Tuesday, April 23, 2024
Homeតារាខ្មែរអិុវ៉ា ថៅកែឲ្យចូលហង្សមាស ក្រោយកូនប្រុសព្រាប សុវត្ថិ ចូលទាំង៣

អិុវ៉ា ថៅកែឲ្យចូលហង្សមាស ក្រោយកូនប្រុសព្រាប សុវត្ថិ ចូលទាំង៣

តាមដំណឹងថា ទំនាក់ទំនងរវាងកញ្ញាអ៊ីវ៉ា ជាមួយថៅកែក្លឹបនៅសៀមរាប នៅតែស្អិតល្មួត ដែលអាចក្លាយជាដៃគូជីវិតទៀតផង ហើយខណៈដែលអ៊ីវ៉ា កំពុងពិបាកសម្រេចចិត្តជ្រើសរើសទ្រនំថ្មី ក្រោយពេលចេញពីសាន់ដេ នោះ តាមប្រភពថា លោកថៅកែក្លឹបចង់ឱ្យនាងចូលទ្រនំហង្សមាស ដើម្បីស្តារការគាំទ្រ…។

តារាចម្រៀងល្បីឈ្មោះកញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានសម្រេចចិត្តចាកចេញពីផលិតកម្មសាន់ដេ ហើយ បន្ទាប់ពីពិបាកដណ្តើមការគាំទ្រ រយៈពេលជាង2ឆ្នាំចុងក្រោយនេះ ពោលគឺក្រៅពីមានបទចម្រៀងតិចនៅលើទីផ្សារហើយនោះ រាល់បទចម្រៀងរបស់នាង ពុំអាចឆក់បានការគាំទ្រដូចមុនទេ ដែលធ្វើឱ្យនាងបាត់ជំនឿ រហូតសម្រេចចិត្តចាកចេញ។

យ៉ាងណា ក្រោយពេលបញ្ចប់កុងត្រាជាមួយសាន់ដេ អ៊ីវ៉ា ពុំទាន់សម្រេចចិត្តចូលច្រៀងនៅក្នុងផលិតកម្មណាមួយទេ ខណៈដែលផលិតកម្មធំ2 បានតាមអូសទាញនាងយ៉ាងស្អិត គឺរស្មីហង្សមាស និងថោន។

យោងតាមប្រភពពីទីប្រឹក្សាតារាចម្រៀងម្នាក់ ដែលស្និទ្ធជាមួយថៅកែក្លឹបនៅសៀមរាប បានបង្ហើបឱ្យដឹងថា លោក “ប” ថៅកែក្លឹប ដែលចង់បានអ៊ីវ៉ា ជាភរិយាស្របច្បាប់ គឺចង់ឱ្យនាងចូលទ្រនំធំ រស្មីហង្សមាស ក៏ព្រោះតែលោកយល់ថា បើទោះបីនាងត្រូវប៉ះជាមួយតារាល្បីៗជាច្រើន នៅហង្សមាស ក្តី ក៏នាងនៅតែអាចពង្រីកទីផ្សារចម្រៀងខ្លួនបានដែរ ពោលគឺបើចូលហង្សមាស នឹងមានឱកាសលេចធ្លោជាងនៅសាន់ដេ ហើយក៏ជាជម្រើសល្អជាងផលិតកម្មដទៃដែរ។ ម៉្យាងផលិតកម្មមួយនេះ ក្រៅពីមានគ្រឹះរឹងមាំនៅមានធនធានមនុស្សល្អៗ មានទាំងស្ថានីយទូរទស្សន៍ និងមានកម្មវិធីប្រគំតន្ត្រីធំៗ ដែលអាចជួយលើកស្ទួយឱ្យអ៊ីវ៉ា លេចធ្លោយ៉ាងឆាប់រហ័ស។

សូម្បីតែកំពូលតារាចម្រៀងរបស់សាន់ដេ លោកខេមរៈ សិរីមន្ត ក៏បានសម្រេចចិត្តចេញពីសាន់ដេ មកជ្រកនៅរស្មីហង្សមាស ដែរ។

ប្រភពខាងលើក៏បានឱ្យដឹងដែរថា ថៅកែក្លឹបចង់ឱ្យអ៊ីវ៉ា ចេញពីសាន់ដេ មកចូលហង្សមាស យូរហើយ ថែមទាំងគ្រោងរកអ្នកនិពន្ធផ្តាច់មុខ ដើម្បីជួយជ្រោមជ្រែងនាងទៀតផង។ ប៉ុន្តែអ៊ីវ៉ា នៅតែស្ទាក់ស្ទើរមិនដាច់អាល័យពីសាន់ដេ គឺទើបសម្រេចចិត្តចាកចេញកាលពីថ្មីៗនេះ បន្ទាប់ពីអស់សង្ឃឹមជាមួយសាន់ដេ។

