ប្រុសសុំស្នេហ៍មិនបាន តាមធ្វើអំពើ រហូតមិនឱ្យរួមរ័កជាមួយប្តី

ខេត្តកំពត ៖ ស្ត្រីម្នាក់នេះ កាលពីពេញវ័យក្រមុំ មានរូបរាងស្រស់ផូរផង់ខ្លាំងណាស់ និងមានប្រុសកំលោះតាមសុំស្នេហ៍រាប់មិនអស់ តែនាងមិនចាប់អារម្មណ៍សោះ បែរជាទៅជាប់ស្នេហ៍កំលោះស្លូតបូតម្នាក់ រហូតដឹកដៃគ្នាចូលរោងការតាមប្រពៃណី ធ្វើឱ្យកំលោះម្នាក់ខឹងបោះសម្តីថា សុំស្នេហ៍ស្រួលៗមិនព្រម ចាំមើលនឹងដឹងខ្លួនមិនខាន ទីបំផុតក្រោយពីរួមរស់នឹងប្តីបានកូន២នាក់ ស្រាប់តែកើតមានអាការចម្លែក ថប់ទ្រូង ចង់ដាច់ខ្យល់ស្លាប់ម្តងៗ ទោះជារកគ្រូពេទ្យគ្រូខ្មែរព្យាបាលយ៉ាងណាក៏គ្មានលទ្ធផល ធ្វើឱ្យជីវិតរស់នៅលំបាកវេទនា សូម្បីតែយប់ ព្រលប់ក៏មិនអាចកៀកកើយផ្តល់សេចក្តីសុខឱ្យប្តីបានដែរ។

នាងផាន់ ចាន់ធា អាយុ៣៥ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ បានរៀបរាប់ ប្រាប់ថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៧ នាក់ (ស្រីទាំងអស់) មានឪពុកឈ្មោះកែ ណាត់ អាយុ៥៨ឆ្នាំ ម្តាយឈ្មោះសោ បូ អាយុ៦១ឆ្នាំ។ កាលពីក្មេងនាងមិនបានរៀនសូត្រអ្វីទេ ព្រោះជាកូនច្បងត្រូវទទួលបន្ទុកមើលថែប្អូនៗ។ នាងកើតមកជាប់សែស្រឡាយចិនខ្លះដែរ ហេតុនេះ ទើបគ្រាន់តែឈានចូលវ័យ១៥ឆ្នាំ ពេញរូបពេញរាង មានសាច់សខ្ចីផូរផង់ ធ្វើឱ្យប្រុសកំលោះ តាមចោមស្រលាញ់រាប់មិនអស់ តែនាងមិន ទាន់ចង់បានប្តីទេ រហូតដល់អាយុ២០ឆ្នាំ មាន កំលោះម្នាក់ ឈ្មោះឆាយ បឿន អាយុបងនាង ២ឆ្នាំ រស់នៅភូមិស្រុកជាមួយគ្នា បានទាក់ទងសុំស្នេហ៍ពីនាង ហើយដោយឃើញថា កំលោះ នោះ មានចរិតស្លូតបូត ពូកែធ្វើការងារទើបព្រមប្រគល់បេះដូង ឈានដល់ដឹកដៃគ្នាចូលរោងការតាមប្រពៃណី។

នាងផាន់ ចាន់ធាន បន្តថា រៀបការរួច នាងស្រលាញ់ប្តីនេះខ្លះណាស់ តែផ្តល់របបយប់ព្រលប់ឱ្យប្តីមិនដែលដាច់ លុះរួមរស់នឹងប្តីបាន៣ខែ ស្រាប់តែមានកំលោះរស់នៅគ្នុងភូមិម្នាក់ អាយុប្អូននាង២ឆ្នាំ ធ្លាប់តាមញ៉ែនាងកាលពីនាងនៅក្រមុំ បានតាមស្រលាញ់នាងម្តងទៀត និងថែមទាំងបានបោះពាក្យសម្តីទៀតថា គេសុំស្រលាញ់តាមផ្លូវច្បាប់មិនព្រមចាំមើលគេ នឹងធ្វើឱ្យនាងដឹងខ្លួនម្តង។ តាំងពីនោះមក នាងក៏ចាប់ផ្តើមមានផ្ទៃពោះ តែហាក់ដូចជាមានអ្វីចាក់រុកពេញទាំងខ្លួន ចំណែកអារម្មណ៍ក៏ចេះតែមួម៉ៅប្រែប្រួលមិនឈប់ ម្តងស្អប់ប្តី ម្តងស្រលាញ់ប្តី រហូតដល់ពេលនាងសម្រាលបានកូនស្រី១ បាន១អាទិត្យ ស្រាប់តែនាងចេះតែចង់សើចចង់យំ និងចេះតែខ្លាចផ្ទះរត់ចេញពីផ្ទះ រហូតឪពុកម្តាយ បានទៅរកគ្រូខ្មែរមន្តអាគមអូមអាមមកស្រោចទឹកដោះអំពើទើបនាងបានជាដូចដើមវិញ។

