Wednesday, April 24, 2024
Homeព័ត៌មានជាតិឪក្មេកគប់បែកពាង កូនប្រសាសងវិញបែកថ្ងាស គ្មានសង្ឃឹមរស់

ឪក្មេកគប់បែកពាង កូនប្រសាសងវិញបែកថ្ងាស គ្មានសង្ឃឹមរស់

ខេត្តតាកែវ ៖ បុរសម្នាក់ ព្រោះតែខឹងសម្បានឹងឪពុកក្មេកដែលជាមនុស្សស្រវឹងខួប ទាញដុំថ្មគប់ចូលផ្ទះរបស់ខ្លួន បណ្តាលឱ្យបែកពាងទឹកអស់1 ក៏ស្ទុះទៅរើសដុំថ្មនោះគប់សំដៅឪពុកក្មេកវិញ បណ្តាលឱ្យបែកថ្ងាសរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែគ្រូពេទ្យប្រាប់ថា គ្មានសង្ឃឹមទេ ទើបដឹកត្រឡប់មកផ្ទះវិញ រង់ចាំតែដង្ហើមចុងក្រោយប៉ុណ្ណោះ។

ករណីអំពើហិង្សាខាងលើនេះ កើតឡើង កាលពីវេលាម៉ោង8និង25នាទីព្រឹក ថ្ងៃទី16 ខែធ្នូ ឆ្នាំ2017 នៅចំណុចភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង។

ជនសង្ស័យដែលគប់ឪពុកក្មេកបែកថ្ងាសរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះម៉ែន សុវត្ថិ ភេទប្រុស អាយុ 39ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះសួន កែវ អាយុ57ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សប្រមឹក តែងដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងឧស្សាហ៍រករឿងឈ្លោះប្រកែកជាមួយក្រុមគ្រួសារណាស់ ហើយក៏ធ្លាប់វាយបំផ្លាញទ្រព្យសម្បត្តិជាញឹកញាប់ដែរ។ នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី16 ខែធ្នូ ឆ្នាំ2017 ជនរងគ្រោះបន្ទាប់ពីផឹកស្រាស្រវឹងជោក ក៏បានរករឿងឈ្លោះប្រកែកជាមួយជនដៃដល់ជាកូនប្រសា ព្រមទាំងបានទាញដុំថ្មគប់សំដៅផ្ទះជនដៃដល់ បណ្តាលឱ្យបែកពាងទឹកអស់1ទៀតផង ទើបធ្វើឱ្យជនបង្កហេតុខឹងសម្បា ក៏ស្ទុះទៅរើសដុំថ្មនោះ គប់សំដៅជនរងគ្រោះជាឪពុកក្មេកវិញ បណ្តាលឱ្យចំថ្ងាសបែកហូរឈាមរងរបួសធ្ងន់។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ប៉ុន្តែពេលដឹកទៅដល់ក្រុមគ្រូពេទ្យពិនិត្យ និងរុំមុខរបួសឱ្យរួចហើយបានប្រាប់ថា ជនរងគ្រោះមិនមានសង្ឃឹមថា នឹងអាចព្យាបាលជាឡើយ ទើបក្រុមគ្រួសារសម្រេចដឹកត្រឡប់មកផ្ទះវិញ រង់ចាំតែដង្ហើមចុងក្រោយប៉ុណ្ណោះ។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី17 ខែធ្នូ ឆ្នាំ2017 កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្លឹក បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ែន សុវត្ថិ ពាក់ព័ន្ធករណីឃាតកម្មដែលប្រព្រឹត្តទៅលើជនរងគ្រោះជាឪពុកក្មេក កាលពីថ្ងៃទី16 ខែធ្នូ ឆ្នាំ2017 វេលាម៉ោង08និង25នាទី។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា រូបគេពិតជាបានគប់ទៅលើជនរងគ្រោះជាឪពុកក្មេក1ដុំថ្ម បណ្តាលឱ្យរងរបួសធ្ងន់ប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងនឹងឪពុកក្មេកយកដុំថ្មគប់សំដៅផ្ទះរបស់ខ្លួន បណ្តាលឱ្យបែកពាងទឹកអស់មួយ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES