Thursday, March 28, 2024
Homeព័ត៌មានជាតិប្តីបំផ្លាញទ្រព្យគ្មានសល់ ប្រពន្ធឆ្អែតចិត្តសុំលែង ចងកសម្លាប់ខ្លួន

ប្តីបំផ្លាញទ្រព្យគ្មានសល់ ប្រពន្ធឆ្អែតចិត្តសុំលែង ចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែងប់ងល់នឹងល្បែងស៊ីសង បានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរាប់មិនអស់ និងលួចម៉ូតូលក់អស់២គ្រឿង ហើយទោះជាប្រពន្ធព្យាយាមអូសទាញឱ្យកែខ្លួនយ៉ាងណា ក៏មិនព្រមកែ ទីបំផុតប្រពន្ធទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសុំលែងលះ និងបានរស់នៅបែកគ្នា អស់រយៈពេល២សប្តាហ៍មកហើយ លុះតាមសុំជានាជាមួយប្រពន្ធវិញមិនបាន ក៏ឈឺចិត្តស្អិតទ្រូងដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៤ ជាន់ទី១ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសគំនិតដែលតូចចិត្តប្រពន្ធសុំលែងលះ តាមសុំជានាគ្នាវិញមិនបាន បែរជាដាច់ចិត្តចងកធ្វើអត្តឃាតនេះ មានឈ្មោះណុល ណុប អាយុ៤៤ឆ្នាំ មុខរបររត់ឌុប ដើរលេងល្បែងស៊ីសង និងមានស្រុកកំណើតនៅឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកប្រពន្ធមានឈ្មោះសុត សោភា អាយុ៤៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤ ជាន់ទី១ ភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតភូមិត្រពាំងស្នៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា តាមពិតគាត់ជាក្រមុំចាស់ ហើយបានជួបបុរសខាងលើ (ជនរងគ្រោះ) ជាបុរសពោះម៉ាយកូន៣នាក់ (ប្រុស១ ស្រី២) ក្រោយមកពួកគាត់ក៏បានទទួលយកគ្នាជាប្តីប្រពន្ធ រួមរស់អស់រយៈពេល៣ឆ្នាំកន្លងមកហើយ តែពុំទាន់មានកូនជាមួយគ្នានៅឡើយទេ។

ស្ត្រីជាប្រពន្ធ បានបន្តទៀតថា ក្រោយពីបានគ្នាជាប្តីប្រពន្ធ៣ឆ្នាំកន្លងមកនេះ គាត់រស់នៅរងកម្មពៀរវេទនាជាងកាលនៅខ្លួនមួយទៅទៀត ព្រោះប៉ះចំប្តីញៀនល្បែងស៊ីសង ទោះជាគាត់ហាមប្រាមយ៉ាងណាក៏មិនស្តាប់ដែរ ប្រឹងអូសទាញឱ្យងាកមករកផ្លូវល្អ តែប្តីមិនតាម គិតតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារអស់រាប់លាន គ្រាន់តែម៉ូតូត្រូវប្តីនេះលួចយកទៅលក់លេងល្បែងចាញ់អស់ចំនួន២គ្រឿង ធ្វើឱ្យគាត់ឆ្អែតចិត្តខ្លាំងពេក ទើបកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ គាត់បានសម្រេចចិត្តជ្រើសយកវិធីចុងក្រោយ គឺប្តឹងទៅអាជ្ញាធរសង្កាត់ចោមចៅ៣ ដើម្បីលែងលះប្តី ចែកផ្លូវគ្នាដើររៀងខ្លួន ក្រែងមានសេចក្តីសុខក្នុងឆាកជីវិត។

ស្ត្រីជាប្រពន្ធ បានឱ្យដឹងទៀតថា តាំងពីពេលនោះមក ពួកគាត់បានលែងគ្នា និងរស់នៅបែកគ្នាអស់រយៈពេល២សប្តាហ៍មកហើយ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បុរសជាអតីតប្តីវក់ល្បែងនេះ បានលេចមុខមកជាថ្មី តាមសុំអង្វរសុំរួមរស់ជាមួយគាត់ម្តងទៀត តែគាត់មិនព្រម ហើយក៏មិនរវល់ស្តាប់ការរៀបរាប់ហេតុផលអ្វីដែរ រួចក៏ចាកចេញទៅធ្វើការងារបាត់។ រហូតដល់ល្ងាចថ្ងៃដដែល វិលមកវិញចូលបន្ទប់រៀបចំខ្លួន និងបិទទ្វារចូលសម្រាកជាធម្មតា ស្រាប់តែមកដល់វេលាម៉ោង៧និង៣០នាទីយប់ ក៏ឮសំឡេងប្តីបានស្រែកសុំកន្សែងពោះគោ១ តែគាត់ធ្វើមិនឮ បន្ទាប់មកក៏ឮប្តីនិយាយថា បែកគ្នារហូតហើយ ចំណែកគាត់នៅតែធ្វើមិនដឹងមិនឮដដែល។ លុះក្រោយមក គាត់បានឮសូរសំឡេងបើកបង្អួច តែមិនចាប់អារម្មណ៍ ស្រាប់តែមួយសន្ទុះក្រោយមក ទើបមានអ្នកជិតខាងស្រែកប្រាប់ថា អតីតប្តីរបស់គាត់បានយកក្រមាចងកជាប់បង្អួច ទើបគាត់ស្ទុះរត់ចេញមកមើល ក៏ប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា តាមអ្វីដែលពួកគាត់ធ្លាប់ដឹង និងឃើញ គឺកន្លងមកជនរងគ្រោះមានចិត្តប្រចណ្ឌប្រពន្ធណាស់ ហើយក៏ជាមនុស្សវក់ល្បែងខ្លាំងណាស់ដែរ រហូតធ្វើឱ្យប្រពន្ធឆ្អែតឆ្អន់ ខឹងអូសទាញប្តីឱ្យឈប់លេងល្បែង ងាកមករកផ្លូវល្អត្រឹមត្រូវមិនបាន ក៏សម្រេចចិត្តលែងលះ តែខាងប្តីនៅមិនអស់ចិត្ត ក៏ចេះតែតាមមកសុំជានាគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រម ទើបជនរងគ្រោះឈឺចិត្តស្អិតទ្រូង ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតនៅចម្រឹងបង្អួចដែកបន្ទប់របស់អតីតប្រពន្ធបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងចម្រឹងបង្អួចដែក និងស្លាប់ក្នុងសភាពឈរអង្គុញជើងជាប់បង្អួច។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES