Thursday, April 25, 2024
Homeតារាខ្មែរយក់ ថិតរដ្ឋា ឆក់បានតំណែងតួឯករឿងដុំ ខណៈកំពុងមមាញឹកជាមួយអាជីពចម្រៀង

យក់ ថិតរដ្ឋា ឆក់បានតំណែងតួឯករឿងដុំ ខណៈកំពុងមមាញឹកជាមួយអាជីពចម្រៀង

យក់ ថិតរដ្ឋា នៅទ្រឹងនៅពេលដែលនាងបោះបង់ផលិតកម្មរស្មីហង្សមាស ស្រវាជ្រកក្រោមដំបូលផលិតកម្មថោន រយៈពេលជិត១ឆ្នាំនេះ ដោយមិនទាន់ធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលឡើយ ព្រោះតែបទចម្រៀងនៅលើទីផ្សារមានកម្រិតនៅឡើយ ស្របពេលដែលមហាជនមើលឃើញថា មាស សុខសោភា នៅតែជាតួឯកសំខាន់របស់ផលិតកម្មថោន ដដែល។

ក្នុងជំនួបផ្ទាល់ តារាចម្រៀងយក់ ថិតរដ្ឋា បានឱ្យដឹងថា នាងមានការមមាញឹកធម្មតាជាមួយអាជីពចម្រៀង ហើយពេលនេះបានចេញច្រៀង Concert ជាហូរហែដែរ តែរឿងថា ទីផ្សារបានប៉ុនណានោះ គឺទុកឱ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។

យក់ ថិតរដ្ឋា រៀបរាប់ថា “ខ្ញុំចេញច្រៀងជាហូរហែដែរហ្នឹង រវល់ខ្លះៗដែរតើបង! ចំពោះការធ្វើបទចម្រៀងវិញ គឺដោយសារតែថោន មានអ្នកចម្រៀងច្រើន អីចឹងត្រូវតែមានការបែងចែកគ្នាអ៊ីចឹងហើយ។ មេខ្ញុំគាត់ល្អណាស់ គឺគាត់ចង់ឱ្យតែកូនចៅល្អ រកលុយបាន អីចឹងហើយពេលខ្ញុំទៅច្រៀងអី គាត់មិនទាំងកាត់លុយអីយើងទេ។ ខ្ញុំគ្មានបញ្ហាអីជាមួយបទចម្រៀងតិច ឬច្រើនអីទេ គឺក្រុមហ៊ុនគាត់មានការបែងចែកត្រឹមត្រូវ ហើយក៏មិនមែនគាត់លើកតែមាស សុខសោភា ដែរ គឺស្មើៗគ្នាហ្នឹង!”។

តាមព័ត៌មានថា មិនត្រឹមតែប្រឹងស្ទុះស្ទាក្នុងការច្រៀងរាំឡើងវិញ ដូចកាលនៅក្រមុំនោះ ឡើយ តែពេលនេះយក់ ថិតរដ្ឋា ថែមទាំងចង់ល្បីក្នុងការថតភាពយន្តដូចមុនទៀតផង ទើបនាងឆក់បានតំណែងក្នុងតួឯកភាពយន្តថ្មី ក្នុងរឿងដុំមួយ ដែលនឹងត្រូវចេញថតក្នុងពេលឆាប់ៗនេះហើយ។

ប្រភពបានឱ្យដឹងថា រដ្ឋា ថែមទាំងបានតម្លៃខ្លួនថ្លៃទៀតផង ទើបនាងព្រមចូលថតរឿងថ្មីនេះ។

យក់ ថិតរដ្ឋា និយាយលាយសំណើចថា “និយាយទៅ ខ្ញុំព្រមទទួលថតរឿងថ្មីមួយហ្នឹងមែន។ ខាងថោន ក៏គាត់បានអនុញ្ញាតដែរ មិនថាអីទេ ព្រោះមុនខ្ញុំកុងត្រាហ្នឹង ក៏យើងបាននិយាយគ្នាដែរ គឺខ្ញុំអាចថតរឿងដុំបាននៅខាងក្រៅ តែបើរឿងភាគ គឺគាត់មិនឱ្យថតឱ្យខាងក្រៅទេ។ ការដែលខ្ញុំឆ្លៀតថតរឿងថ្មីនេះ ព្រោះអីការថតត្រឹមតែ២សប្តាហ៍ទេ អីចឹងខ្ញុំអាចថតបាន។ ម៉្យាងទៀតសាច់រឿងហ្នឹងល្អ គាត់ឱ្យយើងជាតួឯកដែរ តែខ្ញុំមិនអាចប្រាប់លម្អិតជាងនេះទេ ព្រោះខាងផលិតកម្មគាត់មិនឱ្យនិយាយ។ នៅពេលខាងមុខនេះដែរ ខាងផលិតកម្មថោន ក៏ត្រៀមហៅខ្ញុំថតរឿងភាគថ្មីមួយទៀតរបស់គាត់ដែរ ហើយខ្ញុំរីករាយក្នុងការថតឱ្យគាត់ជានិច្ច។ ពីមុនខ្ញុំធ្លាប់ថតរឿងបាន៦ទៅ៧រឿងដែរ ដូចជារឿងភាគនៅបាយ័ន រឿង “ព្យុះស្នេហ៍យុវវ័យ” ជាដើម ដែលមានការគាំទ្រច្រើន អីចឹងហើយបានជាខ្ញុំនៅតែស្រលាញ់ការថតកុនហ្នឹង”៕

RELATED ARTICLES