Saturday, April 27, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា-មាស សុខសោភា ប្រជែងទាំងចម្រៀង និងស្នេហា

ឱក សុគន្ធកញ្ញា-មាស សុខសោភា ប្រជែងទាំងចម្រៀង និងស្នេហា

កំពូលតារាចម្រៀង២នាក់ មកពីផលិតកម្មផ្សេងគ្នា​ ឱក សុគន្ធកញ្ញា របស់ផលិតកម្មរស្មីហង្សមាស និងមាស សុខសោភា របស់ផលិតកម្មថោន ត្រូវបានមើលឃើញថា មានការប្រជែងគ្នាផ្នែកចម្រៀងយ៉ាងស្វិតស្វាញ រយៈពេល៧ឆ្នាំចុងក្រោយនេះ ដើម្បីយកលេខ១។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅពេលនេះ គឺសុគន្ធកញ្ញា- សុខសោភា សូម្បីតែការចូលរោងការ ក៏មិនឱ្យចាញ់គ្នាដែរ ដោយពេលនេះ ពួកគេត្រៀមដឹកដៃគូស្នេហ៍ក្រាបផ្ទឹមរៀងៗខ្លួន ទើបធ្វើឱ្យមហាជនលាន់មាត់ថា តារាទាំង២នេះ ពិតជាធ្វើអ្វីក៏ដោយ ដូចណាត់គ្នាអ៊ីចឹង…។

អ្នកសិល្បៈមួយចំនួនបានលើកឡើងថា ដើមហេតុដែលធ្វើឱ្យតារាចម្រៀងល្បីល្បាញ២រូប គឺឱក សុគន្ធកញ្ញា និងមាស សុខសោភា រៀបគម្រោងចូលរោងការនៅពេលនេះ គឺមកពីសុគន្ធ និសា តែម្តង ដែលអាចធ្វើឱ្យតារាល្បីឈ្មោះ១គូ ដែលប្រឹងលាក់គូស្នេហ៍ ហើយពេលខ្លះបណ្តើរគ្នាដូចភ្នែកនៅកញ្ចឹងកនោះ ប្រែជាក្លាហានចេញមុខប្រកាសថ្ងៃរៀបការរៀងៗខ្លួននៅពេលនេះ ព្រោះតែអ្នកចម្រៀងល្បីទាំង២នេះ ខ្មាសសុគន្ធ និសា ដែលហ៊ានរៀបការជាចំហនោះ។

សុគន្ធ និសា ចាត់ទុកថាជាអ្នកចម្រៀងស្រីជួរមុខគេម្នាក់ របស់ផលិតកម្មរស្មីហង្សមាស បានសម្រេចចិត្តដឹកដៃអាណិកជនខ្មែរ រស់នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ចូលរោងការ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ធ្វើឱ្យមហាជន និងតារាសិល្បៈល្បីៗជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នា។

គ្រាន់តែសុគន្ធ និសា រៀបការមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងស្រីឈានមុខគេរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា ដែលកំពុងតែល្បីសុសសាយរឿងមានស្នេហាជាមួយលោកអ៊ឹង ​សុខលី​ ដែលជាប្អូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស លោកអ៊ឹង ឆៃងួន នោះ បានប្រកាសថា នាងនឹងចូលរោងការមិនឱ្យផុតពីអាយុ៣១ឆ្នាំ (២០១៨) នោះឡើយ ដែលការតាំងចិត្តបែបនេះ របស់សុគន្ធកញ្ញា គឺមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រ (Fan) នាងស្រឡាំងកាំងប៉ុណ្ណោះទេ សូម្បីតារាចម្រៀងនៅហង្សមាស ទាំងអស់ ក៏មានការជ្រួលច្របល់គ្រប់គ្នាដែរ ព្រោះអ្នកខ្លះគិតថា សុគន្ធកញ្ញា ជិតក្លាយទៅជាប្អូនថ្លៃមេហើយ។

ក្រុមអ្នកសិល្បៈជាច្រើន បានលើកឡើងថា ការត្រៀមខ្លួនចូលរោងការរបស់ឱក សុគន្ធកញ្ញា នៅពេលនេះ វាមិនមែនជារឿងចៃដន្យឡើយ តែវាជាការដែលតារារូបនេះចង់ឱ្យមហាជនទូទៅបានដឹងថា នាងក៏ហ៊ានរៀបការដូចសុគន្ធ និសា ដែរ គឺមិនខ្លាចធ្លាក់កូដឡើយ។ ម៉្យាងទៀត ឱក សុគន្ធកញ្ញា មានចេតនាចង់ឱ្យរឿងស្នេហាថ្មីរបស់នាង ត្រូវតារាសិល្បៈជាច្រើន រួមទាំងមហាជនផង បានដឹងជាសាធារណៈ ក្រោយពីនាងបានព្យាយាមលាក់បាំងវាជិត៧ឆ្នាំមកនេះ ហើយពេលនេះ សង្សាររបស់នាងដែលនឹងអាចដឹកដៃគ្នាចូលរោងការ នាពេលឆាប់ៗនេះ គឺលោកអ៊ឹង សុខលី ប្អូនប្រុសលោកថៅកែហង្សមាស អ៊ឹង ឆៃងួន បើទោះជាមុននេះ នាងមិនសារភាពចំៗក្តី។

