Friday, April 26, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចហៅអប់រំច្រើនដង មិនកែប្រែ ម្តងនេះបញ្ជូនឡើងតុលាការ

សមត្ថកិច្ចហៅអប់រំច្រើនដង មិនកែប្រែ ម្តងនេះបញ្ជូនឡើងតុលាការ

ខេត្តកំពង់ចាម ៖ យុវជនម្នាក់ បានសុំលុយពីបងស្រីរបស់ខ្លួនដើម្បីយកទៅទិញថ្នាំញៀនប្រើប្រាស់ លុះបងស្រីប្រាប់ថា គ្មានលុយឱ្យ បែរជាផ្ទុះកំហឹងស្ទុះទៅទាញកែវទឹក គប់សំដៅបងស្រី បណ្តាលឱ្យរយះដៃរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២៧នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។

អំពើហឹង្សាក្នុងគ្រួសារមួយនេះ បង្កទ្បើងដោយជនសង្ស័យឈ្មោះខាំ សុខលី ហៅហ៊ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។ ចំណែកស្ត្រីរងគ្រោះបងស្រី មានឈ្មោះវ៉ន ស្រីណាន អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា រងរបួសដៃឆ្វេង១កន្លែង។

លោកសុខ សូល អធិការនគរបាលស្រុកបាធាយ បានឱ្យដឹងថា ជនបង្កហេតុត្រូវបានក្រុមគ្រួសារអះអាងថា គឺជាក្មេងទំនើងមិនស្តាប់ដំបូន្មានឪពុកម្តាយទេ សេពគប់ជាមួយមិត្តភក្តិមិនល្អ ដើរផឹកស៊ីស្រវឹងរាល់ថ្ងៃ និងថែមទាំងបានប្រើប្រាស់ថ្នាំញៀនទៀតផង ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចនាំទៅអធិការដ្ឋាន ធ្វើការអប់រំច្រើនដងមកហើយ តែជននេះមិនកែប្រែសោះ។ ជាក់ស្តែងនៅមុនពេលកើតហេតុ ជនបង្កហេតុឈ្មោះសុខលី បានសុំលុយពីបងស្រី ឈ្មោះស្រីណាន បំណងយកទៅទិញថ្នាំញៀនជក់ តែបងស្រីមិនឱ្យ ទើបធ្វើឱ្យជនបង្កហេតុខឹង ក៏ទាញកែវទឹកគប់ទៅលើបងស្រីបង្កើត បណ្តាលឱ្យមុតរបួសលើដៃឆ្វេង១កន្លែង។

លោកអធិការបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះនាំខ្លួនជនសង្ស័យខាងលើ មកធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES