Friday, April 26, 2024
Homeព័ត៌មានជាតិឃាតកររឹតកសម្លាប់ស្ត្រីវ័យចំណាស់ សារភាពថា "ព្រោះតែខឹងជនរងគ្រោះដើរនិយាយពេញភូមិ រឿងខ្លួនជិះម៉ូតូបុកគេស្លាប់ មិនព្រមសង"

ឃាតកររឹតកសម្លាប់ស្ត្រីវ័យចំណាស់ សារភាពថា “ព្រោះតែខឹងជនរងគ្រោះដើរនិយាយពេញភូមិ រឿងខ្លួនជិះម៉ូតូបុកគេស្លាប់ មិនព្រមសង”

ខេត្តកណ្តាល ៖ ជនដៃដល់ជាឃាតករដៃឆៅដែលធ្វើសកម្មភាពរឹតកសម្លាប់ស្ត្រីវ័យចំណាស់ បណ្តាលឱ្យស្លាប់នៅក្នុងគុម្ពោតព្រៃ ត្រង់ចំណុចដីទួលមួយកន្លែង ស្ថិតក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៣ និង០៧នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។

ជនដៃដល់ជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះមុត ម៉ុន អាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់ ឈ្មោះផុល ភាព សព្វថ្ងៃមុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល។ ចំណែកស្ត្រីចំណាស់រងគ្រោះដែលត្រូវឃាតកររឹតកសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះឃួន ខឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះសន ស៊ុយ អាយុ ៧៣ឆ្នាំ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍មាន សំណាង អធិការស្រុកអង្គស្នួល បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិ ហើយបានឃើញជនល្មើស និងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។ ពេលនោះ ជនរងគ្រោះបានស្រែកឡូឡាថាឱ្យ ចំណែកក្មេងៗបាននាំគ្នារត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រមារឹតកសម្លាប់ស្ត្រីរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។

លោកអធិការ បន្តថា លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង០៧នាទីរសៀល តាមរយៈសមត្ថកិច្ចជំនាញ និងស្រុក តាមការស៊ើបអង្កេតមានតម្រុយថា មុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រុំ។  បន្ទាប់មក កម្លាំងជំនាញខេត្ត បានតាមស្វែងរកជនល្មើស តែជនល្មើសដឹងខ្លួន ក៏រត់គេចទៅលាក់ខ្លួននៅចំណុចក្នុងគុម្ពោតព្រៃ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ក៏ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល  ធ្វើការស្វែងរកចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ស្ត្រីរងគ្រោះតែម្នាក់ឯង។ ដោយកន្លងមក ខ្លួនខឹងនឹងស្ត្រីរងគ្រោះដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ ណាមួយខ្លួនស្អប់ស្ត្រីរងគ្រោះចេះធ្វើគ្រូធ្មប់។ ហើយដំបូងឡើយ មូលហេតុដែលរូបគេឆ្លើយភូតកុហកសមត្ថកិច្វថា ឈ្មោះហេង ម៉ានិត ហៅមុំ ថាបានផ្តើមគំនិតក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះហេង ម៉ានិត ហៅមុំ ជាមេជួញដូរគ្រឿងញៀន និងចង់សម្រាលទោសខ្លួនឯង។

គួររំលឹកថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចក្នុងព្រៃលើដីទួលមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ដោយស្ត្រីវ័យចំណាស់ម្នាក់បានដើរចេញពីផ្ទះ បំណងទៅផ្លាស់គោនៅឯស្រែ រួចក៏បាត់ខ្លួនសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ក៏នាំគ្នាដើរតាមស្វែងរកសព្វកន្លែង នៅតែមិនឃើញ លុះព្រឹកស្អែកឡើងតាមរកម្តងទៀត ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងគុម្ពោតព្រៃយ៉ាងអាណោចអាធ័ម ដោយមានក្រមារឹតជាប់នឹងក។

តាមប្រភពពីក្រុមគ្រួសារសព បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានទៅបុណ្យសង្ឃទាននៅផ្ទះអ្នកជិតខាង ដោយមានពាក់គ្រឿងអលង្ការ និងដាក់លុយចំនួន៥០០ដុល្លារ ជាប់ខ្លួនទៀតផង។ លុះដល់វេលាម៉ោងប្រហែល២រសៀលថ្ងៃដដែល ប្តីរបស់ស្ត្រីរងគ្រោះបានជិះម៉ូតូឌុបកូនស្រីម្នាក់ ហើយបានដួលម៉ូតូ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទើបស្ត្រីរងគ្រោះបានដាំទឹកក្តៅស្អំរបួសឱ្យប្តីគាត់រួចរាល់។ លុះវេលាម៉ោង៣រសៀលថ្ងៃដដែល ស្ត្រីរងគ្រោះក៏បានដើរចេញពីផ្ទះបំណងទៅផ្លាស់គោ ហើយក៏ស្រាប់តែបាត់រហូត មិនឃើញត្រឡប់ទៅផ្ទះវិញសោះឡើយ។