ខណៈដែលថៅកែក្លឹបនៅសៀមរាប ចង់ឱ្យអ៊ីវ៉ា ចូលរស្មីហង្សមាស ស្តារសំឡេងគាំទ្រ តាមដំណឹងថា អ៊ីវ៉ា ដែលកំពុងរារែកចិត្ត នឹងអាចជ្រើសទ្រនំហង្សមាស មើលរំលងថោន។

យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាអ៊ីវ៉ា ជាថ្មីបានទេ ខណៈដែលមុននេះបន្តិច នាងអះអាងថា នាងចង់សម្រាកលំហែកាយបន្តិចសិន មុននឹងសម្រេចចិត្តចូលផលិតកម្មថ្មី។ អ៊ីវ៉ា បញ្ជាក់ថា ពេលនាងសម្រេចចិត្តចូលផលិតកម្មណាមួយពិតប្រាកដ នាងមិនលាក់លៀមទេ គឺនឹងប្រកាសជាសាធារណៈតែម្តង៕

 

អត្ថបទមុនៗ

 

គំនុំស្នេហាត្រីកោណ ដកកាំភ្លើងបាញ់គំរាម

ភ្នំពេញ ៖ យុវជនជានិស្សិតម្នាក់កំពុងឈប់ម៉ូតូចាំសង្សារ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមកសម្លឹងមុខ រួចក៏ជិះប្រដេញតាម និងដកកាំភ្លើងបាញ់គំរាមចំនួន២គ្រាប់ តែសំណាងល្អមិនបង្កឱ្យមានមនុស្សណាម្នាក់ទទួលរងរបួសនោះទេ និងត្រូវគេសង្ស័យថា ករណីនេះ គឺផ្តើមចេញពីរឿងគំនុំស្នេហាត្រីកោណ។

ករណីផ្ទុះអាវុធចំនួន២គ្រាប់ ទាំងកណ្តាលយប់ នៅកណ្តាលរាជធានីភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចទល់មុខហាងភូមិគ្រឹះឆ្ងាញ់ តាមផ្លូវ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។ យុវជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់គំរាម២គ្រាប់ មានឈ្មោះយឹម សុខា អាយុ១៨ឆ្នាំ មុខរបរនិស្សិត។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ទៅឈប់នៅត្រង់ចំណុចផ្លូវ១៤៣ កែងនឹងផ្លូវ២៧៨ ដើម្បីរង់ចាំទទួលមិត្តស្រី។ ខណៈពេលកំពុងរង់ចាំនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះមកក្បែរ រួចហើយជនសង្ស័យទាំង៣នាក់នោះ បានសម្លឹងមើលមុខរូបគេ ដោយមិនដឹងមូលហេតុ ហើយក៏បានទៅឈប់ម៉ូតូចំងាយពីម៉ូតូរបស់គេប្រមាណ២០ម៉ែត្រ ទើបធ្វើឱ្យរូបគេ គិតថាមិនសូវស្រួលក៏ជិះម៉ូតូចេញទៅតាម ផ្លូវ២៧៨ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែជនសង្ស័យទាំងនោះបានជិះម៉ូតូដេញតាម ធ្វើឱ្យរូបគេភ័យ ក៏បានជិះម៉ូតូចូលទៅក្នុងហាងខាងលើ ហើយរត់ចូលទៅក្នុងហាងហៅគេឱ្យជួយ។

ភ្លាមនោះ ជនសង្ស័យក៏បានដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់គំរាមចំនួន១គ្រាប់ ហើយជិះម៉ូតូចេញទៅ បាត់ លុះមួយសន្ទុះក្រោយមក ក្រុមជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកវិញ រួចដកកាំភ្លើងបាញ់ថែម១គ្រាប់ទៀត បណ្តាលឱ្យគ្រាប់កាំភ្លើងផ្លាត ទៅចំទ្វារផ្ទះប្រជាពលរដ្ឋ១គ្រាប់ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយពីផ្ទុះអាវុធ២គ្រាប់រួចហើយ ក្រុមជនសង្ស័យក៏បាននាំ គ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងជំនាញពាក់ពន្ធ័បានចុះទៅដល់កន្លែងកើតហេតុ និងរើសបានសំបកកាទុស្សេចំនួន ២គ្រាប់នៅកន្លែងកើតហេតុ  រួចក៏បាននាំជនរងគ្រោះយកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ដើម្បីបញ្ជាក់ពីដំណើររឿងលម្អិត ថាតើជាករណីអ្វីឱ្យប្រាកដ។

ជុំវិញករណីបាញ់បោះសេរីខាងលើនេះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានដាក់ការសង្ស័យថា អាចផ្តើមចេញពីរឿងគំនុំស្នេហ៍ត្រីកោណតែម្តង។ ប៉ុន្តែសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីនេះអាចផ្តើមពីទំនាស់ពាក្យសម្តី ឬជារឿងគំនុំ។

យ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

 

http://www.nokorthomdaily.com/2018/01/110120181034/

RELATED ARTICLES