Friday, March 29, 2024
Homeព័ត៌មានជាតិចាស់ស្តីប្រដៅរឿងផឹកសុី ក្មេងឈាមរាវចងគំនុំក្នុងចិត្ត ទាញកាំបិតកាប់រយះក្បាល

ចាស់ស្តីប្រដៅរឿងផឹកសុី ក្មេងឈាមរាវចងគំនុំក្នុងចិត្ត ទាញកាំបិតកាប់រយះក្បាល

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ធ្លាប់ត្រូវបានបុរសចំណាស់រស់នៅភូមិជាមួយគ្នា ស្តីប្រដៅពីរឿងដើរផឹកស៊ី រួចក៏ចងគំនុំទុកក្នុងចិត្ត លុះឃើញជនរងគ្រោះដើរមកពីរើសខ្វិតវិញ ក៏ទាញកាំបិតកាប់ប្រហារជនរងគ្រោះទាំងកំរោល បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិព្រែកផ្តៅឃុំ រកាកោងទី១ ស្រុកមុខកំពូល។

បុរសរងគ្រោះដែលត្រូវក្មេងស្ទាវកាប់១កាំបិតរយះក្បាល មានឈ្មោះភិន ផែ អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ រងរបួសត្រង់ក្បាលខាងក្រោយផ្នែកខាងឆ្វេង ដេរ០៥ថ្នេរ។ ចំណែកជនដៃដល់មានឈ្មោះអុំ សម្រស់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីប៉ុន្មានថ្ងៃមុន ជនរងគ្រោះធ្លាប់បានស្តីបន្ទោសជនសង្ស័យពីរឿរដើរលេងផឹកស៊ី ទើបធ្វើឱ្យជនសង្ស័យមានគំនុំក្នុងចិត្តរហូតមក។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានដើរទៅរើសខ្វិតនៅចម្ងាយពីផ្ទះ១៥០ម៉ែត្រ តែរើសខ្វិតមិនបាន ក៏ដើរត្រឡប់មកផ្ទះវិញ គាប់ជួនពេលដើរមកដល់ចំណុចកើតហេតុ ក៏បានជួបនឹងជនសង្ស័យ ប៉ុន្តែជនរងគ្រោះមិនបានចាប់អារម្មណ៍ ឬនឹកគិតដល់ថា ជនសង្ស័យមានគំនុំជាមួយខ្លួននោះទេ ទើបបានដើរហួសជនសង្ស័យចម្ងាយប្រមាណ២ម៉ែត្រ ស្រាប់តែជនសង្ស័យទាញកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ១កាំបិត ចំក្បាលពីក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយពីកាប់ប្រហារជនរងគ្រោះរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃដដែល ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរកាកោងទី១  ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដីចំការស្វាយឈ្មោះជ័យ នី ស្ថិតនៅខាងក្រោយភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល  រួចក៏នាំមកធ្វើការសាកសួរ តែជនសង្ស័យមិនឆ្លើយសារភាពទេ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការសាកសួរ និងចាត់ការបន្តចតាមនីតិវិធី៕

RELATED ARTICLES