បេប៊ី ៖ យកប្តីធ្វើអី នាំតែជាប់ដៃជាប់ជើង

0
349

នៅពេលនេះ ម្ចាស់បទ “បូតសណ្តែក” បេប៊ី ហាក់ផ្តោតទៅលើអាជីពចម្រៀងច្រើនជាងសម្តែង នារយៈពេលចុងក្រោយនេះ បើទោះជា CTN បានឱ្យតំណែងជាតួឯកដល់នាងដល់ទៅ៤រឿងព្រមគ្នាក្តី តែបេប៊ី បែរជាទទួ យកតែ១រឿងទៅវិញ។

ជាមួយគ្នានេះ មានពាក្យលេចឮថា បេប៊ី លែងចង់ថតសម្តែង ព្រោះតែនាងមានគូស្នេហ៍ហួងហែង ប៉ុន្តែ ស្រីស្អាតរូបនេះបញ្ជាក់ថា នាងមិនទាន់យកប្តីពេលនេះទេ នាំតែជាប់ដៃជាប់ជើង…។

កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី ក្រោយចេញបទចម្រៀងខ្លួនឯងមួយប្រាវ នៅលើ Youtube នោះ ស្រាប់តែពេលនេះ លែងចង់ថតកុនដូចមុនទៀតហើយ គឺបែរជាមកសម្រុកបុកតែប្រឹងហាត់ក្បាច់រាំទាំងយប់ទាំងថ្ងៃទៅវិញ បន្ទាប់ពីបទចម្រៀងរបស់នាង ល្បីបទ “បូតសណ្តែក” មក។

ប្រភពបានឱ្យដឹងថា ផលិតកម្មមហាហង្ស និង ស្ថានីយទូរទស្សន៍ CTN បានប្រគល់តំណែងតួឯកឱ្យបេប៊ី ព្រមគ្នាតែម្តង តែស្រីស្អាតរូបនេះ បែរជាមិនសូវអើពើទៅវិញ។

ក្នុងជំនួបផ្ទាល់ជាមួយកញ្ញាជុំ រចនាពេជ្រ អ្នកសម្តែងក្លាយទៅជាពិធីការិនីរូបនេះបានឱ្យដឹងថា ពេលនេះ នាងពិតជាផ្តោតទៅលើចម្រៀងច្រើនជាងសម្តែងមែន ព្រោះថា បទចម្រៀងរបស់នាងមុននេះ មានការគាំទ្រច្រើន អ៊ីចឹងនាងត្រូវ ថត MV ដោយចំណាយលុយផ្ទាល់ខ្លួនតែម្តង ដើម្បីឱ្យគេស្គាល់កាន់តែច្បាស់ តែនាងមិនបោះបង់អាជីពចាស់ឡើយ។

បេប៊ី វាចាថា “ខ្ញុំទើបតែថត MV បទ “បូតសណ្តែក” ហ្នឹងហើយ ដោយចេញជា Full MV ឆាប់ៗនេះ ហើយ តែរឿងអស់លុយប៉ុន្មាននោះ ខ្ញុំមិនដឹងទេ ព្រោះថា ម៉ាក់ខ្ញុំជាអ្នកឆូតកាត ATM។ និយាយទៅ ការធ្វើបទចម្រៀងហ្នឹង ខ្ញុំអត់មាន Sponsor អីទេ គឺចំណាយលុយខ្លួនឯងសុទ្ធ ហើយដោយសារខ្ញុំឃើញបទ “បូតសណ្តែក” ហ្នឹង មានគេ Like និង Share ច្រើន អ៊ីចឹងទើបធ្វើ MV ហ្នឹងទៅ។ ចំពោះការថតភាពយន្តវិញ មួយរយៈនេះខ្ញុំមិនសូវបានថតដូចមុនមែន តែមានផលិតកម្មមហាហង្ស គាត់ចង់ឱ្យខ្ញុំថត២រឿងដែរ តែខ្ញុំមិនទាន់បាននិយាយច្បាស់លាស់ជាមួយគាត់ទេ។ ចំពោះ CTN វិញ គឺគាត់ថា នឹងឱ្យខ្ញុំថតជាតួឯកដល់ទៅ៤រឿងឯណោះ នៅឆ្នាំ២០១៨នេះ តែដោយសារខ្ញុំមិនសូវមានពេលវេលា អ៊ីចឹងអាចថតបានតែ១រឿងដំបូងទេ មើលទៅ។ និយាយទៅ ខ្ញុំជាប់រវល់ច្រើនទៅលើការថតបទចម្រៀងខ្លួនឯង និងធ្វើជា MV នេះហើយ បើសិនជាជោគជ័យ ខ្ញុំនឹងធ្វើបន្ថែមទៀត”។

