Friday, March 29, 2024
Homeព័ត៌មានជាតិម្ចាស់ផ្ទះប្តឹងរកយុត្តិធម៌ ព្រោះអ្នកមានលុយប្រើអំណាចយកគ្រឿងចក្រកាយព្រំដី

ម្ចាស់ផ្ទះប្តឹងរកយុត្តិធម៌ ព្រោះអ្នកមានលុយប្រើអំណាចយកគ្រឿងចក្រកាយព្រំដី

ខេត្តប៉ៃលិន ៖ ជនរងគ្រោះជាម្ចាស់ផ្ទះម្នាក់ ឈ្មោះអ៊ុយ ទិត្យ ហៅង៉ែត វណ្ណី អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវការអស់សង្ឃឹមយ៉ាងខ្លាំង ខណៈរង់ចាំរយៈពេលជាច្រើនថ្ងៃខែមកហើយ នៅតែមិនទាន់ឃើញអាជ្ញាធរខេត្ត ក៏ដូចជាខាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ជួយរកដំណោះស្រាយ ឬផ្តល់យុត្តិធម៌ដល់ខ្លួនសោះ បន្ទាប់ពីអ្នកមានលុយម្នាក់ ប្រើអំណាចយកគ្រឿងចក្រទៅជីកកកាយព្រំដី ធ្វើឱ្យប៉ះពាល់ធ្ងន់ដល់ផ្ទះរបស់ខ្លួន។

បន្ទាប់ពីទន្ទឹងរង់ចាំដំណឹងស្ងាត់ឈឹងពីមួយថ្ងៃទៅមួយថ្ងៃ ទើបជនរងគ្រោះឈ្មោះ អ៊ុយ ទិត្យ ហៅង៉ែត វណ្ណី បន្តដាក់ពាក្យបណ្តឹងទៅមហាអយ្យការអមតុលាការកំពូល ឱ្យជួយរកយុត្តិធម៌ ហើយក៏បានចេញលិខិតមកឱ្យថ្នាក់ក្រោមធ្វើការដោះស្រាយជាបន្ទាន់ផងដែរ។ ប៉ុន្តែពេលនេះ ភាគីជនរងគ្រោះកំពុងរង់ចាំមើលថា តើថ្នាក់ខេត្តនឹងគិតគូរយ៉ាងណាដល់ខ្លួនជាជនរងគ្រោះ ដែលកំពុងមានបញ្ហាប្រឈមនឹងជំងឺ ព្រមទាំងធនាគារជិតរឹបអូសយកផ្ទះថែមទៀត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ អាជ្ញាធរភូមិផ្សារព្រំ នគរបាលប៉ុស្តិ៍ស្ទឹងកាច់ និងមន្ត្រីសុរិយោដីខេត្ត បានចុះត្រួតពិនិត្យសំណង់អគាររងគ្រោះខាងលើ ដែលកំពុងរងការបាក់ដី បន្ទាប់ពីពលរដ្ឋ១គ្រួសារ ក្នុងចំណោម៣គ្រួសារដែលសង់ផ្ទះ និងផ្ទះជួលជាប់ៗគ្នា ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ព្រួយបារម្ភពីសុវត្ថិភាព ខណៈបុរសមានលុយម្នាក់ ឈ្មោះតូ សុភា អាយុ៤២ឆ្នាំ រស់នៅភូមិប៉ាលិឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានយកគ្រឿងចក្រទៅជីកកកាយព្រំដីរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់គ្រឹះផ្ទះជនរងគ្រោះ បណ្តាលឱ្យប្រេះស្រាំ និងបាក់ដីពេលមានភ្លៀងធ្លាក់។ ម៉្យាងវិញទៀត ផ្ទះ និងផ្ទះជួលចំនួន១៣បន្ទប់របស់ជនរងគ្រោះដែលធ្លាប់រកចំណូលប្រចាំថ្ងៃ ព្រោះមានភ្ញៀវខ្មែរ និងថៃ ស្នាក់នៅ ក៏លែងមានអ្នកណាហ៊ានជួលស្នាក់នៅទៀតដែរ។

តាមសម្តីលោកអ៊ុយ ទិត្យ ជាម្ចាស់ផ្ទះរងគ្រោះខាងលើ បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថានភាពគ្រឹះផ្ទះរបស់គាត់បន្តប្រេះស្រាំកាន់តែខ្លាំងទៅៗ ខណៈគ្មានការដោះស្រាយពីអាជ្ញាធរខេត្ត និងខាងតុលាការខេត្តប៉ៃលិន ហើយលើសពីនេះ ប្រាក់ចំណូលប្រចាំថ្ងៃ ដែលគាត់ធ្លាប់ទទួលបានពីផ្ទះជួល ដើម្បីផ្គត់ផ្គង់ជីវភាព និងយកទៅបង់ការប្រាក់ឱ្យខាងធនាគារ ក៏ចប់ទាំងស្រុងដែរ។  លោកបន្តថា បច្ចុប្បន្នដោយគ្មានលុយបង់អត្រាការប្រាក់ឱ្យអង្គការ និងធនាគារ គេបានប្តឹងលោក ដើម្បីរឹបអូសយកផ្ទះរបស់គាត់តែម្តង ជាហេតុធ្វើឱ្យគ្រួសារគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង។ ដូច្នេះហើយ ទើបកាលពី១អាទិត្យកន្លងទៅនេះ បន្ទាប់ពីខាងលោកបានដាក់ពាក្យបណ្តឹងបន្តទៅថ្នាក់លើ ខាងមហាអយ្យការអមតុលាការកំពូល បានចេញលិខិតឱ្យខាងថ្នាក់ខេត្ត ដោះស្រាយជាបន្ទាន់ដាច់ខាត តែមកដល់ពេលនេះនៅស្ងៀមឈឹងដដែល។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកតូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹង កាលពីរសៀលថ្ងៃទី២៦ ធ្នូ ថា ខាងលោកមិនទាន់បានធ្វើការដោះស្រាយជូនជនរងគ្រោះនៅឡើយទេ ខណៈដែលកំពុងរង់ចាំរបាយការណ៍លម្អិតពីខាងសុរិយោដីខេត្ត ហើយកាលពី២សប្តាហ៍មុននេះ ខាងលោកទើបតែទទួលបានរបាយការណ៍ដែរ។ ដូច្នេះខាងលោកនឹងរៀបចំធ្វើការដោះស្រាយជូនក្រុមគ្រួសាររងគ្រោះខាងលើ ព្រោះខាងលោកបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីខែឧសភា ឆ្នាំ២០១៧។

ដោយឡែកភាគីលោកតូ សុភា ដែលទទួលរងការចោទប្រកាន់ថា បានប្រើគ្រឿងចក្រកាយព្រំដីធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានអ្នកជិតខាងនោះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយ៕

RELATED ARTICLES