Saturday, April 20, 2024
Homeតារាខ្មែរឃុន វុត្ថា ធ្វើខួបលើករាសី ហើយប្រកាសច្រៀងតែ Orignal Song ពីឆ្នាំ២០១៨នេះទៅ

ឃុន វុត្ថា ធ្វើខួបលើករាសី ហើយប្រកាសច្រៀងតែ Orignal Song ពីឆ្នាំ២០១៨នេះទៅ

កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ អតីតបេក្ខជន “The Voice Cambodia” រដូវកាលទី១ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ លោកឃុន វុត្ថា បានធ្វើខួបកំណើតជាទ្រង់ទ្រាយធំមួយ នៅហាងវីហ្វ្រេន បឹងត្របែក ដើម្បីលើករាសី ស្របពេលលោកត្រៀមចេញបទ Original song សុទ្ធជាច្រើនបទ ទាំងនៅផលិតកម្មរស្មីហង្សមាស និង We Production ដើម្បីបំបែកទីផ្សារ។

លោកឃុន វុត្ថា បានថ្លែងឲ្យដឹងនៅក្នុងពិធីខួបកំណើតគម្រប់អាយុ២៧ឆ្នាំថា “នេះជាលើកទី១ហើយ ដែលលោកបានរៀបចំធ្វើខួបកំណើតជាទ្រង់ទ្រាយធំបែបនេះឡើង ចាប់តាំងពីចូលប្រឡូកនៅក្នុងអាជីពចម្រៀង ហើយពិធីនេះបានអញ្ជើញភ្ញៀវ២០តុ (២០០នាក់) ហើយភាគច្រើនជាមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈ។ លោកថា លោកធ្វើពិធីនេះឡើង គឺដើម្បីបានជួបជុំមិត្តភក្ដិក្នុងសិល្បៈ និងជាពិសេសដើម្បីលើករាសី លើកយីអ៊ុនខ្លួនឯង ឲ្យកាន់តែលេចធ្លោជាងនេះ ខណៈដែលលោកមានគោលជំហរចេញបទ Original song សុទ្ធដើម្បីដណ្ដើមការគាំទ្រ។

លោកឃុន វុត្ថា បានថ្លែងឲ្យដឹងដែរថា “ក្រោយពេលក្លាយជាតារាចម្រៀងរបស់រស្មីហង្សមាស និងផលិតកម្ម We Production តាមរយៈកម្មវិធី “The voice Cambodia” រដូវកាលទី១ លោកពិតជាមានភាពកក់ក្ដៅ ខណៈដែលលោកទាញបានចំណែកទីផ្សារគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ លោកមានបទចម្រៀងថ្មីៗចរាចរនៅលើទីផ្សារជាបន្តបន្ទាប់ រួមទាំងបទ Original song ផងដែរ។លោកថា ចាប់ពីឆ្នាំ២០១៨ នេះទៅ លោកនឹងចេញតែបទ Original song សុទ្ធ ដោយពុំយកបទគេមកច្រៀងឡើងវិញ ឬចម្លងពីគេនោះទេ គឺលោកកំពុងតែប្រឹងប្រែងពង្រឹងទីផ្សារចម្រៀងរបស់ខ្លួនឲ្យកាន់តែមានគ្រឹះរឹងមាំជាងនេះបន្ថែមទៀត។

លោកវុត្ថា បន្តថា “បច្ចុប្បន្ននេះ ក្រៅពីក្រុមហ៊ុនធ្វើបទឲ្យលោកច្រៀង លោកក៏ធ្វើបទ Original song ដោយខ្លួនឯងផងដែរ ខណៈដែលលោកនៅមានកុងត្រាជាមួយរស្មីហង្សមាស រយៈពេល២ឆ្នាំបន្តទៀត។

បើទោះបីទូរទស្សន៍ហង្សមាស កំពុងសម្រុកផលិតភាពយន្តជាច្រើន ដែលតារាចម្រៀងជាច្រើនមានឱកាសថតដើម្បីទាញសំឡេងគាំទ្របន្ថែម ប៉ុន្តែសម្រាប់លោកឃុន វុត្ថា ពុំទាន់បាន​បញ្ចេញសមត្ថភាពសម្ដែងនៅក្នុងភាពយន្តណាមួយទេ តែលោកវុត្ថា បានបង្ហើបថា រស្មីហង្សមាស ក៏មានគម្រោងឲ្យលោកថតភាពយន្តផងដែរ ខណៈដែលចូលចិត្តសម្ដែងជាតួស្លូតជាងតួកាច ហើយលោករំពឹងថា ក្រៅពីទទួលបានការគាំទ្រនៅក្នុងអាជីពចម្រៀងលោកនឹងអាចដណ្ដើមបានភាពលេចធ្លោមួយកម្រិតថែមទៀត តាមរយៈការសម្ដែងភាពយន្តផងដែរ ដែលលោកស្រលាញ់ទាំងអាជីពចម្រៀងនិងសម្ដែង។

មានការកត់សម្គាល់ថា នៅក្នុងពិធីខួបកំណើតរបស់លោកឃុន វុត្ថា យប់មិញនេះ មានតារាសិល្បៈជាច្រើនចូលរួមអបអរលើកទឹកចិត្តលោក ជាពិសេសនោះ គេឃើញមានអតីតបេក្ខជនបេក្ខនារី “The voice  cambodia” រួមជំនាន់ជាច្រើនបានចូលផងដែរ ដែលធ្វើឲ្យពិធីនោះកាន់តែអធិកអធម ស្របពេលដែលលោកវុត្ថា សប្បាយរីករាយយ៉ាងក្រៃលែងនៅក្នុងពិធីខួបលើករាសីនោះ៕

RELATED ARTICLES