បេប៊ី ក្លាយជាតារាស្រីវ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើន ក្នុងចំណោមទេព បូព្រឹក្ស, នៅ សុនិតា, មាន សូនីតា ជាដើម ដែលមុននេះ បេប៊ី បានទិញវីឡាតម្លៃជាង២០ម៉ឺនដុល្លារ និងប្តូរពីការជិះរថយន្ត Lexus RX330 ទៅជា Range Rover កូនកាត់ តម្លៃជាង៥ម៉ឺនដុល្លារ។ ជាមួយនេះ មានការសង្ស័យថា ស្រីស្អាតបេប៊ី មានគូស្នេហ៍នៅពីក្រោយខ្នងតាមហួងហែង ទើបធ្វើឱ្យស្រីស្រស់សាច់សខ្ចីរូបនេះ លែងចង់អើពើក្នុងការថតកុនដូចមុនទៀត។

បេប៊ី និយាយដោយមិនបង្អង់ថា “បើនិយាយរឿងមានគ្រួសារអី គឺពេលហ្នឹងអត់មានទេបងអើយ! ពេលណាបានរៀបការអី ក៏ខ្ញុំមិនអាចកំណត់បានដែរ។ និយាយទៅ យកប្តីមកធ្វើអី នាំតែជាប់ដៃជាប់ជើង ទៅណាមិនរួចអី ពិបាកណាស់ ខ្ញុំធុញណាស់ អត់ទាន់ចង់បានប្តីទេបង។ បើនិយាយពីគេស្រលាញ់វិញ គឺចេះតែមានហើយ តែយើងមិនសូវមានពេលគិតទៅលើរឿងហ្នឹងទេ”។

បេប៊ី ទើបតែប្រឡូកសិល្បៈពេញទំហឹង៣ឆ្នាំទេ តែនាងហាក់មានភាពលេចធ្លោគួរសម ពិសេស គឺក្រោយពេលបានតំណែងជាពិធីការិនីនៅប៉ុស្តិ៍ MyTV មក ស្រីស្អាតរូបនេះបានលេងខ្លួនប្លែក រហូតធ្វើឱ្យប្រុសៗអ្នកមានទ្រព្យជាច្រើនគ្រឺតក្នាញ់នឹងតារាសាច់សខ្ចីរូបនេះកាន់តែខ្លាំង។ ប៉ុន្តែបេប៊ី មិនដែលទៅណាតែម្នាក់ឯងឡើយ គឺច្រើនតែយកម្តាយរបស់នាង ទៅតាមជាប់ជានិច្ច ទើបធ្វើឱ្យប្រុសៗខ្លះពិបាកសាសងសុំស្នេហ៍។

ប្រភពបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានឧកញ៉ា៣នាក់ដែរ ដែលប្រជែងចង់ឆក់បេះដូងស្រីក្មេងបេប៊ី នេះ ទើបធ្វើឱ្យមានពាក្យខ្សឹបខ្សៀវថា រចនាពេជ្រ ដែលត្រូវគេប៉ាន់ប្រមាណថា មានទ្រព្យផ្ទាល់ខ្លួនមិនក្រោម៣០ម៉ឺនដុល្លារនោះ មានគូស្នេហ៍ជាអ្នកឧបត្ថម្ភលុយ ឡាន វីឡា ដល់រូបនាង តែកន្លងមក អ្នកម្តាយបេប៊ី ថា លុយទិញវីឡានោះ គឺគាត់រាប់លុយ (ចងការ) គេទេ ហើយគាត់ថា កូនស្រីគាត់គ្មានបានជំពាក់ជំពិនជាមួយប្រុសណាម្នាក់ឡើយ។

ខណៈសម្រុកបុកធ្វើបទចម្រៀង Original Songs បេប៊ី ហាក់ស្រកគីឡូច្រើនជាងមុន ហើយមើលទៅស្លេកៗទៀតផង ដែលការប្រែប្រួល បែបនេះ ត្រូវបានបេប៊ី ថា មកពីនាងហត់នឿយពីការងារសិល្បៈច្រើនពេក គេងមិនសូវគ្រប់គ្រាន់ទេ គឺចុះខេត្តច្រើនជាងនៅភ្នំពេញ ទើបធ្វើឱ្យគ្មានពេលវេលាសម្រាកគ្រប់គ្រាន់បែបនេះ។

ប្រភពបានឱ្យដឹងថា ប្រសិនបើបេប៊ី ចង់ធ្វើជំទាវ គឺនាងនឹងបានដោយងាយ ព្រោះក្នុងចំណោមលោកឧកញ៉ា មិនក្រោម៣នាក់ ដែលលង់ស្នេហ៍បេប៊ី ខ្លាំងនោះ គឺមានតែលោកឧកញ៉ាម្នាក់ ហាក់នៅមិនស្ងៀមឡើយ ពេលឃើញបេប៊ី ថតសម្តែង ហើយលោកនៅតែរង់ចាំចម្លើយស្រីស្រស់ជានិច្ច តែបេប៊ី នៅមិនទាន់ផ្តល់ចម្លើយស្នេហ៍ដល់លោកឧកញ៉ានោះឡើយ ព្រោះនាងខ្លាចដេកលើគំនរទ្រព្យ តែជាប់ទ្រុងស្នេហ៍ គ្មានសិទ្ធិសេរីភាព៕