Friday, April 26, 2024
Homeព័ត៌មានជាតិរកឃើញសត្វស្លាប៤០ប្រភេទ ៣៣១៤ក្បាល នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ

រកឃើញសត្វស្លាប៤០ប្រភេទ ៣៣១៤ក្បាល នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ

ខេត្តតាកែវ ៖  សត្វស្លាបចំនួន៤០ប្រភេទ សរុបចំនួន ៣៣១៤ក្បាល ត្រូវបានរកឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបុរីជលសា និងស្រុកកោះអណ្តែត ។

តាមប្រភពក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ថា មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តតាកែវ បានសហការជាមួយកម្លាំងចម្រុះ និងអ្នកជំនាញនៃអង្គការសត្វព្រៃ BirdLife បានចុះសិក្សាពីសត្វស្លាប នៅក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ដោយបានរកឃើញសត្វចំនួន៤០ប្រភេទ ដែលមានចំនួន ៣៣១៤ក្បាល។

សត្វស្លាបទាំងនោះរួមមាន ពពិចខ្មៅចុងខ្នងស កុកក្រោងតូច-មធ្យម ចាបដង្កូវចិញ្ចើមស និងអន្ទេបខ្មៅ ជាដើម។ ការចុះជំរឿននេះ គឺដើម្បីសិក្សាពីប្រភេទសត្វស្លាបព្រៃ នៅប៉ែកអាស៊ី។

គួររំលឹកថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ ៨៣០៥ ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុរីជលសា និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែលសម្បូរទៅដោយសត្វស្លាបព្រៃ។

មូលហេតុដែលរដ្ឋាភិបាល ដាក់តំបន់នេះទៅជាតំបន់ការពារទេសភាព គឺដើម្បីធានាថែរក្សា និងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះ និងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសេវាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕

បឹងព្រែកល្ពៅ

RELATED ARTICLES