Tuesday, April 23, 2024
Homeព័ត៌មានជាតិ៥នាក់ដេញវាយ៣នាក់ ស្លាប់២នាក់ សមត្ថកិច្ចឃាត់ខ្លួន៦នាក់

៥នាក់ដេញវាយ៣នាក់ ស្លាប់២នាក់ សមត្ថកិច្ចឃាត់ខ្លួន៦នាក់

ភ្នំពេញ ៖ មនុស្ស២នាក់ បានស្លាប់ និងម្នាក់រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់ទៀត មិនមានរងរបួស ខណៈជនដៃដល់មួយក្រុម មានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដំបងឈើ ដេញស្ទាក់ វាយជនរងគ្រោះ៣នាក់ ជិះម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ចូលឈានថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះនួន សូរិយា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះរបួសធ្ងន់ ឈ្មោះងួន សុវណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀន នៅអនុវិទ្យាល័យសាមគ្គី ភូមិចម្ការចេក ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានស្រុកកំណើតភូមិកសិករ ឃុំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត តែទំនេរឆ្លៀតមកលេង និងស្នាក់នៅជាមួយប្រពន្ធឈ្មោះនួន សេងលី អាយុ២៧ឆ្នាំ បុគ្គលិករត់តុហាង ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុខាងលើ។ ដោយឡែក ភាគីក្រុមបង្កហេតុ ស្លាប់ម្នាក់ ឈ្មោះជឿន មុន្នីរ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ រីឯបក្ខពួក៤នាក់តៀត រួមមានទី១-ឈ្មោះអុន សុផេន ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១។ ទី២-ឈ្មោះ វន វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១។ ទី៣-ឈ្មោះវី សារី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១។ ទី៤-ឈ្មោះហេង សុខហៀន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១។

តាមសម្តីជនរងគ្រោះឈ្មោះងួន សុវណ្ណៈ បានឱ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយមិត្តភក្តិផ្ទះជួលជាប់គ្នា ឈ្មោះនួន សូរិយា (ស្លាប់) និងមិត្តភក្តិម្នាក់ទៀត សរុបគ្នា៣នាក់ ផឹកស៊ីនៅផ្ទះជួល រហូតដល់វេលាម៉ោង១១យប់ ទើបចែកផ្លូវគ្នា ហើយខ្លួន២នាក់ជនរងគ្រោះនួន សូរិយា បានបើកម៉ូតូទៅហូបបបរស នៅផ្សារដើមគ លុះដល់វេលាម៉ោង១២អធ្រាត្រ វិលមកវិញ ឆៀងចូលដឹកប្រពន្ធដែលបញ្ចប់ម៉ោងការងារនៅហាង ដោយជិះម៉ូតូជាមួយគ្នា៣នាក់ កាត់តាមផ្លូវទួលពង្រ មកដល់ស្ពានជួប ជនសង្ស័យមួយក្រុមគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង បានគប់ដបទឹកសុទ្ធមកលើខ្លួន ឃើញដូច្នោះ គ្រាន់តែសួរថា ហេតុអ្វីបានមករករឿងគប់ខ្ញុំទៅវិញ? ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូដេញតាមរហូតដល់មុខផ្ទះជួល ក្បែររោងទឹកត្នោតជូរ ឈប់ម៉ូតូ ហៅឪពុកម្តាយឱ្យបើកទ្វារ ក៏ត្រូវបានក្រុមជនសង្ស័យប្រដាប់ដោយដំបងឈើ ចុះមកវាយសំពង បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ហើយស្លាប់ម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកប្រពន្ធមិនមានរងរបួសទេ។

ក្រោយពីផ្ទុះជម្លោះហិង្សា បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស សមត្ថកិច្ចបានចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុឃាត់ខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធក្នុងរឿងខាងលើ ភាគីខាង៣នាក់ ប៉ូលិសឃាត់ខ្លួន២នាក់ប្តីប្រពន្ធ។ ចំណែកភាគីខាង៥នាក់ ប៉ូលិសឃាត់ខ្លួន៤នាក់។

តាមនគរបាលបានបញ្ជាក់ថា ដើមចមនៃអំពើហិង្សាខាងលើនេះ គឺក្រុម៥នាក់លើកគ្នាទៅស្ទាក់វាយ ខាងភាគីដែលមានគ្នា៣នាក់ កើតជារឿងវាយទៅវាយមក បណ្តាលឱ្យស្លាប់២នាក់របួសធ្ងន់ម្នាក់។

សរុបមនុស្ស៦នាក់ ពាក់ព័ន្ធក្នុងករណីខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយម៉ូតូ៣គ្រឿង យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES