Friday, April 19, 2024
Homeនយោបាយក្រុមប្រឆាំងប្រទាំងប្រទើសគ្នា អ្នកចូលរួមបង្កើតចលនាសង្គ្រោះជាតិ ជាមួយលោកសម រង្សុី ប្រកាសដកខ្លួនចេញ

ក្រុមប្រឆាំងប្រទាំងប្រទើសគ្នា អ្នកចូលរួមបង្កើតចលនាសង្គ្រោះជាតិ ជាមួយលោកសម រង្សុី ប្រកាសដកខ្លួនចេញ

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីលោកសម រង្ស៊ី បានប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” ហើយមានប្រតិកម្មមិនគាំទ្រ និងមិនទទួលស្គាល់ពី អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស អតីតតំណាងរាស្ត្រ អតីត យុវជន និងអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ពិសេសសអ្នកនៅក្រុម លោកកឹម សុខា (អតីតកូតាគណបក្សសិទ្ធិមនុស្ស) នោះមក លោកអ៊ុង រិទ្ធី អ្នកចូលរួម បង្កើតចលនាសង្គ្រោះជាតិ ជាមួយលោកសម រង្ស៊ី បានប្រកាសដកខ្លួនចេញពីចលនានេះ។

លោកអ៊ុង រិទ្ធី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលជាសមាសភាពមួយរូបក្នុងចំណាម៩រូប ដែលចូល រួមផ្តួចផ្តើមគំនិតបង្កើត “ចលនាសង្គ្រោះជាតិ” ជាមួយលោកសម រង្ស៊ី នោះ បានធ្វើលិខិតលាលែងចេញពីចលនាសង្គ្រោះជាតិ បន្ទាប់ពីលោក បានមើលឃើញថា ការបង្កើតចលនាសង្គ្រោះជាតិ នេះ ប្រទាំងប្រទើសគ្នា និងការមិនយល់ ស្របពីអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ អតីតតំណាងរាស្ត្រ អតីតយុវជន និងអតីតសកម្មជនមួយចំនួន ក្នុងនោះអ្នកដែល ចេញមុខប្រកាសមិនទទួលស្គាល់ចលនាសង្គ្រោះជាតិ រួមមាន លោកយ៉ែម បុញ្ញឫទ្ធិ លោកទួន យក់ដា លោកសួន រីដា លោកពិន រតនា លោកង៉ោ គឹមជាង លោកមុត ចន្ថា លោកម៉ៅ មុនីវណ្ណ ជាដើម។

លិខិតលាលែងចេញពីចលនាសង្គ្រោះជាតិ របស់លោកអ៊ុង រិទ្ធី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានខ្លឹមសារថា “ដោយ មើលឃើញពីការមិនយល់ស្របគ្នាក្នុងការបង្កើត ចលនាសង្គ្រោះជាតិ (Cambodia National Rescue Movement-CNRM) និងដើម្បីទុក ពេលក្នុងការពង្រឹងស្មារតីគណបក្សសង្គ្រោះជាតិ នៅក្នុងសហរដ្ឋអាមេរិក កាន់តែរឹងមាំបន្តទៀត ខ្ញុំបាទអ៊ុង រិទ្ធី សូមប្រកាសលាលែងចេញពី “ចលនាសង្គ្រោះជាតិ (CNRM)” ដែលទើបតែ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ។ រាល់ការ សម្រេច និងសកម្មភាពផ្សេងៗរបស់ចលនាថ្មី នេះ នឹងមិនពាក់ព័ន្ធដល់ការទទួលខុសត្រូវ របស់ខ្ញុំទៀតឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូន សមាជិក-សមាជិកា ជាក្រុមការងារ និង ថ្នាក់ដឹកនាំសាខាគណបក្សសង្គ្រោះជាតិ តាម រដ្ឋនានាក្នុងសហរដ្ឋអាមេរិក ទាំងអស់ មេត្តា ជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយ ចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ។

ក្នុងនាមខ្ញុំបាទជាប្រធានក្រុមទ្រទ្រង់ គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP-USA) ខ្ញុំនឹងរក្សាស្មារតីគណបក្ស សង្គ្រោះជាតិ ដើម្បីបន្តទាមទារឱ្យមានការ ដោះលែងលោកប្រធានកឹម សុខា និងអ្នកទោស នយោបាយទាំងអស់ ដោយឥតល័ក្ខខ័ណ្ឌ ទទួល ស្គាល់គណបក្សសង្គ្រោះជាតិ អនុញ្ញាតឱ្យស្ថាបនិក គណបក្សទាំង ១១៨រូប មានសិទ្ធិចូលរួមធ្វើ នយោបាយឡើងវិញ និងបន្តជំរុញឱ្យអន្តរជាតិ ដាក់សម្ពាធដើម្បីឱ្យមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ”។

