Thursday, March 28, 2024
Homeតារាខ្មែរតារាល្បីៗចូលរួមសម្ពោធស្នាដៃថ្មី១១កម្មវិធី របស់ទូរទស្សន៍ថោន

តារាល្បីៗចូលរួមសម្ពោធស្នាដៃថ្មី១១កម្មវិធី របស់ទូរទស្សន៍ថោន

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ស្ថានីយទូរទស្សន៍ថោន បានសម្ពោធដំណើរការកម្មវិធីស្នាដៃថ្មីរបស់ខ្លួន ចំនួន១១កម្មវិធី នៅក្លឹបកម្សាន្តថោន ដែលស្ថិតនៅខាងក្រោយក្រសួងអភិវឌ្ឍន៍ជនបទ ខណៈដែលកម្មវិធីនោះមានការចូលរួមអបអរសាទរពីមន្ត្រីតំណាងក្រសួងព័ត៌មាន និងតារាសិល្បៈល្បីៗជាច្រើនរូបផងដែរ។

បើទោះបីទូរទស្សន៍ថោន ទើបបើកដំណើរការក្រោយគេ ប៉ុន្តែមានការចាប់អារម្មណ៍ថា ទាញបានការចាប់អារម្មណ៍អ្នកចូលរួមទស្សនាគួរឲ្យកត់សម្គាល់ តាមរយៈការចាក់ផ្សាយភាពយន្តខ្មែរ ភាពយន្តបរទេស បទចម្រៀង និងកម្មវិធីកម្សាន្តមួយចំនួនជាដើម។ ជាពិសេស កម្មវិធី “ដូច្នឹងផង!” ដែលកំពុងទាញបានការគាំទ្រយ៉ាងខ្លាំង ទាំងនៅតាមកញ្ចក់ទូរទស្សន៍ តាមយូធូប និងហ្វេសប៊ុក ជាដើម។

ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ កន្លងទៅនេះ ថោន បានបើកសម្ពោធកម្មវិធីស្នាដៃថ្មីរបស់ខ្លួន ចំនួន១១កម្មវិធី ដែលឈ្មោះកម្មវិធីនីមួយៗមានភាពទាក់ទាញ ដូចជា កម្មវិធី “ដូច្នឹងផង” , “ដូច្នឹងKids” , “កំប្លែងហ្មង”, “អន្ទិតព្រោកអន្ទិតប្រាជ្ញ!” , “មួយណាជាការពិត?” , “ចុមបាក់ចង្កេះហ្មង” , «សមរភូមិបៃតង” , “អ្នកក្លាហានស្រុកខ្ញុំ”, “ឆ្ងាញ់ទេ?” , “Lovely night” និងកម្មវិធី “Happy life show” ជាដើម។

តារាល្បីៗជាច្រើនដែលចូលរួមនៅក្នុងកម្មវិធីនោះ បានបង្ហាញពីអារម្មណ៍ពេញចិត្តចំពោះកម្មវិធីដែលបង្កើតថ្មីទាំងនោះយ៉ាងក្រៃលែង ខណៈដែលពួកគេនឹងមានឱកាសចូលរួមសម្ដែងនៅក្នុងកម្មវិធីទាំងនោះផងដែរ។ ត្បិតអីរាល់កម្មវិធីបង្កើតថ្មីៗ ថោន ហ៊ានបោះទុនធំផលិតជ្រើសរើសតារាល្បីៗឲ្យចូលរួមសម្ដែង ដើម្បីទាញបានការគាំទ្រ ដោយមិនខ្វល់ពីការចំណេញឬខាត។

លោកប៊ុន រតនា នាយកគ្រប់គ្រងការផលិតរបស់ទូរទស្សន៍ថោន បានថ្លែងឲ្យដឹងថា “ថោន បង្កើតកម្មវិធីស្នាដៃថ្មីៗ ដើម្បីតម្រូវចិត្តទស្សនិកជន ព្រោះយល់ថា ទស្សនិកជនចូលចិត្តអ្វីដែលថ្មីៗ ប្លែកៗ។ ម្យ៉ាងទៀតការព្យាយាមប្រឹងប្រែងបង្កើតស្នាដៃថ្មីដោយកូនខ្មែរនេះ ក៏ដើម្បីជួយបង្កើនការងារដល់តារាសិល្បៈ ក៏ដូចជាចង់លើកស្ទួយវិស័យសិល្បៈផងដែរ ខណៈដែលថោន គ្មានគម្រោងចម្លងកម្មវិធីកម្សាន្តពីបរទេសនោះទេ។ លោកថា ការបង្កើតស្នាដៃថ្មីនេះ គឺគ្មានបំណងប្រកួតប្រជែងជាមួយកម្មវិធីរបស់ទូរទស្សន៍ណាមួយដែលទិញកម្មសិទ្ធិ ឬចម្លងកម្មវិធីរបស់បរទេសនោះទេ ប៉ុន្តែលោកមានជំនឿចិត្តថា ការបង្កើតស្នាដៃថ្មីដោយកូនខ្មែរដែលមានគុណភាព និងទទួលបានការគាំទ្រពីកូនខ្មែរ។

លោកអះអាងថា “ថោន មិនខ្វល់ពីការចំណាយទេ សំខាន់ត្រូវតែផលិតកម្មវិធីនីមួយៗឲ្យមានគុណភាពខ្ពស់ ដើម្បីតម្រូវចិត្តទស្សនិកជន។ ជាក់ស្តែង ដូចកម្មវិធី “ដូច្នឹងផង!” ថោន គឺផលិតដោយមិនខ្វល់ពីការចំណាយដែលមានតារាល្បីៗជាច្រើនចូលរួមសម្ដែងហើយជាលទ្ធផលពិតជាទទួលបានការគាំទ្រជាទីគាប់ចិត្ត។ លោកថា រាល់កម្មវិធីបង្កើតថ្មីដោយស្នាដៃកូនខ្មែរ ដែលបើកដំណើរការផលិត និងត្រៀមចាក់ផ្សាយនៅដើមឆ្នាំ២០១៨ ខាងមុខនេះ នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ក៏ព្រោះតែរាល់កម្មវិធីនីមួយៗ មានការសម្រិតសម្រាំងជាខ្លាំង ខណៈដែលថោន ក៏គ្រោងផលិតភាពយន្តជាបន្តបន្ទាប់ទៀតផងដែរ ដើម្បីចាក់ផ្សាយនៅក្នុងម៉ោងមាស។

លោកផូស សុវណ្ណ ប្រធាននាយកដ្ឋានសោធទស្សន៍ បានបង្ហាញចំណាប់អារម្មណ៍ចំពោះទូទស្សន៍ថោន ដែលបង្កើតកម្មវិធីស្នាដៃថ្មីថា “ជាការល្អបំផុតដែលថោន ព្យាយាមបង្កើតកម្មវិធី និងភាពយន្តដែលជាស្នាដៃកូនខ្មែរ គឺលោកពិតជាត្រេកអរ ព្រោះបានជួយគាំទ្រដល់សិល្បៈករ និងលើកស្ទួយវិស័យសិល្បៈខ្មែរ។ លោកថា ស្ថានីយទូទស្សន៍ដទៃទៀត គួរតែកាត់បន្ថយចម្លងកម្មវិធីពីបរទេស ពីព្រោះធ្វើឲ្យសិល្បករសិល្បការិនីមិនអាចរីកចម្រើនបាន ដូច្នេះគួរតែងាកមកផលិតអ្វីដែលជាស្នាដៃរបស់ខ្លួនឲ្យបានច្រើនជាងការចម្លងពីគេ ដើម្បីជួយដល់វិស័យសិល្បៈ ខណៈដែលក្រសួងព័ត៌មានក៏មានវិធានការទប់ស្កាត់ការចម្លងកម្មវិធី និងការដាក់បញ្ចាំងភាពយន្តបរទេសផងដែរ៕

RELATED ARTICLES