ប្រភពដដែលបន្តថា បន្ទាប់ពីបាត់យូរទៅៗ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ធ្វើឱ្យកូនៗនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរកគ្រប់ទីកន្លែងក្នុងភូមិ តែទោះជារកដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក៏នៅតែមិនឃើញសោះ ទើបនាំគ្នាត្រឡប់មកផ្ទះសម្រាកវិញសិន ចាំព្រឹកឡើងចាំបន្តរកទៀត។

ប្រភពខាងលើ បានបញ្ជាក់ថា បន្ទាប់មក នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ក្រុមគ្រួសារ រួមនឹងអ្នកភូមិបាននាំគ្នាចេញដើរតាមរកស្ត្រីរងគ្រោះម្តងទៀត ស្រាប់តែពេលទៅដល់ចំណុចកើតហេតុខាងលើ ជាព្រៃលើដីទួលមាត់ត្រពាំងពង្រ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងព្រៃនោះបាត់ទៅហើយ ដោយមានក្រមារឹតជាប់នឹងកទៀតផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានឱ្យដឹងថា ក្រោយពីត្រឡប់មកពីបុណ្យនៅផ្ទះអ្នកជិតខាងវិញ ស្ត្រីរងគ្រោះបានដោះគ្រឿងអលង្ការ រួមជាមួយលុយ ទុកនៅក្នុងទូក្នុងផ្ទះអស់ទៅហើយ ទើបចេញពីផ្ទះទៅផ្លាស់គោ ដោយនៅសល់តែចិញ្ចៀនចម្រៀកផ្តៅ ពាក់ជាប់ដៃ ១វង់ ប៉ុណ្ណោះ ហើយនៅពេលប្រទះឃើញសាកសព ចិញ្ចៀននេះក៏បានបាត់មិនឃើញឡើយ ដែលសង្ស័យឃាតករដោះយក ក្រោយពេលសម្លាប់រួច។

ទីបំផុត ឈាមស្រែកស្បែកហៅ ជនជាឃាតករដៃឆៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ វែកមុខនិងចាប់ខ្លួនបាន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

តាអាយុ73ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ 12ឆ្នាំ នៅកណ្តាលក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកដើរកាត់ផ្ទះក្មេងស្រីម្នាក់ ឃើញនៅតែម្នាក់ឯង ក៏កើតមានអារម្មណ៍តណ្ហាលបចូលទៅចាប់រំលោភសេពសន្ថវៈក្មេងស្រីនៅក្នុងខ្ទម តែត្រូវអ្នកភូមិប្រទះឃើញស្រែកឆោឡោផ្អើលសមត្ថកិច្ចចាប់ក្របួចជាប់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខ្ទមស្នាក់នៅ របស់ក្មេងស្រីរងគ្រោះ ស្ថិតនៅកណ្តាលក្រុងស្ទឹងត្រែង។

បុរសចំណាស់ល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីនោះ មានឈ្មោះប៉ុល គី អាយុ៧៣ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១២ឆ្នាំ ជាជនជាតិវៀតណាម។ អ្នកទាំង២ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសចំណាស់ខាងលើ គឺជាមនុស្សប្រមឹកចូលចិត្តដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយនៅមុនពេលកើតហេតុ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែកដើរកាត់ខ្ទមស្នាក់នៅរបស់ក្មេងស្រីរងគ្រោះជាជនជាតិវៀតណាមខាងលើ ឃើញក្មេងស្រីរងគ្រោះនៅតែម្នាក់ឯង មានឱកាសស្ងាត់ល្អ ក៏ចូលទៅធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈក្មេងស្រីទាំងកំរោល តែសំណាងល្អ ភ្លាមនោះ មានស្ត្រីជាអ្នកភូមិម្នាក់ប្រទះឃើញ ស្រែកឆោឡោ ធ្វើឱ្យបុរសចំណាស់ភ័យខ្លួនប្រុសរត់គេចខ្លួន តែត្រូវអ្នកភូមិព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមសម្តីស្ត្រីឈ្មោះព្រឿង រស់នៅក្បែរខ្ទមក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគាត់ឃើញបុរសចំណាស់ខាងលើ ដើរតាមផ្លូវទាំងអាការស្រវឹងទ្រេតទ្រោត តែមិនបានចាប់អារម្មណ៍អ្វីទេ លុះបន្តិច ក្រោយមកក៏ឮសម្រែកក្មេងស្រីរងគ្រាះស្រែក ទើបគាត់បានស្ទុះទៅមើលក៏ឃើញជនសង្ស័យ កំពុងប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះ ទើបគាត់បានស្រែកហៅអ្នកភូមិឱ្យជួយ ហើយក៏ព័ទ្ធចាប់ជនសង្ស័យបានប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះនាំខ្លួនជនសង្ស័យទៅសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន មូលហេតុដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពេក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

http://www.nokorthomdaily.com/2018/01/16012018506/

RELATED ARTICLES