លោកអ៊ុង រិទ្ធី

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ខណៈកំពុងស្ថិត នៅឯសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំសាធារណៈជាមួយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នោះ បានប្រកាសតាមទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អំពីការសម្រេច បង្កើត “ចលនាសង្គ្រោះជាតិ” រួមជាមួយអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដោយ ប្រមូលអ្នកប្រជាធិបតេយ្យទាំងអស់ ចូលរួម ដើម្បីទាមទារឱ្យមានការដោះលែងលោកកឹម សុខា និងអ្នកទោសមនសិការទាំងអស់ ព្រម ទាំងឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ ដោយមានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិ ដែលមានលោកកឹម សុខា ជាប្រធាន ទោះបីគណបក្ស សង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេច រំលាយចោលជាស្ថាពរ កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ ទៅហើយក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពីការ បង្កើត “ចលនាសង្គ្រោះជាតិ” ដែលលោកសម រង្ស៊ី បានបង្ហោះតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សមាសភាពអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលផ្តួចផ្តើមគំនិតបង្កើត “ចលនា សង្គ្រោះជាតិ” នោះ រួមមាន ១-លោកអេង ឆៃអ៊ាង ២-លោកជា គឹមលី ៣-លោកសម រង្ស៊ី ៤-លោកអ៊ុង រិទ្ធី ៥-លោកគា រី ៦-លោកស្រី ជូឡុង សូមួរ៉ា ៧-លោកស្រីមួរ សុខហួរ ៨-លោកតុ វ៉ាន់ចាន់ និង៩-លោកទួន យក់ដា។

សេចក្តីថ្លែងការណ៍របស់ “ចលនាសង្គ្រោះជាតិ” ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នោះ មានខ្លឹមសារថា “យើងដែលមានឈ្មោះដូច ខាងក្រោម ជាថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនអាចទទួល យកបានទេ នូវស្ថានភាពនយោបាយដ៏អាក្រក់ ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ។ ស្ថិតក្នុងស្ថានភាពនេះ និងដោយមានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន យើងកំពុងរៀបចំបង្កើត ចលនាសង្គ្រោះជាតិ (CNRM) ដែលចលនា នេះ នឹងធានាឱ្យមានការចូលរួមពីគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឱ្យ ដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ ដោយមាន ការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលមាន លោកកឹម សុខា ជាប្រធាន។

យើងសូមអំពាវនាដល់បងប្អូនជនរួមជាតិ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ និន្នាការនយោបាយ ចូលរួមជាមួយចលនាសង្គ្រោះជាតិ ដើម្បីការពារឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ។

សូមរង់ចាំទទួលព័ត៌មានបន្ថែមទៀត អំពី ចលនាសង្គ្រោះជាតិ របស់យើង នាពេលដ៏ខ្លី ខាងមុខនេះ”។

ទោះជាយ៉ាងណា ជុំវិញប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី និង អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ខាងលើនេះ មានប្រតិកម្មមិនគាំទ្រពីអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅ ប្រទេស អតីតតំណាងរាស្ត្រ អតីតយុវជន និង អតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ពិសេសសអ្នកនៅក្រុមលោកកឹម សុខា (អតីតកូតាគណបក្សសិទ្ធិមនុស្ស)។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប រួមមាន លោកសួន រីដា លោកពិន រតនា និងលោកង៉ោ គឹមជាង រួមជាមួយតំណាង សាខាអតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋ អាមេរិក ចំនួន៤៧រូបទៀត បានចេញសេចក្តីប្រកាស ព័ត៌មានបញ្ជាក់ថា មិនចូលរួមជាមួយ “ចលនា សង្គ្រោះជាតិ” របស់លោកសម រង្ស៊ី នោះទេ ដោយអះអាងពីជំហររក្សានិងការពារគណបក្សសង្គ្រោះជាតិ ហើយនិងបន្តការតស៊ូក្នុងក្របខ័ណ្ឌ និងដំបូលគណបក្សសង្គ្រោះជាតិ តែមួយ ដោយគ្មានការផ្លាស់ប្តូរ ឬការបែកបាក់គ្នាឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់អតីតតំណាងរាស្ត្រ និងតំណាងសាខាអតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ចំនួន៥០រូប នោះ មានខ្លឹមសារថា “យើងខ្ញុំដែលមានរាយនាម និងហត្ថលេខាខាងក្រោម សូមជម្រាបជូន សាធារណជនថា យើងខ្ញុំនៅតែរក្សាជំហរគោរព តាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់គណបក្ស សង្គ្រោះជាតិ លេខ ៧១២/១៧ គ.ស.ជ ចុះ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេច របស់តុលាការកំពូល ដែលបានរំលាយគណបក្ស សង្គ្រោះជាតិ។

