ប្រុសដាល់៥ដៃ ខឹងស្រីទារយកបាសនិងទូរស័ព្ទ ពេលស្តាប់ចម្រៀងមិនទាន់អស់ចិត្ត

0
329

ភ្នំពេញ ៖ យុវជនម្នាក់ បានខ្ចីទូរស័ព្ទ និងបាស់ពីនារីវ័យក្មេងម្នាក់ ស្នាក់នៅបន្ទប់ជួលក្បែរគ្នាយកទៅស្តាប់ចម្រៀង លុះពេលនារីរងគ្រោះដើរទៅទារយកបាស និងទូរស័ព្ទមកវិញ ស្រាប់តែខាងប្រុសដែលកំពុងជក់ស្តាប់បទចម្រៀងមិនទាន់អស់ចិត្ត បែរជាច្រឡោតខឹងស្ទុះទៅដាល់នារីរងគ្រោះចំនួន៥ដៃ បណ្តាលឱ្យបែកមាត់ និងពកក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល តាមបណ្តោយផ្លូវលំ ក្រុម១៩ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

ជនបង្កហេតុដែលខ្ចីបាស់គេមកស្តាប់ចម្រៀង លុះពេលម្ចាស់ទារវិញ បែរជាផ្ទុះកំហឹងប្រើហិង្សាដាល់គេ៥ដៃបែកមាត់នេះ មានឈ្មោះ ហ៊ិន សុខា ហៅបារាំង អាយុ២៣ឆ្នាំ មុខរបរកម្មករ មានលំនៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះនោះ មានឈ្មោះឈិន ស្រីល័ក្ខ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលក្បែរគ្នាជាមួយជនបង្កហេតុ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនបង្កហេតុខាងលើបានមកខ្ចីទូរស័ព្ទ និងបាស់របស់នាង ដោយប្រាប់ថា យកទៅចាក់ចម្រៀងស្តាប់មួយភ្លែត ចំណែកនាងក៏មិនចិត្តអាក្រក់អ្វីីដែរ ក៏ឱ្យជនបង្កហេតុយកទៅស្តាប់ចម្រៀងនៅក្នុងបន្ទប់គេបាត់ទៅ។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ នាងក៏បានដើរទៅសួរជនបង្កហេតុ បំណងទារយកទូរស័ព្ទ និងបាស់ត្រឡប់មកវិញ ស្រាប់តែពេលនាងសាកសួរមិនទាន់ផុតពីមាត់ផង ជនបង្កហេតុបែរជាផ្ទុះកំហឹងស្ទុះមកដាល់នាងទាំងកំរោល ចំនួន៥ដៃ បណ្តាលឱ្យរងរបួសបែកមាត់ហូរឈាម និងពកក្បាលពីខាងក្រោយតែម្តង និងបង្កឱ្យមានការផ្អើលឆោឡោដល់អ្នកជិតខាង ជួយចាប់ឃាត់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ក្រោយកើតមានអំពើហិង្សាខាងលើ គេឃើញលោកតូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានដឹកនាំកំលាំងនគរបាលប៉ុស្តិ៍ ចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួន ជនបង្កហេតុនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុឈ្មោះហ៊ិន សុខា ហៅបារាំង បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើហិង្សាដាល់នារីរងគ្រោះប្រាកដមែន មូលហេតុដោយសារតែរូបគេខឹងនឹងនារីរងគ្រោះ ដែលមកទារយកទូរស័ព្ទ និងបាស់របស់នាងទៅវិញ ខណៈដែលខ្លួនកំពុងជក់ស្តាប់ចម្រៀងមិនទាន់អស់ចិត្តនៅឡើយ។

ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតីវិធី៕