Wednesday, April 24, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត លែងឡើង?

ខេមរៈ សិរីមន្ត លែងឡើង?

ខេមរៈ សិរីមន្ត ដែលជ្រើសផ្លូវដើរចេញពីផលិតកម្មសាន់ដេ ទៅចូលហង្សមាស នោះ នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងបានទេ នៅដើមឆ្នាំ២០១៨នេះ បើទោះបីជាចេញបទចម្រៀងល្អៗក្តី តែសន្ទុះសិរីមន្ត នៅមិនទាន់អាចប្រៀបធៀបបាន ដូចកាលឈរជើងនៅសាន់ដេ ឡើយ។

តើខេមរៈ សិរីមន្ត ដែលល្បីល្បាញដល់កំពូល៦ឆ្នាំ (២០១១-២០១៧) ជាមួយសាន់ដេ នោះ ពេលនេះលែងឡើងទៅមុខទៀត ឬយ៉ាងណា?

ការចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាស 5ឆ្នាំ របស់អតីតតារាសាន់ដេ ខេមរៈ សិរីមន្ត មានន័យថា អ្នកចម្រៀងរូបនេះនឹងឈរជើងផ្ញើខ្លួនជាមួយផលិតកម្មរស្មីហង្សមាស យ៉ាងហោចណាស់ក៏ដល់ឆ្នាំ2023 ដែរ។

ចម្ងល់របស់មហាជនបានលើកឡើងដូចៗគ្នាថា តើរយៈពេល5ឆ្នាំនេះ សិរីមន្ត នឹងអាចឈរលើគេនៅផលិតកម្មរស្មីហង្សមាស បានដូចកាលនៅសាន់ដេ ដែរឬទេ បើពេលនេះចូលបានកន្លះឆ្នាំហើយ នៅតែមិនទាន់ផ្ទុះខ្លាំងដូចមុនទៀត?

បទ “ស្ទឹងត្រែងបងអើយ”, “អស់សិទ្ធិថែ តែនៅបារម្ភ”, “ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” ជាដើមនោះ គឺសុទ្ធតែពីរោះ ហើយត្រូវនឹងសំឡេងរបស់សីរីមន្ត តែម្តង ប៉ុន្តែ នៅតែមិនអាចបំបែកទីផ្សារចម្រៀងជាតារាដែលពេញនិយមបំផុតនៅហង្សមាស បានឡើយ ខណៈដែលអ្នកចម្រៀងតាមក្រុមតន្ត្រីជាច្រើននៅរាជធានីភ្នំពេញ ក៏នៅតែនិយាយថា មានភាគតិចបំផុត ដែលគេនិយមយកបទសិរីមន្ត ទៅច្រៀង។ តារាខ្លះបានហៅ សិរីមន្ត ថា អាចគ្មានរាសីពេលដែលទៅដល់ទ្រនំធំហង្សមាស ទៀតផង ស្របពេលដែលអតីតតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស លោកនូ ស៊ឹប បាននិយាយថា សិរីមន្ត ចូលទៅហង្សមាស ពេលនេះគឺហាក់ដូចជាដើម្បីត្រៀមជំនួសតារាណាម្នាក់អ៊ីចឹង ហើយលោកថា ពេលនេះ សិរីមន្ត មិនទាន់ល្បីខ្លាំងដូចកាលនៅសាន់ដេ ឡើយ និងថា សិរីមន្ត ចូលហង្សមាស គឺជារឿងនយោបាយទៀតផង។

ទោះជាយ៉ាងណា មហាជននៅតែចាត់ទុកថា ខេមរៈ សិរីមន្ត ជាតារាចម្រៀងជើងខ្លាំងម្នាក់ ដែលបន្ទាប់ពីព្រាប សុវត្ថិ មកគ្មានតារាណាលើសិរីមន្ត ឡើយ។ ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថា មិនទាន់អាចវាយតម្លៃសិរីមន្ត បានទេថា ពេលនេះចូលមកហង្សមាស នៅតែខ្លាំង ឬចុះខ្សោយនោះ ព្រោះតារារូបនេះនឹងត្រូវបានផលិតកម្មរស្មីហង្សមាស ដាក់ឱ្យធ្វើជាគណៈកម្មការណាមួយក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក ដែលហង្សមាស បានទិញសិទ្ធិ (License) នោះ ហើយនៅពេលដែលសិរីមន្ត បង្ហាញខ្លួនតាមកម្មវិធីទាំងនោះ គឺលោកប៊ុនថៃ នឹងមានការប្រែប្រួលភ្លាមៗក៏ថាបានដែរ។

ដោយឡែក មជ្ឈដ្ឋានមហាជននៅតែមានការជជែកគ្នាថា ការដែលហង្សមាស ធ្វើសន្និសីទកាសែតរឿងទទួលយកកូនប្រុសទាំង3 របស់ព្រាប សុវត្ថិ ធ្វើជាតារារបស់ខ្លួនផ្អើលអស់ស្រទាប់មហាជន ខណៈដែលសិរីមន្ត ជាតារាចម្រៀងជើងខ្លាំងម្នាក់ ពេលដែលចូលហង្សមាស បែរជាមិនមានសន្និសីទកាសែត ដូចកូនៗព្រាប សុវត្ថិ នោះ ជាសញ្ញាមួយបញ្ជាក់ថា ហង្សមាស នឹងមិនអាចលើកសិរីមន្ត ជាងព្រាប សុវត្ថិ ឡើយ។

ទស្សនិកជនជាច្រើនដែលគាំទ្រខេមរៈ សិរីមន្ត ហាក់ដូចជាមានការខកចិត្តតិចតួច នៅពេលដែលសិរីមន្ត ទៅចូលរួមជាមួយហង្សមាស ព្រោះថា កន្លងមកតែងតែមានការផ្គូផ្គងសិរីមន្ត-លោកព្រាប សុវត្ថិ ថា មានការប្រជែងគ្នាខ្លាំង ហើយ “ភ្នំ1 មិនអាចមានខ្លា2” ជាដើម តែទីបំផុត តារាទាំង2 ឈរនៅផលិតកម្មតែ1 ហើយត្រូវបានអ្នកជំនាញសិល្បៈ ព្រមានថា រវាងព្រាប សុវត្ថិ និងសិរីមន្ត បើឡើង គឺឡើងដូចគ្នា តែបើចុះ ក៏ចុះដូចគ្នា មិនអាចមានអ្នកណាម្នាក់ឡើង ម្នាក់ណាចុះបានឡើយ ពេលច្រៀងនៅផលិតកម្មតែ1នេះ បើមិនអ៊ីចឹងទេ នឹងមានតារាណាម្នាក់រត់ទៅចូលថោន ជាមិនខាន។

ខេមរៈ សិរីមន្ត ដែលមានការតែងខ្លួនកាន់តែប្លែកទៅៗ ក្រោយក្លាយទៅជាតារាចម្រៀងហង្សមាស នោះ នៅតែព្យាយាមលាក់លៀមរឿងស្នេហា ដែលគេល្បីថា លោកមានប្រពន្ធ និងកូនប្រុស2នាក់ទៅហើយនោះ ដោយនៅតាមការបង្ហាញខ្លួនតាមកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈ សិរីមន្ត មិនដែលបណ្តើរគូស្នេហ៍ដូចតារាល្បីៗដទៃទៀតឡើយ។

ប្រភពបានឱ្យដឹងថា សិរីមន្ត គ្មានគម្រោងរៀបការទេ ព្រោះខ្លាចធ្លាក់កូដ តែតារារួមអាជីពដែលស្និទ្ធនឹងសិរីមន្ត បានសរសើរអ្នកចម្រៀងរូបនេះថា ទោះជាល្បីខ្លាំងប៉ុនណា ក៏សិរីមន្ត នៅតែស្មោះស្នេហ៍នឹងប្រពន្ធរបស់លោកជានិច្ច បន្ទាប់ពីមានទំនាក់ទំនងស្នេហ៍តាំងពីឆ្នាំ2006 នៅពេលដែលរូបគេច្រៀងនៅ U2 នោះ។

ទោះជាយ៉ាងណា ស្រីស្អាតៗជាច្រើនដែលលង់ស្នេហ៍សិរីមន្ត និងតែងឱបថើបតារារូបនេះតាមឆាកតន្ត្រីនោះ ចង់ឱ្យសិរីមន្ត ចេញមុខបកស្រាយរឿងគេថា មានប្រពន្ធកូននេះឱ្យច្បាស់ ដើម្បីឱ្យពួកគេអស់ការសង្ស័យ…៕

RELATED ARTICLES