យើងខ្ញុំនៅតែបន្តការតស៊ូនយោបាយ ក្នុង ក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ជានិច្ច និងគ្រប់ កាលៈទេសៈ ដើម្បីឱ្យមានការដោះលែងលោក ប្រធានកឹម សុខា និងអ្នកទោសមនសិការទាំងអស់ ដោយឥតលក្ខខណ្ឌ និងទាមទារយកគណបក្សសង្គ្រោះជាតិ មកវិញ។ យើងខ្ញុំមិនចូលរួមជាមួយចលនា ឬក្រុមអ្នកនយោបាយណា មួយក្រៅពីគណបក្សសង្គ្រោះជាតិ នោះឡើយ។

អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវ ដល់សមាជិក សមាជិកា នៃគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ បន្តគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងការតស៊ូដើម្បីនាំមកនូវការផ្លាស់ប្តូរ ជាវិជ្ជមាន និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ជូនជាតិមាតុភូមិយើង”។

ដោយឡែក លោកទួន យក់ដា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយរូបទៀត ដែលមានឈ្មោះក្នុងសមាសភាព អ្នកចូលរួមបង្កើតចលនាសង្គ្រោះជាតិ ដែរនោះ ក៏បានប្រកាសមិនទទួលស្គាល់ចលនាសង្គ្រោះជាតិ នោះដែរ ដោយលោកបានចេញសេចក្តី ជូនដំណឹងមួយ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដែលមានខ្លឹមសារថា “ខ្ញុំបាទ ទួន យក់ដា សូម ជម្រាបប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឱ្យបានជ្រាបថា ៖ គោលគំនិតនៃការរៀបចំ ចលនាសង្គ្រោះជាតិ ដើម្បីស្រោចស្រប់ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដូចមាន ក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ចុះថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គឺ ស្ថិតក្នុងដំណាក់កាលពិភាក្សាមិនទាន់ដាច់ស្រេច និងមិនទាន់បានសម្រេចនៅឡើយទេ។ ហេតុ ដូច្នេះ រាល់សេចក្តីថ្លែងការណ៍ទាំងឡាយណា ដោយមិនបានសម្រេចនេះ ហើយមានឈ្មោះ ខ្ញុំបាទ គឺខ្ញុំបាទមិនទទួលស្គាល់ឡើយ។

អាស្រ័យដូចបានជូនដំណឹងខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងខាងក្នុង និងក្រៅ ប្រទេស ជ្រាបជាព័ត៌មាន”។

លោកយ៉ែម បុញ្ញឫទ្ធិ

ជាមួយគ្នានេះ លោកយ៉ែម បុញ្ញឫទ្ធិ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និង ជាអតីតតំណាងរាស្ត្រមួយរូប បានថ្លែងក្នុងវេទិកា ជួបអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានកញ្ញា កឹម មនោវិទ្យា កូនស្រីលោកកឹម សុខា អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួន ទៀតចូលរួមផងដែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា លោកមិនបានដឹងពីបំណងនៃ ការរៀបចំចលនាសង្គ្រោះជាតិ នេះទេ ក៏ប៉ុន្តែ ជាសិទ្ធិរបស់បុគ្គលគ្រប់រូបខ្មែរគ្រប់រូប មាន សិទ្ធិបង្កើតសមាគម អង្គការបាន ក៏ប៉ុន្តែអ្វីដែល ត្រូវពិនិត្យ គឺថាជាចលនាមហាជនមិនធ្វើនយោបាយ ដូច្នេះបើមិនធ្វើនយោបាយ ត្រូវដកឈ្មោះ គណបក្សសង្គ្រោះជាតិ ចេញវិញឱ្យលឿន ពីព្រោះ គណបក្សសង្គ្រោះជាតិ ធ្វើនយោបាយ។

