ខឹងឡានកុងតឺន័របើកលឿនបម្រុងកៀរ លោកស័ក្តិ៥និងមិត្តភក្តិ ដេញកាក់ពីមុខឡាន រួចដកកាំភ្លើងភ្ជង់គំរាម

​ភ្នំពេញ ៖ បុរស២នាក់ ជាមន្ត្រីនគរបាលបំរើការអង្គភាពប្រឆាំងភេរវកម្ម ចេញ​ពីច្រៀងខារ៉ាអូខេ ញូស្តារ ​បើកឆ្លងផ្លូវ ខឹង​រថយន្តកុងតឺន័របើកជែង មិនព្រមឆ្លង បានបើករថយន្តដេញតាមកាក់ពីមុខរថ​យន្តកុងតឺន័រ រួចដកកូនកាំបិត និងកាំភ្លើងខ្លីភ្ជង់គំរាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១​រំលងអាធាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៧១ នៅចំណុចមុខក្រុមហ៊ុនស៊ីញូ ខេអេភី ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

លោកខាត់ នឹម មន្ត្រីប៉ូលិសស័ក្តិ៥

ភាគីខាងរថយន្តកុងតឺន័រ មានឈ្មោះញ៉ាន ឌួច ភេទប្រុស អាយុ២៥ឆ្នាំ ​មុខរបរបើករថយន្តក្រុមហ៊ុន SP ដឹកការ៉ូ ស្នាក់នៅមុខធនាគារជាតិ ផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកឯភាគីខាងរថយន្តកាមរី មានឈ្មោះខាត់ នីម អាយុ៣០ឆ្នាំ ​មុខរបរជាមន្ត្រីពាក់ស័ក្តិ៥ នៅអង្គភាពប្រឆាំងភេរវកម្ម ជាអ្នកកាន់កាំបិតដេញចាក់​តៃកុងតឺន័រ និងមិត្តភក្កិម្នាក់ទៀតជាអ្នកកាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ ។

តៃកុងរថយន្តកុងតឺន័រ បង្ហាញរបួសខ្នង

 

តាមប្រភពព័ត៌ពីអ្នកបើករថយន្តកុងតឺន័រ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាកម្មករបើករថយន្តកុងតឺន័រ ពណ៌ក្រហម ​រួមដំណើរជាមួយប្រពន្ធ ដឹកការ៉ូមកពីអ្នកលឿង​ដឹកយកទៅទម្លាក់​ឲ្យគេ នៅម្តុំធនាគារជាតិ តាមផ្លូវហាណូយ ខណៈពេលបើកមកដល់ផ្លូវ២៧១ មុខខារ៉ាអូខេញូស្តារ​ ក្នុងទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AO-9823 បើកបរឆ្លងផ្លូវចេញពីខារ៉ាអូខេញូស្តារ ​ទិសដៅពីលិចទៅកើត ​បត់ឆ្វេងស្របទិសគ្នា ឃើញបែបនេះគាត់ខំប្រឹងបន្ថែមល្បឿនបើកជែងខាងស្តាំ​ទៅផុត ចំណែករថយន្តកាមរីបាឡែន បានបើកតាមពីក្រោយ រហូតមកដល់មុខក្រុមហ៊ុនស៊ីញូ ខេអេភី ក្បែរមន្ទីរពេទ្យព្រះកុសុមៈ តាមផ្លូវ២៧១ សង្កាត់​ទឹក​ល្អក់ទី២ ខណ្ឌទួលគោក ស្រាប់តែរថយន្តកាមរីបាឡែន បានបើក​ជែងទៅកាក់ពី​មុខ​រថយន្តកុងតឺន័រ ហើយចុះមកសម្លុតគំរាមគាត់ ដោយអ្នកបើករថយន្តកាមរីបាឡែន បានដក
កូនកាំបិតភ្ជង់​ ធ្វើឲ្យគាត់ភ័យបានធាក់មួយជើងដួល ក៏ត្រូវមិត្តភក្កិគេម្នាក់ទៀត ដែលរួម​ដំណើរក្នុងរថយន្តបាឡែន បានដកកាំភ្លើងភ្លីខ្លី ម៉ាកឡុក ភ្ជង់ ហើយបុរសដែលកាន់កូន​កាំបិត​នោះបានយកកូនកាំបិតឆ្កូត​ខ្នងរបស់គាត់ ធ្វើឲ្យរយះផងដែរ ​ភ្លាមៗនោះដែរ សមត្ថកិច្ចប៉ុស្តិ៍អូបែកក្អម ល្បាតប្រទះឃើញក៏ហៅកម្លាំងមកឃាត់បាន២នាក់ និងកាំភ្លើង២ដើម។

បើតាមសំដី​​ម្ចាស់រថយន្តកាមរីបាឡែន ​បានលើកឡើងថា មុនពេលកើតហេតុ គាត់ស៊ីញ៉ូឆ្វេងសុំផ្លូវឆ្លង ប៉ុន្តែខាងរថយន្តកុងតឺន័របើកលឿន ហើយចង់បើកកៀររថយន្តរបស់គាត់ទៀត ពេលនោះគាត់ខឹង ទើបបើករថយន្តដេញតាមទៅកាក់ពីមុខរថយន្តកុងតឺន័រ ដើម្បីសួរនាំថា ហេតុអីបានជាបើកលឿន ហើយចង់កៀររថយន្តរបសគាត់ ប៉ុន្តែខាងតៃកុងរថយន្តនោះបានឈ្លោះប្រកែកជាមួយគាត់ ហើយ​ចង់វ៉ៃគាត់ទៀត ទើបមិត្តភក្តិគាត់ដែលជិះក្នុងរថយន្តដកកាំភ្លើងដើម្បីការពារខ្លួនតែប៉ុណ្ណោះ មិនមានបំណងបាញ់អីនោះឡើយ។

ក្រោយពេលកើតហេតុ អាវុធហត្ថខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់២ ​បានមកដល់ ក៏ធ្វើការសម្របសម្រួលគ្នានៅនឹងប៉ុស្តិ៍ទឹកល្អក់២ ជាច្រើនម៉ោង ទើប​ភាគីខាងរថយន្ត​បាឡែន យល់ព្រមសងសំណងទៅឲ្យខាងរថយន្តកុងតឺន័រ ចំនួន200$ ដើម្បីបញ្ចប់រឿង​៕