នាងចាន់ធាន បានឱ្យដឹងទៀតថា ក្រោយពីនាងបានជាស្រួលបួលវិញ ហើយនាងក៏ចេញទៅធ្វើការងារសំណង់ជាមួយប្តីគ្រប់ទីកន្លែង ហើយទោះជារូបនាងនៅហាលក្តៅហាលថ្ងៃ ហាលខ្យល់យ៉ាងណា ក៏រូបសម្រស់នាងមិនស្រកស្រុតដែរ ហើយទោះជាគេដឹងថា នាងមានប្តី និងកូន ហើយក្តីក៏នៅតែមានបុរសតាមសុំស្នេហ៍ នាងរហូតមានអ្នកខ្លះបានបញ្ឆោះឱ្យនាងលែងប្តីចោលទៀតផង តែនាងមានចិត្តស្មោះចំពោះ តែប្តីម្នាក់គត់ ទោះជាប្តីនាងមានសម្បុរខ្មៅ រូបរាងអាក្រក់យ៉ាងណាក៏ដោយ។

អ្នកស្រី គា មុំ

នាងចាន់ធាន បានបញ្ជាក់ថា ទោះជាប្រុសតាមស្រលាញ់រាប់មិនអស់ តែនាងមិនយកចិត្ត ទុកដាក់ឡើយ និងបានបន្តរួមរស់ជាមួយប្តី រហូតសម្រាលបានកូនប្រុសទី២ បានកន្លះខែ ស្រាប់តែនាងចាប់ផ្តើមមានអារម្មណ៍ថា ថប់ និងតឹងទ្រូង ចេះតែឃីញខ្មោចយាយនាង ទើបតែស្លាប់បាន៣ខែ មកបង្ហាញខ្លួន និងហៅនាងទៅនៅជាមួយរហូត ជាហេតុធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំង ទើបប្តីនិងឪពុកម្តាយ បានទៅរកគ្រូមើល និងត្រូវគ្រូប្រាប់ថា នាងត្រូវគេធ្វើអំពើ ដោយចងឈ្នួរជំបួរ ឱ្យយកជីវិតនាង ហើយតាំងពីអំឡុងខែ០៩ ឆ្នាំ២០១៧មក នាងតែងដើររកគ្រូអំពើ និងគ្រូពេទ្យ និងត្រូវគ្រូពេទ្យប្រាប់ថា នាងមានរោគផ្លូវចិត្តត្រូវលេបថ្នាំ ប៉ុន្តែពេលលេបថ្នាំរួច ហាក់កាន់តែធ្វើទុក្ខលើសដើម ដូចជាចង់ដាច់ដង្ហើមម្តងៗ។ គិតមកដល់ពេលនេះ នាងបានរកគ្រូច្រើនហើយ នៅតែមិនទាន់ ដោះអំពើនេះចេញបានទៀត ហើយនាងមិនទាន់ចង់ស្លាប់ចោលប្តី និងកូនទេ។ នាងពិតជាមិនយល់សោះ ហេតុអ្វីស្រីស្អាតគគោក គេមិនទៅរក មករកនាងធ្វើអី ទាំងដែលនាងមានកូន២ទៅហើយ នៅតែមិនព្រមអត់ឱន ដោះលែង នាងសោះ តាមព្យាបាទចងកម្មពៀរជាមួយនាង រហូតធ្វើឱ្យនាងរស់នៅរងទុក្ខវេទនាហិនហោច ទ្រព្យសម្បត្តិ ជំពាក់បំណុលគេវ័ណ្ឌក រហូតសូម្បី តែសេចក្តីសុខយប់ព្រលប់ ក៏មិនអាចបំពេញឱ្យ ប្តីបានដែរ។

លោកយាយ ស្រី ណុល

នាងចាន់ធាន បានបន្ថែមថា រាល់យប់ នាងមិនអាចរួមរស់ជាមួយប្តីបានទេ ព្រោះចេះតែមានអារម្មណ៍ថា ថប់តឹងណែនទ្រូងចង់ស្ទះស្លាប់ បើហ៊ានតែរួមដំណេកជាមួយប្តីទៀត នាងខ្លាចតែដាច់ខ្យល់ស្លាប់មិនខាន។ ចំណែកប្តីរបស់នាង ក៏យល់ពីអាការជំងឺរបស់នាងដែរ ហេតុនេះគាត់ក៏មិនបានបង្ខំប្រពន្ធដែរ និងថែមទាំងអាណិតស្រលាញ់ប្រពន្ធកាន់តែខ្លាំងលើសដើមហើយរាល់ថ្ងៃប្តីនាងប្រឹងធ្វើការសំណង់ខ្លាំងណាស់ ដើម្បីរកប្រាក់យមកព្យាបាលជំងឺឱ្យនាង និងរំពឹងថា ថ្ងៃមុខអាការជំងឺចម្លែកនេះ នឹងរលាយបាត់ទៅអាចឱ្យប្តីប្រពន្ធនាងរួមរស់ដោយសុភមង្គល៕