លោកយ៉ែម បុញ្ញឫទ្ធិ បានព្រមានថា នៅ ក្នុងសេចក្តីថ្លែងការណ៍របស់ចលនាសង្គ្រោះជាតិ នោះ មានឈ្មោះគណបក្សសង្គ្រោះជាតិ នៅក្នុង ហ្នឹង ដែលមានលោកកឹម សុខា ជាប្រធាន ហើយលោកកឹម សុខា មិនទាន់បានដឹងទេ ដូច្នេះ បើសិនណាចលនាសង្គ្រោះជាតិ យកទៅធ្វើ សកម្មភាពអីមួយមានបញ្ហានោះ លោកកឹម សុខា នឹងត្រូវទទួលខុសត្រូវ ហើយលោកកឹម សុខា នឹងជាប់គុកគ្មានថ្ងៃចេញឡើយ។

លោកយឹម ស៊ីណន អតីតយុវជននៃអតីត គណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង ក៏មិនយល់ស្របចំពោះការបង្កើតចលនាសង្គ្រោះជាតិ នេះដែរ ដោយលោកបានសរសេរក្នុងគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ថា “ក្នុងនាមខ្ញុំជាស្ថាបនិកដឹកនាំ ចលនាយុវជន Cnrp នៅប្រទេសកូរ៉េ ខ្ញុំមិន គាំទ្រដាច់ខាតនូវការបង្កើតឱ្យមានចលនា សង្គ្រោះជាតិ មួយនេះ ដែលមាននិន្នាការគាំទ្រ ពេញទំហឹងលើការរំលាយបក្សសង្គ្រោះជាតិ។ បើគ្មានការឯកភាពពីគ្រប់ភាគីចរន្តនៃការបែកបាក់នឹងកើតមាន”។

លោកមុត ចន្ថា អតីតជំនួយការ និងអតីត នាយកខុទ្ទកាល័យលោកកឹម សុខា បានសរសេរ ក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ថា “ស្អីទៅចលនាថ្មី? យុទ្ធសាស្ត្រស៊ីឈ្នួលចាញ់ បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើអត្តឃាតនយោបាយ”។

លោកមុត ចន្ថា

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោក មុត ចន្ថា បានសរសេរបន្ថែមថា “លោកកឹម សុខា កំពុងជាប់ពន្ធនាគារ ដោយសារការពារ គណបក្សសង្គ្រោះជាតិ ហើយលោកនឹងនៅតែ រក្សាគោលជំហរការពារគណបក្សសង្គ្រោះជាតិ ដដែល។ ការតស៊ូទៅមុខទៀតរបស់លោក គឺ ត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដដែល ដោយគ្មានការផ្លាស់ប្តូរ។ លោក ប្តេជ្ញាមិនបោះបង់ចោលគណបក្សសង្គ្រោះជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះសង្គ្រោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋជាងបីលាន ឬពាក់កណ្តាលប្រទេស។ សិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសនូវជម្រើស និងឱកាសនយោបាយ ស្របតាមបំណងប្រាថ្នា រៀងៗខ្លួន”។

ដោយសារតែមានភាពប្រទាំងប្រទើស និង ការមិនយល់ស្របពីអតីតថ្នាក់ដឹកនាំនៃអតីត គណបក្សសង្គ្រោះជាតិ អតីតតំណាងរាស្ត្រ អតីត យុវជននិងអតីតសកម្មជនមួយចំនួនដែលមិន ទទួលស្គាល់ចលនាសង្គ្រោះជាតិ បែបនេះហើយ ទើបលោកអ៊ុង រិទ្ធី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលជាអ្នកចូលរួមបង្កើតចលនាសង្គ្រោះជាតិ ជាមួយ លោកសម រង្ស៊ី បានប្រកាសដកខ្លួនចេញពី ចលនានេះ។

ទោះជាយ៉ាងណា លោកសម រង្ស៊ី អតីត ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់បន្ថែមថា ចលនាសង្គ្រោះជាតិ មិន បាច់រង់ចាំការឯកភាពពីក្រុមអ្នកដែលជិតស្និទ្ធ លោកកឹម សុខា នោះទេ គឺចលនាសង្គ្រោះជាតិ ត្រូវមានក្បាលម៉ាស៊ីនមួយច្បាស់លាស់ រឹងមាំ ដែលមានសេរីភាពចាត់ការធ្វើសេចក្តីសម្រេច ដើម្បីរុញនាវាគណបក្សសង្គ្រោះជាតិ ដែល សព្វថ្ងៃកំពុងគាំង ឱ្យឈានទៅមុខ។

លោកសម រង្ស៊ី បានអំពាវនាវឱ្យអ្នកនិយមលោកកឹម សុខា កុំចង្អៀតចង្អល់ជាមួយ ចលនាសង្គ្រោះជាតិ និងសូមតាមដានមើល ប្រតិកម្មលោកកឹម សុខា ខ្លួនឯងចុះ ពីព្រោះ ឥឡូវពិបាកធ្វើការណាស់ ដោយសារតែលោក កឹម សុខា នៅជាប់ក្នុងពន្ធនាគារ ហើយលោក ជឿជាក់ថា លោកកឹម សុខា នឹងគាំទ្រចំពោះ ចលនាសង្គ្រោះជាតិ។

លោកសម រង្ស៊ី បានថ្លែងនៅពេលនោះ ថា “…អ៊ីចឹងបើយើងឱ្យគណបក្សសង្គ្រោះជាតិ ទាមទារឱ្យលោកកឹម សុខា រួចខ្លួន អត់មាន ប្រសិទ្ធភាពទេ ទាល់តែមានកម្លាំងអីពីក្រៅ មានអ្វីមួយថ្មីដែលខ្លាំងជាង ដែលធំជាង ដែល មានឥទ្ធិពលជាងគណបក្សសង្គ្រោះជាតិ ដែល កំពុងតែជាប់គាំង អ៊ីចឹងហើយបានយើងត្រូវតែ បង្កើតចលនាសង្គ្រោះជាតិ។ ចលនាសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនរឹងមាំ អត់មានរតាត់រតាយ អត់មានសួរអ្នកនេះ ខ្លាចចិត្តអ្នកនោះ ចាំមើល អ្នកណាជិតស្និទ្ធជាមួយលោកកឹម សុខា សិន បានចេញមកប្រាប់ថា ដល់ណាដល់ណី? ចេញ អត់រួចទេ គាំង អាហ្នឹងគាំងរហូតអ៊ីចឹង អ៊ីចឹង ត្រូវមានក្បាលម៉ាស៊ីនមួយច្បាស់លាស់ ក្បាលម៉ាស៊ីនមួយរឹងមាំ ដែលមានសេរីភាព ដែល មានលទ្ធភាពចាត់ការធ្វើសេចក្តីសម្រេច ដើម្បី ឱ្យនាវាគណបក្សសង្គ្រោះជាតិ ឈានទៅមុខ”។

អ្នកនាំពាក្យបក្សកាន់អំណាច លោកសុខ ឥសាន ចាត់ទុកចលនាសង្គ្រោះជាតិ ដែលបង្កើត ឡើងដោយលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នោះ គឺជា ចលនាខុសច្បាប់ ឬជាចលនាឧទ្ទាម របស់ពួក ឧទ្ទាមក្រៅច្បាប់។

លោកសុខ ឥសាន មានប្រសាសន៍ថា ការ បង្កើតអង្គការ ឬចលនាណាមួយក្រៅច្បាប់ វា គឺជាសកម្មភាពបែបឧទ្ទាម ហើយកម្ពុជា មិន ទទួលស្គាល់ចលនាខុសនោះទេ ទោះបីជាប្រទេស ណាទទួលស្គាល់ក៏ដោយចុះ ហើយប្រសិនបើ ប្រជាពលរដ្ឋកម្ពុជារូបណាចូលរួមក្នុងចលនា ខុសច្បាប់នេះ ក៏ជាការរួមចំណែកខុសច្បាប់ដែរ។ ចំពោះពលរដ្ឋនៅក្រៅប្រទេសដែលចូលរួមជាមួយចលនានេះ គឺជាសិទ្ធិរបស់ពួកគេ តែប្រសិន បើពួកគេហ៊ានចូលក្នុងប្រទេសកម្ពុជា នឹងប្រឈម មុខជាមួយច្បាប់របស់កម្ពុជា។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ លោក សុខ ឥសាន បានបញ្ជាក់ជាថ្មីម្តងទៀតថា ឧបាយកលឧទ្ទាមខុសច្បាប់ ត្រូវបានបរាជ័យ ទាំងស្រុង ដោយសារពុំទទួលបានការជឿជាក់ ពីឆាកអន្តរជាតិ និងពីប្រជាជនកម្ពុជា ដែល កំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

