Friday, April 26, 2024
Homeតារាខ្មែរកំពូលតារាល្បីៗចូលរួមមង្គលការសុគន្ធ និសា បាត់តែលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

កំពូលតារាល្បីៗចូលរួមមង្គលការសុគន្ធ និសា បាត់តែលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

ពិធីមង្គលការរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ធ នីសា ជាមួយលោកចៅ សម្បត្តិ អាណិកជនអាមេរិក និងជានាយផ្នែកប្រតិបត្តិការក្រុមហ៊ុនធានារ៉ាប់រង Manulife នៅកម្ពុជា បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅក្នុងពិធីជប់លៀងពិសារភោជនីយអាហារនៅសណ្ឋាគារសូហ្វីតែល លំដាប់ផ្កាយ៥ មានវត្តមានតារាល្បីៗជាច្រើនចូលរួមយ៉ាងច្រើនកុះករ។

ក្រៅពីរៀបចំពិធីមង្គលការតាមប្រពៃណី នៅក្នុងពិធីជប់លៀងធំនៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាត្រីថ្ងៃទី០១ ខែធ្នូ ដែលបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ចំនួន៧០០នាក់ (៧០តុ) នោះ ក្នុងនោះក៏មានមានវត្តមានតារាសិល្បៈល្បីៗជាច្រើនចូលរួម គួរឲ្យភ្ញាក់ផ្អើលផងដែរ​ ដែលមានវត្តមាន ដូចជា កញ្ញាឱក សុគន្ធកញ្ញា, អ្នកនាងមាស សុខសោភា និងស្វាមី, អ្នកនាងពេជ្រ សោភា, អ្នកនាងយុគ ចិន្តា, លោកងួន ចាន់ដេវីត, លោកឆន សុវណ្ណរាជ, លោកណុប បាយ៉ារិទ្ធិ, កញ្ញានី មុនីនាថ, កញ្ញាសូ ដានីតា, អ្នកនាងសារ៉ាយ សក្ខណា និងស្វាមី, អ្នកនាងទូច ស្រីលក្ខណ៍, លោកជា វិបុល, អ្នកនាងលី ម៉ារីណា, កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន, កញ្ញាថន​ លក្ខិណា, លោកនី រតនា, កញ្ញាវី ដាណែត និងតារាល្បីៗជាច្រើនទៀត។ តែយ៉ាងណា មានការកត់សម្គាល់ថា ពិធីមង្គលការរបស់នីសា ហាក់ពុំឃើញវត្តមានរបស់លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងរួមទ្រនំនោះទេ។ ប៉ុន្តតាមដំណឹងថា តារាល្បីឈ្មោះទាំង២ជាប់រវល់ ដោយបានត្រឹមតែផ្ញើចំណងដៃតែប៉ុណ្ណោះ។

មានការអារម្មណ៍ថា ពិធីមង្គលការរបស់សុគន្ធ នីសា ដែលចំណាយអស់ខ្ទង់រាប់ម៉ឺនដុល្លារនោះ បែរជាមិនបើកទូលាយឲ្យអ្នកកាសែតថតផ្តិតយករូបភាពនូវកម្មវិធីទាំងស្រុងបានទេ។ ពោលគឺអ្នកកាសែតអាចថតបានតែកម្មវិធីហែរជំនូនពេលព្រឹកតិចតួច និងថតនៅមុខសាលពិសារភោជនីយអាហារតែប៉ុណ្ណោះ ដែលនាំឲ្យមានមន្ទិលសង្ស័យថា មង្គលការសុគន្ធ នីសា ហាក់មានអាថ៌កំបាំង ខណៈដែលអ្នកខ្លះលើកឡើងថា នីសា ខ្លាចធ្លាក់កូដក្រោយរៀបការ ទើបមិនចង់ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយទូលំទូលាយពីពិធីមង្គលការរបស់ខ្លួន។

តាមគម្រោង ក្រោយរៀបមង្គលការ សុគន្ធ នីសា និងស្វាមី ទៅលំហែរកាយក្រេបទឹកឃ្មុំនៅកោះម៉ាឌីវ មួយរយៈនិងចង់បានកូនភ្លាមៗ បង្កើនសុភមង្គលក្នុងគ្រួសារផងដែរ។ ប៉ុន្តែគេមិនទាន់ដឹងថា ក្រោយក្រាបផ្ទឹមនីសា នឹងអាចប្រជែងការគាំទ្រលើវិថីចម្រៀងបានកម្រិតណានោះទេ៕

RELATED ARTICLES