ប្តីដេញវ៉ៃប្រពន្ធ ខឹងគេឃាត់ ផ្ទុះជំលោះកាប់គ្នា

ខេត្តកណ្តាល ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីផឹកស៊ីស្រវឹងជោកជាំ ក៏ស្រែកឡូឡាជេរប្រមាថ និងដេញវាយប្រពន្ធរបស់ខ្លួន តែសំណាងល្អ ស្ត្រីជាប្រពន្ធរត់គេចទាន់ លុះបុរសជាកម្មករសំណង់ស្នាក់នៅក្បែរគ្នា ឃើញទើសភ្នែកពេក ក៏ចេញទៅជួយឃាត់ ស្រាប់តែបុរសស្រវឹង ផ្ទុះកំហឹងទាញកាំបិតប៉័ងតោកាប់ប្រហារបុរសរូបនោះ១កាំបិត បណ្តាលឱ្យរយះក្បាល ទើបធ្វើឱ្យជនរងគ្រោះទ្រាំមិនបាន ក៏ទាញកាំបិតផ្គាក់កាប់សងវិញ បណ្តាលឱ្យរយះក្បាលដូចគ្នា។

ករណីហិង្សាកាប់ប្រហារគ្នាទៅវិញទៅមកនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល។

ជនបង្កហេតុ ដែលផឹកស៊ីស្រវឹង ជេរស្តី ដេញវ៉ៃប្រពន្ធ រួចកាប់បុរសម្នាក់ឱ្យរងរបួសទៀតនោះ មានឈ្មោះលឹម សៅហឿន អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះរស់ សាវ៉ាន់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងភូមិឃុំកើតហេតុខាងលើ និងមានលំនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (របួសក្បាលចំហៀងខាងឆ្វង១កន្លែង)។ ចំណែកជនរងគ្រោះ មានឈ្មោះផាត រស់ អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើជាមួយគ្នា និងមានលំនៅក្នុងភូមិគោសុម៉ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (រងរបួសក្បាល១កន្លែង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ និងជនបង្ក បានចូលមកធ្វើការសំណង់ និងស្នាក់នៅក្នុងការដ្ឋានខាងលើ អស់រយៈពេលជាង១ខែមកហើយ។ លុះមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ជនបង្កឈ្មោះលឹម សៅហឿន បានចេញទៅផឹកស្រាម្នាក់ឯងនៅក្រៅការដ្ឋានសំណង់ រហូតដលម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែល ទើបត្រឡប់មកវិញ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ លុះក្រោយពេលចូលដល់ក្នុងការដ្ឋានសំណង់វិញ ជនបង្កក៏ចាប់ផ្តើមជេរប្រមាថ និងដេញវាយប្រពន្ធរបស់ខ្លួន ពេលនោះស្ត្រីជាប្រពន្ធបានរត់គេចចេញពីការដ្ឋានសំណង់។ បន្ទាប់មកជនបង្កឈ្មោះលឹម សៅហឿន ដោយខឹងនឹងរឿងដេញវាយប្រពន្ធមិនបានដូចបំណង ក៏នៅតែបន្តមាត់ឡូឡា រហូតដល់ម៉ោង៤និង២០នាទីរសៀលថ្ងៃដដែល ទើបជនរងគ្រោះឈ្មោះផាត រស់ បានចេញឃាត់និងប្រាប់ជនបង្កថា កុំឱ្យរករឿង និងវាយ ប្រពន្ធ ស្រាប់តែភ្លាមនោះ ជនបង្កផ្ទុះកំហឹង ក៏ទាញយកកាំបិតប៉័ងតោ មកកាប់ជនរងគ្រោះចំក្បាល១កាំបិត ទើបធ្វើឱ្យជនរងគ្រោះ ទប់កំហឹងមិនបាន ក៏ទាញយកកាំបិតខ្វែវដងដែក មកកាប់ជនបង្កវិញ១កាំបិត ចំក្បាលចំហៀងខាងឆ្វេង បណ្តាលឱ្យមានរបួសស្នាមដូចគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះឈ្មោះផាត រស់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកជនបង្កឈ្មោះលឹម សៅហឿន ព្យាបាលរបួសនៅគ្លីនិកឯកជន។ ចំពោះវត្ថុតាងកាំបិតប៉័ងតោរបស់ឈ្មោះលឹម សៅហឿន បានបោះចោលក្នុងទឹករកមិនឃើញ៕