទូរទស្សន៍បែកខ្ទេចបែបនេះ៕

RELATED ARTICLES