បុរសចិត្តខ្លាំង! ខឹងបងថ្លៃស្តីបន្ទោស គប់១ដុំថ្មរបួស

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានជិះម៉ូតូទៅរករឿងអុកឡុកកន្លែងលក់ដូរបងថ្លៃរបស់ខ្លួន ដោយបោកកៅអី និងតុបណ្តាលឱ្យបាក់បែកខូចខាត រួចយកដុំថ្មគបលបងថ្លៃបណ្តាលឱ្យរងរបួសចំដៃខាងឆ្វេង ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចផ្សារមុខរាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនរងគ្រោះជាបងថ្លៃដែលត្រូវប្អូនថ្លៃគប់១ដុំថ្មរងរបួស មានឈ្មោះម៉ាប មាន អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលម្តុំជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ចំណែកជនបង្កជាប្អូនថ្លៃ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីបុរសរងគ្រោះ ឈ្មោះម៉ាប មាន បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធបានប្រកបរបរលក់ដូរចំណីហូបចុកតិចតួចតាមម៉ូតូ និងមានរៀបដាក់តុឱ្យភ្ញៀវហូបនៅលើខឿនសួនច្បារមុខផ្សាររាត្រី ដោយក្នុងនោះ ប្អូនថ្លៃស្រី ត្រូវជាប្រពន្ធជនបង្កក៏បានមកជួយលក់ដូរពួកគាត់ ដែរ។ នៅមុនពេលកើតហេតុ មិនដឹងថា ប្អូនថ្លៃប្រុសគាត់ (ជនបង្ក) មកពីផឹកស៊ីនៅឯណានោះទេ ស្រាប់តែបានមកអុកឡុក រករឿងបោកតុ កៅអីគាត់ បណ្តាលឱ្យបាក់អស់២-៣ រួចហើយជេរប្រមាថប្រពន្ធ និងរូបគាត់យ៉ាងខ្លាំង ប៉ុន្តែរូបគាត់មិនបានតបតនោះទេ។ លុះមិនទាន់អស់កំហឹង ស្រាប់តែប្អូនថ្លៃនោះ បានទាញដុំថ្មគប់មកលើគាត់បណ្តាលឱ្យរងរបួសត្រូវចំដៃឆ្វេង រួចហើយបានស្ទុះមករកវាយគាត់បន្ថែមទៀត តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា។

ចំណែកជនបង្កជាប្អូនថ្លៃវិញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នករស់នៅជិតផ្ទះម្នាក់ បានទូរស័ព្ទមកប្រាប់គាត់ថា ម្តាយគាត់មិនសូវស្រួលខ្លួន ភ្លាមៗនោះគាត់ក៏ទូរស័ព្ទទៅប្រាប់ប្រពន្ធ ប៉ុន្តែដោយសារតែខលទូរស័ព្ទទៅជាច្រើនដងហើយប្រពន្ធគាត់មិនលើក ទើបរូបគាត់ជិះម៉ូតូមកតាមដល់កន្លែងកើតហេតុខាងលើ លុះមកដល់ចខឹងនឹងបងថ្លៃ (ជនរងគ្រោះ) ជេរនិងស្តីបន្ទោស ទើបធ្វើឱ្យគាត់ទប់កំហឹងមិនបាន ក៏បោកកៅអី និងតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ និងសួរនាំទើបដឹងថាជាជំលោះរវាងបងនិងប្អូនថ្លៃ ក៏ជួយសម្របសម្រួលអោយត្រូវគ្នា។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅព្យាបាលនៅមន្ទីរពេទ្យជិតនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធនឹងប្អូនស្រីមិនចង់រឿងរ៉ាវវែងឆ្ងាយ ក៏ឱ្យជនបង្កត្រូវជាប្តីត្រឡប់ទៅផ្ទះវិញបាត់ទៅ៕