Thursday, April 25, 2024
Homeព័ត៌មានជាតិស្ត្រីពោះធំ៧ខែ បាត់ពីផ្ទះ៣ថ្ងៃ ប្តីរកឃើញស្លាប់ក្នុងត្រពាំង

ស្ត្រីពោះធំ៧ខែ បាត់ពីផ្ទះ៣ថ្ងៃ ប្តីរកឃើញស្លាប់ក្នុងត្រពាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានផ្ទៃពោះជាង7 ខែម្នាក់ ក្រោយពីផឹកស្រាស្រវឹងក៏ដើរបាត់ពីផ្ទះមិនដឹងជាទៅណា ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ លុះ3 ថ្ងៃក្រោយមក ក៏ត្រូវបុរសជាប្តីដើររកឃើញដេកស្លាប់ក្នុងត្រពាំងទឹកយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង2រសៀល ថ្ងៃទី17 ខែធ្នូ ឆ្នាំ2017 នៅចំណុចត្រពាំងស្នាត្រាវ ស្ថិតក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ។

ស្ត្រីរងគ្រោះដែលផឹកស្រាស្រវឹងបាត់ពី ផ្ទះ3ថ្ងៃ និងត្រូវប្តីតាមរកឃើញដេកស្លាប់ក្នុងត្រពាំងទឹកនោះ មានឈ្មោះនិល សុភ័ក្រ អាយុ 42ឆ្នាំ កំពុងពពោះកូនក្នុងផ្ទៃជាង7ខែ មានប្តីឈ្មោះឡាច តេង អាយុ46ឆ្នាំ និងមានកូនក្នុងបន្ទុកចំនួន3នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ថា ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ ហើយទោះជាកំពុងពពោះកូនក្នុងផ្ទៃ ក៏មិនឈប់ ឬកាត់បន្ថយទាល់តែសោះ នៅតែផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ។ នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី14 ខែធ្នូ ឆ្នាំ2017 ប្រពន្ធរបស់គាត់បានសុំលុយបងស្រីយកទៅទិញស្រាកន្លះលីត្រមកផឹកជាមួយអ្នកភូមិ2នាក់ទៀត។ រហូតដល់ម៉ោង9ព្រឹក ក៏បានដើរចេញទៅរកគាត់ជាប្តីដែលកំពុងច្រូតស្រូវនៅក្បែរចំណុចកើតហេតុខាងលើ ហើយក៏បានបាត់ខ្លូនរហូតមក។

បុរសជាប្តី បន្តថា នៅព្រឹកថ្ងៃកើតហេតុនោះ ក្រោយពីឈប់ច្រូតស្រូវរួចហើយ គាត់ក៏បានត្រឡប់មកផ្ទះវិញ និងបានសួររកប្រពន្ធ ពេលនោះអ្នកជិតខាងបានប្រាប់ថា នាងបានដើរទៅស្រែដើម្បីរកគាត់ជាប្តី ហើយភ្លាមនោះ គាត់និងក្រុមគ្រួសារ ព្រមទាំងអ្នកជិតខាងបាននាំគ្នាដើរតាមរកនៅឯស្រែដែរ ប៉ុន្តែរកពុំឃើញសោះ មិនដឹងជាប្រពន្ធបាត់ខ្លួនទៅណា។ លុះមកដល់វេលាម៉ោង2រសៀល ថ្ងៃទី17 ខែធ្នូ ឆ្នាំ2017 ស្រាប់តែពេលដែលគាត់ដើរតាមរកប្រពន្ធជាថ្មី ក៏បានប្រទះឃើញប្រពន្ធស្លាប់អណ្តែតទឹកនៅក្នុងត្រពាំងជិតកន្លែងដែលគាត់ជាប្តីច្រូតស្រូវ ធ្វើឱ្យគាត់ភ័យឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យមកជួយពិនិត្យ និងធ្វើកោសល្យវិច័យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងអំពើ ឃាតកម្មអ្វីនោះទេ។

សពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES