Saturday, April 20, 2024
Homeតារាខ្មែរសុគន្ធ និសា ស្វាមីចិត្តទូលាយ បើកដៃពេញទំហឹង

សុគន្ធ និសា ស្វាមីចិត្តទូលាយ បើកដៃពេញទំហឹង

សុគន្ធ និសា តារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលលាភាពក្រមុំត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែលជ្រើសយកស្វាមីជាប្រុសខ្មែរ នៅអាមេរិក រដ្ឋឡូវែល៍ លោកពៅ សម្បត្តិ ហៅសាំបា ដែលជានាយកប្រតិបត្តិការណ៍ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នៅកម្ពុជានោះ ត្រូវបានគេសន្និដ្ឋានថា អ្នកចម្រៀងដែលយកប្ដីមើលរំលងប្រុសក្នុងស្រុក មិនចាប់អារម្មណ៍មន្រ្ដីធំៗ និងឧកញ៉ាៗ ដោយចោលងារជំទាវនោះ នឹងកាត់បន្ថយអាជីពសិល្បៈមួយកម្រិតភ្លាម ពេលដែលក្លាយទៅជាភរិយាស្របច្បាប់របស់អ្នកជំនួញឆ្លងទ្វីពនោះ ដើម្បីយកពេលវេលាមួយផ្នែកធំទៅធ្វើជានារីមេផ្ទះវិញម្ដង។

ប៉ុន្តែការលើកឡើងបែបនេះ ហាក់ផ្ទុយស្រឡះ ព្រោះថា ពេលនេះ សុគន្ធ និសា មិនសម្រាកបង្អង់យូរឡើយ គឺគ្រាន់តែគ្រងសម្លៀកបំពាក់ចប់ ក៏វិលត្រឡប់មកឈរនៅពីមុខកាមេរ៉ាវិញភ្លាមតែម្ដង តាមរយៈការថតសម្រុកភាពយន្ដភាគរបស់ប៉ុស្ដិ៍ហង្សមាស រឿង ”រាជិនីភូមិគ្រឹះ”។

ប្រភពបានឲ្យដឹងថា សុគន្ធ និសា ខ្លាចមិត្តភក្ដិក្រុមការងារហង្សមាស និងអ្នកដឹកនាំសម្ដែង រង់ចាំនាងតែម្នាក់ឯង ហេតុនេះហើយបានជាគ្រានតែរៀបការចប់ គឺត្រូវវិលត្រឡប់សម្រុកមកសម្ដែងវិញយ៉ាងតក់ក្រហល់បែបនេះ។

លោកកៅ សីហា អ្នកដឹកនាំសម្ដែងរឿង ”រាជិនីភូមិគ្រឹះ” បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ថា “ជាការពិតហើយ ពេលនេះ សុគន្ធ និសា ពិតជាកំពុងតែថតបន្ដមែន គ្មានបានសម្រាកអីទេ គឺកំពុងតែសម្រុកថតហ្នឹងឯង។

អតីតចាងហ្វាងទស្សនាវដ្ដីអាថ៍កំបាំង ក្លាយទៅជាអ្នកដឹកនាំសម្ដែងភាពយន្ដ និងខារ៉ាអូខេ រូបនេះ ប្រាប់ថា ”ពេលនេះ សុគន្ធ និសា គាត់កំពុងតែថតរឿង ”រាជិនីភូមិគ្រឹះ” ហ្នឹងហើយតើ! គាត់មានបានសម្រាកអីណាច្រើន ក្រោយរៀបការហើយនោះ គឺយើងថតរហូតហ្នឹង។ រឿង ”រាជិនីភូមិគ្រឹះ” ដែលមានសុគន្ធ និសា និងសុខ ស្រីនាង ជាតួឯកនេះ គឺថតបានខ្ទង់៦០% ហើយនៅសល់តែ៤០%ទៀត ទើបចប់ ហើយនិសា មកថតរាល់ថ្ងៃតើ”។

សុគន្ធ និសា ឆក់បានតំណែងជាតួឯកភាពយន្ដភាគរបស់ទូរទស្សន៍ហង្សមាស ដល់ទៅ២រឿងជាប់គ្នា មុនរៀបការ គឺរឿង ”សិសិររដូវក្នុងបេះដូង” ដែលកំពុងចាក់ផ្សាយនៅប៉ុស្ដិ៍ហង្សមាស និងរឿង ”រាជិនីភូមិគ្រឹះ” ដែលកំពុងដំណើរការថតមិនទាន់ចប់នេះ ហើយតាមព័ត៌មានថា ក្រុមហ៊ុនហង្សមាស នឹងបន្ដប្រគល់តំណែងជាតួឯកឲ្យនិសា ថែមទៀត បើសិនជាតារាចម្រៀងរូបនេះនៅតែត្រូវប្ដីអនុញ្ញាតឲ្យលេងសិល្បៈជាបន្ដទៀតនោះ។ ប៉ុន្ដែតាមរយៈការវិលត្រឡប់មកឈរនៅពីមុខកាមេរ៉ាវិញយ៉ាងតក់ក្រហល់របស់សុគន្ធ និសា នៅពេលនេះ បញ្ជាក់ថា តារារូបនេះនៅតែពង្រឹងការងារសិល្បៈដដែល បើទោះជានាងមានប្ដីទៅហើយក្ដី។ ដោយឡែក ស្វាមីសុគន្ធ និសា លោកសាំបា វិញក៏មិនបានហាមឃាត់ភរិយាមិនឲ្យលេងសិល្បៈដែរ គឺនៅតែឲ្យស្រីស្អាតរូបនេះបន្ដអាជីពចាស់ទៅទៀត តាមចំណូលចិត្តរបស់នាងដែលស្រលាញ់ជាយូរមកហើយនោះ។ ប៉ុន្ដែអ្នកសិល្បៈដែលស្និទ្ធសុគន្ធ និសា បានព្រមានថា ប្ដីនាងឲ្យលេងតែភាពយន្ដ និងការថត MV ធម្មតាៗប៉ុណ្ណោះ បើមានឈុតណាដែលនិសា ត្រូវសម្ដែងតម្រូវឲ្យមានឈុតតួប្រុសឱបថើបនោះ គឺចាប់ពីពេលនេះតទៅ លោកសាំបា មិនអនុញ្ញាតឲ្យនិសា ថតជាដាច់ខាត។

តារាចម្រៀងប៉ុន សុគន្ធា ហៅសុគន្ធ និសា ដែលផ្ដាច់ស្នេហ៍អតីតគូដណ្ដឹង លោកសុខ ជំនោរ កាលពីឆ្នាំ២០១១ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន៧ឆ្នាំ ហើយចុងក្រោយថា មិនអាចបន្ដស្នេហ៍ ព្រោះតែការស់នៅមិនចុះសម្រុងគ្នាប្រៀបបានទឹកនិងប្រេងនោះ ទើបធ្វើឲ្យលោកជំនោរ ដឹកដៃម្ចាស់ចិត្តថ្មីចូលរោងការ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែរ ដែលនេះគឺជាការបញ្ចប់និស្ស័យស្នេហ៍ចាស់ទាំងស្រុង។

ប្រភពបានឲ្យដឹងថា សុគន្ធ និសា នឹងងាកមកធ្វើមុខជំនួញបន្ថែម ដោយត្រៀមបើកហាងថ្មីថែមលើហាង ”គុយទាវខ្ចប់” ដែលដំណើរការមុនពេលរៀបការនោះ ហើយចំពោះគម្រោងយកកូននោះ គឺនាងមិនបង្អង់យូរឡើយ ព្រោះថាឆ្នាំនេះ និសា មានអាយុ៣៤ឆ្នាំទៅហើយ អីចឹងត្រូវតែយកកូនឲ្យបានភ្លាមៗ មុនសង្សារចាស់តែម្ដង។

ការជ្រើសស្នេហ៍ប្រុសអាមេរិក ធ្វើជាស្វាមីរបស់សុគន្ធ និសា ដោយចោលស្នេហ៍មន្ដ្រីធំ និងលោកឧកញ៉ានៅពេលនេះ ជាលើកទី៣ហើយ ដែលអ្នកចម្រៀងល្បីរបស់ផលិតកម្មរស្មីហង្សមាស សម្រេចចិត្ត ”ជួយឆ្ងាយ ប្រសើរជាងជួញជិត” បន្ទាប់ពីអ្នកនាងគឹម លក្ខិណា និងពេជ្រ សោភា ក៏បានរៀបការជាមួយប្រុសអាមេរិក ដូចនិសា ដែរ។ ប៉ុន្នែមានតែពេជ្រ សោភា ម្នាក់ទេ ដែលធ្លាក់ខ្លួនជាអ្នកមេម៉ាយអភ័ព្វស្នេហ៍នៅពេលនេះ គឹម លក្ខិណា និងសុគន្ធ ​និសា កំពុងតែមានសេចក្ដីសុខហើយ៕

RELATED ARTICLES