Thursday, March 28, 2024
Homeព័ត៌មានជាតិមកពីផឹកស្រវឹងផង មកដល់ផ្ទះប្រពន្ធរអ៊ូង៉ូវៗសង្កៀរត្រចៀកពេក ស្ទុះទាញទូរទស្សន៍បោកចោល និងប្រមូលខោអាវដុតចោល

មកពីផឹកស្រវឹងផង មកដល់ផ្ទះប្រពន្ធរអ៊ូង៉ូវៗសង្កៀរត្រចៀកពេក ស្ទុះទាញទូរទស្សន៍បោកចោល និងប្រមូលខោអាវដុតចោល

ខេត្តកំពង់ស្ពឺ ៖ បុរសចិត្តក្តៅម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកត្រឡប់មកដល់ផ្ទះវិញ ត្រូវប្រពន្ធរអ៊ូរទាំសង្កៀរត្រចៀកពេក ក៏ស្ទុះទៅប្រមូលសម្លៀកបំពាក់មកគរដុតបំផ្លាញចោល បណ្តាលឱ្យឆេះទាំងជញ្ជាំងផ្ទះមួយប្រឡោះទៀតផង ទើបធ្វើឱ្យប្រពន្ធទ្រាំនឹងទង្វើប្តីកំណាចលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ប្តីចិត្តភ្លើងនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ប្តីស្រវឹងខឹងរឿងប្រពន្ធពូកែរអ៊ូ ប្រមូលខោអាវដុតឆេះរាលទាំងជញ្ជាំងផ្ទះ១ប្រឡោះផងនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង។

បុរសជាប្តីដែលបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនោះ មានឈ្មោះឌី សុខលីម ហៅព្រីង អាយុ២៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ប្រុស ស្រីឡែន អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបង្កហេតុជាប្តី គឺជាមនុស្សអត់មានការងារធ្វើ​រស់នៅពឹងលើកម្លាំងប្រពន្ធជាអ្នករកស៊ីចិញ្ចឹម មិនតែប៉ុណ្ណោះ បុរសជាប្តីនេះចូលចិត្តផឹកស្រាស្រវឹងអួទីនួ និងមានចរិតឆេវឆាវខ្លាំងណាស់ គ្រាន់តែប្រពន្ធនិយាយស្តីលើសលួសតិចតួច ​តែងប្រកាន់ខឹងរករឿងឈ្លោះប្រកែកគ្នាមិនស្វាង ចំណែកស្ត្រីជាប្រពន្ធក៏មានចរិតកាចឆ្នាស់ ពូកែរអ៊ូរទាំច្រើនផងដែរ។

ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុខាងលើ បុរសជាប្តីទើបនឹងត្រឡប់មកពីផឹកស្រាវិញស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះ ក៏ត្រូវប្រពន្ធរអ៊ូរទាំ ស្តីថាឱ្យប្តីមុខក្រោយ រហូតធ្វើឱ្យបុរសជាប្តីចិត្តភ្លើងច្រឡោតខឹង ក៏ស្ទុះទៅលើកទូរទស្សន៍យកមកបោក រួចដើរទៅប្រមូលសម្លៀកបំពាក់ក្នុងផ្ទះយកមកដាក់គរលើទូរទស្សន៍ ហើយក៏ដុតកំទេចចោល ធ្វើឱ្យភ្លើងបានឆេះរាលដល់ជញ្ជាំងផ្ទះមួយប្រឡោះទៀតផង និងត្រូវបានស្ត្រីជាប្រពន្ធស្រែកឆោឡោហៅអ្នកជិតខាងជួយពន្លត់ទាន់ពេល កុំអីច្បាស់ជាឆេះផ្ទះហ្មត់ គ្មានជម្រកស្នាក់នៅមិនខាន។

ក្រោយកើតហេតុ ដោយសារតែស្ត្រីជាប្រពន្ធអត់ទ្រាំនឹងទង្វើរបស់ប្តីចិត្តភ្លើងតទៅទៀតលែងបាន ទើបសម្រេចរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តីនាំយកមកសាកសួរនៅអធិការដ្ឋានស្រុកសំរោងទង។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលប្រពន្ធប្តឹងចោទប្រកាន់ពិតមែន មូលហេតុដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ណាមួយធុញទ្រាន់នឹងប្រពន្ធពូកែរអ៊ូរទាំង៉ូវៗក្បែរត្រចៀកពេក ទើបក្តៅចិត្តប្រមូលខោអាវយកមកដុត ធ្វើឱ្យឆេះរាលដល់ជញ្ជាំងផ្ទះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធិី៕

RELATED ARTICLES