ឡូយមែន! វណ្ណា វត្តី ចេញពី BN សម្រុកផលិតបទ Original song ប្រជែងទីផ្សារ

0
328

តារាសម្ដែងនិងជាតារាចម្រៀងរូបស្រស់ កញ្ញាវណ្ណា វត្តី ទើបតែសម្រេចចិត្តចេញពីផលិតកម្ម BN ស្រាប់តែមកសម្រុកចេញបទOriginal song ប្រជែងទីផ្សារ ខណៈដែលនាងទើបចេញបទថ្មីក្ដៅៗ ដែលមានចំណងជើងថា “អនុស្សាវរីយ៍គ្មានន័យ” ដែលច្រៀងចម្រុះរហូតដល់៣ភាសា មានទាំងភាសាខ្មែរ ថៃ និងរ៉េប ជាភាសាអេស្ប៉ាញ ជាដើម ហើយកំពុងទាញបានការចាប់អារម្មណ៍នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។

វត្តី បានថ្លែងឲ្យដឹងថា “នាងទើបសម្រេចចិត្តចេញពីផលិតកម្ម BN មកផលិតបទ Original song ដោយខ្លួនឯង ដោយសារតែផលិតកម្មចេញបទឲ្យនាងយឺតពេក ហើយនាងទើបតែចេញ MV បទ “អនុស្សាវរីយ៍គ្មានន័យ” ថ្មីៗនេះ។ នាងថា បទនេះនាងរួមជាមួយក្រុមការងារបានសម្រិតសម្រាំងជាខ្លាំងដែលបានច្រៀងបញ្ចូលគ្នា៣ភាសា ដែលក្នុងនោះនាងច្រៀងភាពសាខ្មែរនិងថៃ ហើយមានឌីជេមា្នក់ច្រៀងនិងរ៉េបជាភាសាអេស្ប៉ាញ។ ពោលគឺបទនេះមានលក្ខណៈប្លែក និងថ្មីសន្លាងតែម្ដង ដែលផុសចេញពីគំនិតច្នៃប្រឌិតរបស់នាងផ្ទាល់ ដោយពុំបានកូពីពីគេនោះទេ ខណៈដែលមេឡូឌី ក៏ថ្មីសន្លាងដែរ។

វត្តី បានឲ្យដឹងថា​ “ក្រោយពេលបទនេះបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូប មានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន​។ ប៉ុន្តែទន្ទឹមនឹងនោះក៏មានមជ្ឈដ្ឋានខ្លះរិះគន់ថា នាងចង់លើកស្ទួយភាសាថៃទៅវិញ តែនាងចង់បញ្ជាក់ថា នាងគ្មានបំណងលើកស្ទួយភាសាថៃទេ គឺគ្រាន់តែចង់ធ្វើឲ្យប្លែក ដើម្បីបម្រើអារម្មណ៍ទស្សនិកជនតែប៉ុណ្ណោះ។ ម្យ៉ាងក្នុងបទនេះមានចម្រុះ៣ភាសា ពុំមែនតែភាសាថៃ នោះទេ សូមបងប្អូនកុំយល់ច្រឡំ។

តារាចម្រៀងកំពុងដណ្ដើមបានភាពលេចធ្លោរូបនេះ ក៏បានឲ្យដឹងដែរថា “អំឡុងពេលនេះ នាងកំពុងប្រឹងប្រែងផលិតបទ Original song ដែលមានទាំងបទមនោសញ្ចេតនា និងបទញាក់ ព្រមទាំងសម្រិតសម្រាំងក្បាច់រាំ និងបង្កើតក្រុមរាំផងដែរ។ នាងថា បច្ចុប្បន្ននេះ រាល់បទចម្រៀងរបស់នាងត្រូវបានបង្ហោះនៅលើ Youtube , facebook Page និងហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Vanna votey » សិន ដែលពេលខាងមុខ នាងមានគម្រោងចេញនៅលើថាសស៊ីឌីតែម្ដង។

វត្តី បានឲ្យដឹងដែរថា “នាងបានចេញបទចម្រៀង Original song បានជាច្រើនបទហើយ ដូចជាបទ “អូនមកដល់ហើយ”, “កាលអូននៅក្មេង”, “គន្ទ្រប់យាយ” , “សែនឆ្ងល់ចិត្តប្រុស” និងបទ ”អនុស្សាវរីយ៍ឥតន័យ” ដែលទើបចេញក្ដៅៗ ខណៈដែលនាងប្រឹងប្រែងធ្វើបទទាំងនេះ ដោយសារតែការស្រលាញ់ និងចង់លើកស្ទួយវិស័យចម្រៀងខ្មែរ ដោយមិនចង់ឲ្យមានការលួចចម្លងពីគេ ហើយនាងរំពឹងថា បទ Original song របស់ខ្លួននឹងជោគជ័យទទួលបានការគាំទ្រលើកទឹកចិត្តពីទស្សនិកជន៕