សុខ ពិសី ទម្លាយរឿងអ្នកគាំទ្រសុំឱប ជូនស្រោមសំបុត្រ

0
721

ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់សាច់សខ្ចី សុខ ពិសី បានទម្លាយរឿងរ៉ាវដែលអ្នកគាំទ្ររបស់នាង បានសុំឱប និងបានជូនស្រោមសំបុត្រមួយច្បាប់ ព្រមទាំងបានផ្តាំសុំឱ្យនាងកុំភ្លេចអានសំបុត្រមួយនេះ ដែលខ្លឹមសារក្នុងសំបុត្រនេះ បង្ហាញពីការស្រលាញ់គាំទ្រទៅលើតារាចម្រៀងសុខ ពិសី តាំងពីម្ចាស់សំបុត្រមួយនេះ ទើបនឹងរៀនថ្នាក់ទី៣មកម៉្លេះ។

កញ្ញាសុខ ពិសី បានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ថា “អាណិតប្អូនៗណាស់ ពេលប្អូនជួបបង ប្អូនសុំឱបបង មិនចង់លែង ហើយសុំឱ្យបងអានសំបុត្រនេះ ឥឡូវបងបានអានហើយ​ សង្ឃឹមថា អូននឹងសប្បាយចិត្តណា៎ អរគុណអូនចំពោះក្តីស្រលាញ់របស់ប្អូនចំពោះបង បងក៏ស្រលាញ់អូនដែរ”។

តារាចម្រៀងសុខ ពិសី ក៏បានបង្ហាញសំបុត្ររបស់អ្នកគាំទ្រ (Fan) ដែលបានជូនដល់នាង ដែលមានខ្លឹមសារទាំងស្រុងថា “ជូនចំពោះបងពិសិី ពីហ្វេនជូនចំពោះបងសុខ ពិសី ជាទីស្រឡាញ់របស់ប្អូន បងពិសី អូនស្រលាញ់ បងតាំងតែពីអូននៅរៀនថ្នាក់ទី៣មកម៉្លេះ ហើយឥឡូវអូននៅតែស្រលាញ់បងខ្លាំងជាងគេ ហើយបងជាកំពូលតារាទី១ ក្នុងបេះដូងរបស់អូន អូនចូលចិត្តស្តាប់ និងតាមដានបទចម្រៀងរបស់បង ហើយកាលអូនអត់ទាន់មានទូរស័ព្ទ គឺអូនស្តាប់តាមតែវិទ្យុទេ ហើយឥឡូវអូនមានទូរស័ព្ទហើយ អូន Search ឈ្មោះ Sok Pisey Official រៀងរាល់ថ្ងៃ គឺដើម្បីមើលរូបភាព និងបទចម្រៀងរបស់បង ពេលអូនរៀនដល់ថ្នាក់ទី១២ អូនគិតថាពេលដែលចប់ អូននឹងជួបបងឱ្យបាន ហើយអ្វីគ្រប់យ៉ាង គឺពិតដូចជាការដែលអូនប៉ងប្រាកដមែន ព្រោះអូនបានជួបបង២ដងដែរ ជាចុងបញ្ចប់ អូនសូមជូនពរឱ្យបងជួបតែសំណាងល្អ និងសុខភាពរឹងមាំ និងសម្រស់កាន់តែស្អាត ពីហ្វេនដែលស្រលាញ់បងខ្លាំង… ឆាន់ ចន្ធូ និងដាក រ៉ុម…”។

បន្ទាប់ពីតារាចម្រៀងសុខ ពិសី បានបង្ហោះនូវខ្លឹមសារសំបុត្ររបស់អ្នកគាំទ្ររបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកចាប់អារម្មណ៍ និងចែករំលែកជាច្រើនពេញក្នុងហ្វេសប៊ុក ក្នុងនោះមានការសម្តែងនូវការកោតសរសើរចំពោះទឹកចិត្ត និងការគាំទ្រដ៏ស្មោះរបស់ហ្វេនតារាចម្រៀងសុខ ពិសី ខាងលើ ដែលខំប្រឹងចំណាយពេលវេលា ដើម្បីស្កាត់ជួបនិមិត្តរូប (idol) របស់ខ្លួន ដើម្បីជូនសំបុត្របង្ហាញពីទំហំទឹកចិត្ត និងការគាំទ្រ ស្មោះស្ម័គ្រ តាំងពីកុមារភាព៕