ប្រភពបានឱ្យដឹងថា នេះក៏ជាសារមួយដែលឱក សុគន្ធកញ្ញា ចង់ប្រាប់ទៅមនុស្សគ្រប់គ្នាថា នាងមិនមានទំនាក់ទំនងជាមួយលោករ៉េត ធីដូណា ទៀតទេ។

ដោយឡែក មាស សុខសោភា បានរួមរស់ជាមួយប្តីអាណិកជនខ្មែរ នៅកាណាដា លោកដុកទ័រអ៊ឹត រ៉ាដា រយៈពេល១១ឆ្នាំមកហើយ បន្ទាប់ពីពួកគេបានរៀបការតាមបែបសាសនាគ្រិស្ត ដោយចូលព្រះវិហារមួយនៅកាណាដា កាលពីឆ្នាំ២០០៨ ហើយគ្រាន់តែបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។

មាស សុខសោភា គ្រោងរៀបការតាមប្រពៃណីម្តងហើយ កាលពីឆ្នាំ២០០៩ តែត្រូវបានលុបចោលវិញយ៉ាងទាន់ហន់ រហូតដល់ពេលនេះ ដោយមិនដែលនិយាយរឿងរៀបការម្តងណាឡើយ។ ប៉ុន្តែក្រោយពេលដែលសុគន្ធ និសា រៀបការហើយ ឱក សុគន្ធកញ្ញា ប្រកាសថ្ងៃចង់លាភាពនៅលីវនោះ មាស សុខសោភា លែងមានការស្ទាក់ស្ទើរចិត្តដូចមុនទៀតហើយ គឺនាងថា នឹងចូលរោងការនៅ២ឬ៣ឆ្នាំទៀត។ ប្រភពបានឱ្យដឹងថា មាស សុខសោភា ហាក់ធុញទាន់ខ្លាំង នៅពេលដែលមានគេរិះគន់ថា នាងខ្លាចលែងល្បី សុខចិត្តសាងស្នេហ៍អត់ខាន់ស្លា ១១ឆ្នាំនោះ ហើយអ្នកម្តាយនាងចង់ឃើញនាងរៀបការ ហេតុនេះហើយ នាងចង់លុបការរិះគន់ទាំងឡាយ និងចង់តម្រូវចិត្តម្តាយឱ្យសប្បាយចិត្ត តាមរយៈការចូលរោងការ។

អ្នកស្និទ្ធមាស សុខសោភា បានឱ្យដឹងថា ចាប់ពីពេលនេះទៅ សុខសោភា នឹងលែងខ្លាចក្នុងការបណ្តើរប្តីជាចំហឱ្យអ្នកកាសែតថតទៀតហើយ ព្រោះថា អនាគតស្វាមីនាង គឺ១០០% ប្រាកដជាលោកគ្រូពេទ្យអ៊ឹត រ៉ាដា នេះឯង។

មហាជនបានលើកឡើងថា ពេលនេះ ឱក សុគន្ធកញ្ញា-មាស សុខសោភា ពិតជាប្រជែងគ្នាទាំងចម្រៀង និងរៀបការមែន គឺបើម្នាក់មិនអើពើម្នាក់ទៀតក៏មិនខ្ចីខ្វល់ តែនៅពេលដែលសុគន្ធកញ្ញា ចង់គ្រងឈុតកូនក្រមុំមែនទែននោះ ស្រាប់តែសុខសោភា ចង់រៀបការដែរ គឺពិតជាមិនឱ្យចាញ់គ្នាមែនតែម្តង។ ទោះជាយ៉ាងណា គេថា ក្នុងចំណោមតារាចម្រៀងល្បីឈ្មោះទាំង២ គឺឱក សុគន្ធកញ្ញា និងមាស សុខសោភា នេះ គឺសុខសោភា ហាក់ច្បាស់លាស់ជាងសុគន្ធកញ្ញា ដែលថានាងច្បាស់ជានឹងរៀបការជាមួយលោកអ៊ឹត រ៉ាដា ជាមិនខាន តែសុគន្ធកញ្ញា នៅមិនទាន់ប្រាកដ១០០% ថា អនាគតប្តីនាង គឺជាលោកអ៊ឹង សុខលី ឡើយ បើទោះជាមុននេះលេចឮថា ពួកគេបានភ្ជាប់ពាក្យ និងទិញវីឡាចូលគ្នាក្តី។ ម៉្យាងទៀតចំណងស្នេហ៍តារាហង្សមាស រូបនេះ អាចប្រែប្រួល បើសិនជាហ៊ានពន្យារពេលរៀបការទៀតនោះ ព្រោះតែលេចឮថា សង្សារថ្មីសុគន្ធកញ្ញា ធ្លាប់មានសង្សារជាតារាស្រីល្បីស្អាតៗ៥នាក់ទៅហើយ តែប្រេះឆាអស់ ខណៈដែលក្រុមគ្រួសារលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាស នោះ គ្មានអ្នកណាម្នាក់យកប្រពន្ធជាតារាសិល្បៈឡើយ៕

RELATED ARTICLES