Saturday, April 20, 2024
Homeព័ត៌មានជាតិឈ្លោះជាមួយប្រពន្ធ ទប់កំហឹងមិនបាន ដុតស្រូវឳក្មេកនិងប្អូនថ្លៃ ទើបនឹងច្រូតហើយ

ឈ្លោះជាមួយប្រពន្ធ ទប់កំហឹងមិនបាន ដុតស្រូវឳក្មេកនិងប្អូនថ្លៃ ទើបនឹងច្រូតហើយ

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ទប់កំហឹងមិនបាន រួចក៏បានទៅដុតស្រូវរបស់ឪពុកក្មេក និងប្អូនថ្លៃរបស់ខ្លួន ដែលទើបនឹងច្រូតហើយនៅឯស្រែ ហើយត្រូវប្រពន្ធប្តឹងសមត្ថកិច្ចចាប់ខ្លួន ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចវាលស្រែ ក្នុងភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម។

ប្រភពពីលោកឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានឱ្យដឹងថា នៅថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង៨និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ បានទទួលបណ្តឹងពីឈ្មោះយ៉ន សារឿន ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរនៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម បានប្តឹងថា ឈ្មោះស៊ិម សុខឃឿន អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្តី) របស់នាងបានឈ្លោះប្រកែកគ្នាជាមួយនាង ស្រាប់តែប្តីនេះត្រឡេតតោកតាងដូចកំរោលចូល រត់ទៅដុតស្រូវដែលច្រូតរួចនៅក្នុងស្រែអស់ចំនួន២ធ្នឹម និងដុតស្រូវរបស់ឪពុកក្មេក១ធ្នឹម ដុតស្រូវរបស់ប្អូនថ្លៃ១ធ្នឹម។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងសម្ថកិច្ចស្រុកកំពង់សៀម និងប៉ុស្តិវិហារធំ បានចុះដល់កន្លែងកើតហេតុ រកឃើញការពិតថា បុរសខាងលើពិតជាកំហឹងទល់កំហល់ ខឹងគោវ៉ៃរទេះ ឬខឹងប្រពន្ធ ធ្វើអីប្រពន្ធមិនកើត ក៏រត់ទៅដុតស្រូវចោល ដែលប្រឈមនឹងច្បាប់ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្យ័យយកមកអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងតាមនិតិវិធី៕

RELATED ARTICLES