លោកសុខ ឥសាន បានបញ្ជាក់ថា “ក្រោយ បក្សប្រឆាំង ត្រូវបានតុលាការកំពូល សម្រេច រំលាយចោល ស្របតាមបទល្មើសរបស់ខ្លួន និង បន្ទាប់ពីកឹម សុខា ត្រូវបានចាប់ខ្លួនពីបទសន្ទិដ្ឋភាពជាមួយបរទេស (ក្បត់ជាតិ) ប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់មក ក្រុមមន្ត្រី អតីតបក្សប្រឆាំង បានរត់ភៀសខ្លួនទៅក្រៅ ប្រទេស ដើម្បីទៅឱបដៃឱបជើងចៅហ្វាយនាយ ឱ្យជួយស្រោចស្រង់ខ្លួន ដោយវិធីផ្សេងៗ តាម ដែលអាចធ្វើបាន។ ប៉ុន្តែ ទោះបីខិតខំអង្វរករ យ៉ាងណា ក៏មិនឃើញហុចផលអ្វីដែលជាផលប្រយោជន៍ ឬផលចំណេញដល់ប្រទេសជាតិ និង ប្រជាជនបន្តិចណាសោះឡើយ។ ដូច្នេះហើយ មេឧទ្ទាមខុសច្បាប់ ម្តងរត់ទៅខាងនេះ ម្តងរត់ ទៅខាងនោះ ឆ្លេឆ្លាដូចមាន់ដង្កោកាច់”។

លោកសុខ ឥសាន បានបន្ថែមថា “ថ្មីៗនេះ ស្រាប់តែពួកគេបានបែកគំនិតបង្កើតរបស់ដែល ហៅថា ចលនាសង្គ្រោះជាតិ ស្អីគេនោះ ដោយ និយាយថា ដើម្បីបានដោះលែងកឹម សុខា ឱ្យ បក្សដែលស្លាប់ហើយរស់ទ្បើងវិញ ហើយថា ឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការជាថ្មី។ ចលនា សង្គ្រោះជាតិ ស្អីគេនោះ ដែលជាចលនាឧទ្ទាម ខុសច្បាប់ មិនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់នោះទេ ចំណែកស្ថានភាពប្រជាជន នៅ នឹងនធម្មតា គឺមិនមានការគាំទ្រចំពោះសកម្មភាពក្រុមប្រឆាំងទាំងនោះទេ។ ដោយសារអស់ ក្បួនហក់លោត ឥឡូវស្រាប់តែមកស្នើសុំឱ្យ លើកពេលបោះឆ្នោតទៅវិញ។ មេឧទ្ទាមខុសច្បាប់ យល់ច្រឡំហើយ មិនអាចយកប្រជាជនកម្ពុជា ធ្វើជាចំណាប់ខ្មាំងបាននោះទេ ទោះបីដោយតម្លៃ ណាក៏ដោយ កុំយល់ច្រឡំឱ្យសោះ។ ចំណែក កាលបរិច្ឆេទបោះឆ្នោត ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី កំណត់រួចហើយ។ ដូច្នេះ ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នឹង ប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ អត់ មានផ្លាស់ប្តូរនោះឡើយ”។

លោកសុខ ឥសាន បានបន្ថែមថា “ដោយសារមិនអាចរកវិធីដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា និងមិនអាចធ្វើបាបមកលើប្រជាជន កម្ពុជា ដែលកំពុងរស់នៅក្នុងសន្តិភាព ហើយ ដោយសារការស្នើនេះស្នើនោះទៅចៅហ្វាយនាយមិនបាន ពួកឧទ្ទាមខុសច្បាប់ បានបរាជ័យ យ៉ាងធ្ងន់ និងជាក់ស្តែង ដោយសារគ្មានការគាំទ្រ ពីមេខ្លោងបរទេស និងពីប្រជាជនកម្ពុជា នាំឱ្យ ពួកឧទ្ទាមខុសច្បាប់ទាំងនេះ នឹងឈានទៅរក ការវិនាសសាបសូន្យ នាពេលឆាប់ៗខាងមុខនេះ ជាមិនខានឡើយ”៕

ខៀវទុំ

RELATED ARTICLES