Friday, March 29, 2024
Homeព័ត៌មានជាតិខឹងប្រពន្ធនាំប្រុសថ្មីឡើងផ្ទះសំណាក់ ប្តីរឹតកសម្លាប់ សមត្ថកិច្ចតាមចាប់ដល់ខេត្តព្រះសីហនុ

ខឹងប្រពន្ធនាំប្រុសថ្មីឡើងផ្ទះសំណាក់ ប្តីរឹតកសម្លាប់ សមត្ថកិច្ចតាមចាប់ដល់ខេត្តព្រះសីហនុ

ភ្នំពេញ ៖ ជនដៃដល់ជាឃាតករដែលបានធ្វើសកម្មភាពរឹតកសម្លាប់ប្រពន្ធនៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយចាប់ខ្លួន ជនជាឃាតករបានសារភាពថា មូលហេតុដែលរូបគេដាច់ចិត្តរឹតកសម្លាប់ប្រពន្ធ ដោយសារតែខឹងនឹងប្រពន្ធនាំប្រុសថ្មីឡើងផ្ទះសំណាក់រួមរ័ក។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនដៃដល់ជាឃាតកររឹតកសម្លាប់ប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះសេង ទ្រីង ហៅទី អាយុ៣១ឆ្នាំ ចាប់ខ្លួនបាននៅចំណុចក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាកន្លែងដែលជនសង្ស័យរូបនេះបានសម្ងំលាក់ខ្លួន ក្រោយពេលធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួនឯងរួច។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះព្រីម បូផា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ QMI ស្នាក់នៅបន្ទប់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករបានសារភាពថា នៅមុនពេលកើតមានរឿងរ៉ាវឈ្លោះប្រកែកគ្នា និងឈានដល់ការរឹតកសម្លាប់ប្រពន្ធនេះ គឺនៅពេលល្ងាច រូបគេបានប្រពន្ធ (នារីរងគ្រោះ) នៅក្នុងហាងផឹកស៊ីមួយកន្លែង យីហោ ច័ន្ទ តារា ស្ថិតនៅម្តុំខាងក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងបុរសម្នាក់ បន្ទាប់មក ប្រពន្ធនេះបាននាំប្រុសថ្មីនោះឡើងផ្ទះសំណាក់រួមរ័កគ្នា។ ភ្លាមនោះ រូបគេមិនបានទៅតាមរករឿងប្រពន្ធភ្លាមៗទេ គឺបានត្រឡប់មកផ្ទះវិញដេក ចំណែកប្រពន្ធបានឡើងដេកជាមួយប្រុសថ្មីក្នុងផ្ទះសំណាក់ រហូតដល់ព្រឹកឡើង ទើបវិលត្រឡប់មកផ្ទះវិញ។

ជនសង្ស័យបានបន្តសារភាពថា ពេលប្រពន្ធមកដល់ផ្ទះ រូបគេបានសួរនាំប្រពន្ធពីរឿងនាំប្រុសឡើងផ្ទះសំណាក់ រួចក៏កើតមានជម្លោះជាមួយគ្នាយ៉ាងខ្លាំង រហូតមកដល់ល្ងាចឡើង រូបគេក៏បានធ្វើសកម្មភាពរឹតកសម្លាប់ប្រពន្ធចោល រួចចាក់សោចោលទុកក្នុងបន្ទប់ជួល ចំណែករូបគេបានរត់គេចទៅសម្ងំលាក់ខ្លួននៅក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

ជនសង្ស័យជាឃាតករ បានបញ្ជាក់ថា មុននេះរូបគេធ្លាប់មានប្រពន្ធម្តងរួចហើយ និងបានរួមរស់បង្កើតបានកូនប្រុស២នាក់ ក្រោយមក ប្រពន្ធក៏បានឈឺស្លាប់ចោលរូបគេបាត់ទៅ ទើបរូបគេបានទាក់ទងស្គាល់នារីរងគ្រោះខាងលើ ដែលដំបូងឡើយ គឺជាអ្នកបម្រើការក្នុងហាងផឹកស៊ីខាងលើ លុះក្រោយពីចាប់ដៃគ្នា ប្រពន្ធនេះក៏ឈប់ធ្វើការនៅហាងនោះ ដោយចូលមកធ្វើការនៅរោងចក្រវិញម្តង តែប្រពន្ធនៅតែបន្តទាក់ទងជាមួយនឹងប្រុសឈ្មោលជានិច្ច រហូតដល់រូបគេបានតាមដានដឹង និងកើតមានរឿងហេតុបែបនេះតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ផ្លូវលំ ក្រុម២ ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយស្ត្រីម្នាក់ត្រូវប្តីហេងស៊យធ្វើសកម្មភាពរឹតកសម្លាប់ រួចរុំសពក្នុងភួយជិតឈឹង ដាក់ចោលក្នុងបន្ទប់ រួចចាក់សោពីខាងក្រៅគេចខ្លួនបាត់ លុះ៣ថ្ងៃក្រោយ សាកសពស្អុយរលួយធុំក្លិនដល់អ្នកជិតខាងទ្រាំមិនបាន នាំគ្នាកាត់ផ្តាច់សោចូលទៅមើល ក៏ប្រទះឃើញសាកសពស្ត្រីរងគ្រាះស្លាប់ រហូតដល់ស្អុយរលួយបាត់ទៅហើយ។

តាមសម្តីបុរសជាម្ចាស់ផ្ទះជួល ឈ្មោះសំ ប៊ុនធឿន អាយុ៥៣ឆ្នាំ រស់នៅផ្ទះកើតហេតុ (ជាន់ក្រោម) បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បានមកជួលបន្ទប់របស់គាត់ស្នាក់នៅអស់រយៈពេល២សប្តាហ៍មកហើយ ដោយស្នាក់នៅជុំគ្នាជាមួយប្តី រួមនឹងកូនប្រុសតូចៗ២នាក់ផង ដោយមិនទាន់ទាំងបង់លុយថ្លៃផ្ទះជួលផង។ តាមអ្វីដែលគាត់ដឹង ស្ត្រីរងគ្រោះត្រូវជាប្រពន្ធក្រោយនោះទេ ចំណែកកូនប្រុសតូចៗ២នាក់នោះ គឺជាកូនខាងប្តី។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុរយៈពេលប្រមាណ៤-៥ថ្ងៃមកនេះ គាត់មិនបានឃើញក្រុមគ្រួសារស្ត្រីរងគ្រោះចុះមកខាងក្រោមសោះ។ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ គាត់បានធុំក្លិនស្អុយភាយចេញពីបន្ទប់ជួលដែលស្ត្រីរងគ្រោះស្នាក់នៅ លុះពេលពិនិត្យមើលឃើញបន្ទប់នោះបានចាក់សោពីក្រៅជាប់ តែដោយធុំក្លិនស្អុយខ្លាំងពេកទ្រាំមិនបាន មានការសង្ស័យ ទើបគាត់សម្រេចចិត្តនាំគ្នាកាត់សោទ្វារចូលទៅមើល ស្រាប់ប្រទះឃើញសាកសពស្ត្រីរងគ្រោះដេកស្លាប់រហូតដល់ស្អុយរលួយទៅហើយ ទើបបង្កឱ្យភ្ញាក់ផ្អើលឡើង និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។

តាមសម្តីបុរសឈ្មោះធា រិទ្ធ អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ត្រូវជាកូនម្ចាស់ផ្ទះ បានឱ្យដឹងថា ប្តីប្រពន្ធនិងកូនដែលទើបមកជួលបន្ទប់លេខ៤២ ជាន់ទី៣ ស្នាក់នៅទើបតែបាន២សប្តាហ៍ប៉ុណ្ណោះ ហើយពួកគាត់មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយ។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ប្តីប្រពន្ធខាងលើបានកើតមានជម្លោះនឹងគ្នា តែមិនដឹងថាផ្តើមពីរឿងអ្វីនោះទេ លុះដល់ថ្ងៃទី១២ ខែធ្នូ ក៏ឃើញស្ត្រីរងគ្រោះជាប្រពន្ធប្រមូលអីវ៉ាន់ខោអាវ ចំនួន៣ថង់ ឡើងជិះម៉ូតូកង់បីចេញទៅបាត់ រហូតដល់ល្ងាចទើបត្រឡប់មកវិញ ហើយគាត់ក៏មិនបានចាប់អារម្មណ៍អ្វីទៀតដែរ។ លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ក៏ឃើញបុរសជាប្តីដឹកដៃកូនប្រុស២នាក់ចុះ ហើយឡើងជិះម៉ូតូឌុបចេញទៅបាត់រហូត រីឯបន្ទប់វិញឃើញចាក់សោជាប់ពីក្រៅរហូត។ ស្រាប់តែមកដល់ថ្ងៃទី១៥ ខែធ្នូ មានអ្នកស្នាក់នៅបន្ទប់ជាន់លើ ចេះតែពោលថា ធុំក្លិនភាយស្អុយ និងបានមកប្រាប់ពួកគាត់ជាម្ចាស់ផ្ទះ ប៉ុន្តែពួកគាត់នឹកស្មានថា ស្អុយក្លិនត្រីប្រឡាក់ ទើបមិនចាប់អារម្មណ៍ រហូតមកដល់ព្រឹកថ្ងៃទី១៧ ធុំក្លិនស្អុយកាន់តែខ្លាំងឡើង រហូតអ្នកស្នាក់នៅបន្ទប់ក្បែរខាងដេកមិនកើត ទ្រាំមិនបានជាមួយក្លិនស្អុយ ទើបមកប្រាប់ពួកគាត់ និងនាំគ្នាឡើងទៅមើល ព្រមទាំងបានកាត់សោទ្វារចូលទៅមើលខាងក្នុង ក៏ប្រទះឃើញសពមនុស្សដេកស្លាប់ ដណ្តប់ភួយជិតទៅវិញ។

ដោយឡែកតាមសម្តីស្ត្រីឈ្មោះគឹម ធាវ៉ាត អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់កើតហេតុ បានឱ្យដឹងថា ៣ថ្ងៃមកហើយ ដែលនាងបានធុំក្លិនស្អុយចម្លែកបែបនេះ ហើយទើបតែនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ដោយទ្រាំនឹងក្លិនស្អុយនោះលែងបាន នាងក៏បានប្រាប់ម្ចាស់ផ្ទះជួលឱ្យមកពិនិត្យមើល បែរជាប្រទះឃើញសាកសពមនុស្សទៅវិញ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យសាកសព ឃើញថា សពជាស្ត្រីរងគ្រោះមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេង មុខខ្មៅហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្តូកជើងក្បាលទៅជញ្ជាំងដណ្តប់ភួយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច នេះជាករណីឃាតកម្ម ដោយសង្ស័យថាបុរសជាប្តីគឺជាជនដៃដល់ រឹតកសម្លាប់ប្រពន្ធ តាំងពីព្រឹកថ្ងៃទី១៣ ហើយក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់ជាឃាតករដែលត្រូវជាប្តីស្ត្រីរងគ្រោះ បានយកភួយរុំសាកសពទុកក្នុងបន្ទប់ រួចចាក់សោពីខាងក្រៅ និងបាននាំកូនប្រុស២នាក់រត់គេចខ្លួនបាត់តែម្តង ចំណែកអ្នកក្បែរខាង និងម្ចាស់ផ្ទះជួលមិនបានដឹងនោះទេ រហូតដល់សាកសពភាយក្លិនស្អុយ ទ្រាំលែងបាន ទើបនាំគ្នាកាត់សោចូលទៅមើល ឃើញសាកសពមនុស្ស ក៏កើតការភ្ញាក់ផ្អើលឡើងតែម្តង។

ទីបំផុតឈាមស្រែកស្បែកហៅ បន្ទាប់ពីសម្ងំលាក់ខ្លួនអស់រយៈពេលជាងកន្លះខែ សមត្ថកិច្ចក៏ស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជន ដៃដល់ជាឃាតករបាននៅក្នុងខេត្តព្រះសីហនុ និងត្រូវបានសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ នាំខ្លួនយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES