Friday, March 29, 2024
Homeនយោបាយភរិយាថា មិនហ៊ានដើរទៅណាឆ្ងាយ ខ្លាចទៅទទួលលោកកឹម សុខា ចេញពីគុកមិនទាន់

ភរិយាថា មិនហ៊ានដើរទៅណាឆ្ងាយ ខ្លាចទៅទទួលលោកកឹម សុខា ចេញពីគុកមិនទាន់

ភ្នំពេញ ៖ មិនទាន់មានព័ត៌មានវិជ្ជមាន ណាមួយពីខាងតុលាការថា លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុង ជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ពីបទក្បត់ ជាតិ “សន្ទិដិភាពជាមួយបរទេស” នឹងត្រូវដោះលែងនោះទេ ប៉ុន្តែតាមកញ្ញាកឹម សម្មាធីតា កូនស្រីទី២របស់លោកកឹម សុខា បានបញ្ជាក់ តាមបណ្តាញសង្គមហ្វេសប៊ុកថា អ្នកម្តាយរបស់ នាង (ភរិយាលោកកឹម សុខា) មិនហ៊ានដើរ ទៅណាឆ្ងាយទេ ខ្លាចទៅទទួលស្វាមីចេញពី គុកមិនទាន់។

កញ្ញាកឹម សម្មាធីតា បានសរសេរនៅក្នុង គណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ថា “ម្តាយខ្ញុំថា គាត់មិនហ៊ានដើរទៅ ណាឆ្ងាយទេ ក្រែងគេដោះលែងឪពុកខ្ញុំមកវិញ គាត់ទៅទទួលមិនទាន់។ ពេលនេះ ថ្ងៃប្រែជា ខែ គិតទៅគឺរាប់ម៉ឺនគីឡូម៉ែត្រហើយ បើនិយាយ ពីសាច់ជិះទៅមករបស់ម្តាយខ្ញុំ ពីភ្នំពេញ ទៅ ត្រពាំងផ្លុង”។

ទោះបីយ៉ាងណា លោកផែង ហេង មេធាវី ការពារក្តីលោកកឹម សុខា បញ្ជាក់ថា មកដល់ ពេលនេះ គ្មានសញ្ញាវិជ្ជមានណាមួយដែលថា លោកកឹម សុខា នឹងត្រូវដោះលែងតាមផ្លូវច្បាប់ នោះទេ មានតែការចរចានយោបាយប៉ុណ្ណោះ ទើបមានសង្ឃឹម។ ដូច្នេះចំពោះប្រយោគដែល ភរិយាលោកកឹម សុខា លើកឡើងថា មិនហ៊ាន ទៅណាឆ្ងាយ ខ្លាចមកមិនទាន់គេដោះលែង ស្វាមីចេញពីពន្ធនាគារនោះ គ្រាន់តែជាការបង្ហាញ អារម្មណ៍នឿយហត់ និងការចង់ឱ្យស្វាមីមាន សេរីភាពឡើងវិញតែប៉ុណ្ណោះ។

លោកផែង ហេង បានមានប្រសាសន៍ថា “មកដល់ម៉ោងនេះ មិនមានតម្រុយណាមួយទេ ហើយយើងបានប្តឹងឧទ្ធរណ៍ទៅនឹងដីកាសម្រេច មិនព្រមដោះលែងឱ្យគាត់នៅក្រៅឃុំបណ្តោះអាសន្ន ទៅសាលាឧទ្ធរណ៍ហើយៗសាលាឧទ្ធរណ៍ ក៏មិនទាន់បានកោះហៅ ឬក៏ដាក់កម្មវិធីកាត់ ដែរ។ អ៊ីចឹងសម្រាប់នីតិវិធី យើងអត់ទាន់បាន ទទួលការកោះហៅរបស់សាលាឧទ្ធរណ៍ ហើយ តម្រុយអីឯណាក៏អត់មានដែរ ហើយមានការ ជជែកនយោបាយ ក៏គេអត់មកជជែកជាមួយ មេធាវីដែរ កិច្ចការអស់ហ្នឹង។ ប៉ុន្តែយើងប្តឹង ឧទ្ធរណ៍ តាំងពីថ្ងៃព្រហស្បតិ៍ អាទិត្យមុន។ ក្នុង បណ្តឹងឧទ្ធរណ៍នោះ យើងសម្តែងការមិនពេញ ចិត្តនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរ នៅ សាលាដំបូងរាជធានីភ្នំពេញ ហើយយើងបាន សំអាងហេតុ និងបានលើកនីតិវិធីជូនហើយ ប៉ុន្តែតុលាការនៅតែមិនព្រមដោះលែងឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន។ ធម្មតា បើសិនជា សាលាឧទ្ធរណ៍ ពិចារណា ហើយគាត់បានពិនិត្យ ពិច័យទៅតាមអង្គហេតុនិងអង្គច្បាប់ដែលក្រុម មេធាវីបានលើក ខ្ញុំជឿថា តុលាការដោះលែង ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន មិនជាពិបាកធ្ងន់អី ទេ ព្រោះតាមធម្មតា គាត់មិនដែលមានចេតនា ណាមួយដែលថា ត្រូវរត់ចោលស្រុក ឬក៏មិន សហការក្នុងការចូលរួមជាមួយតុលាការនោះ ទេ”។

លោកផែង ហេង បន្តថា “វាជារឿង នយោបាយ បើអ្នកនយោបាយជជែកគ្នា វាឆាប់ ចប់ បើឱ្យតុលាការ យើងដឹងទាំងអស់គ្នាហើយ តុលាការយ៉ាងម៉េច។ អ៊ីចឹងគ្នាក៏ពិបាកណាស់ អ្នកនយោបាយឈ្លោះគ្នា យកទៅឱ្យអ្នកបច្ចេកទេសសម្រេច វាពិបាកបន្តិចហើយ។ ប៉ុន្តែយើង មានការអាណិតដល់ភរិយាលោកកឹម សុខា ដែរ ព្រោះយើងមើលចម្ងាយផ្លូវ វាជិត២០០គីឡូ ហើយគាត់ត្រូវធ្វើដំណើរទៅជួប ១អាទិត្យ ២ ដង មុនគាត់ទៅ៣ដងអីអ៊ីចឹង ហើយទៅ១ដង វិល១ជុំ ១ថ្ងៃវាល់ល្ងាចហ្នឹង ចម្ងាយផ្លូវយើង ដឹងហើយ មិនមែន១០០គីឡូ បើក១ម៉ោងឯណា ៣ម៉ោងក៏ខំទៀតតៃកុងឡាន។ អ៊ីចឹងឥឡូវ នេះ ១អាទិត្យ គាត់ទៅ២ដង ផ្ទុយពីមុន គាត់ ទៅ៣ដង។ ក្នុងពេលគាត់អញ្ជើញទៅនោះ យើងផ្តល់សេវាកម្មច្បាប់ឱ្យគាត់ អ៊ីចឹងមេធាវី យើងមិនបានទៅញឹកញាប់ទេ ប៉ុន្តែបើក្នុងករណី ចាំបាច់ យើងនឹងទៅភ្លាមដែរ”។

លោកមេធាវី បន្តទៀតថា ខ្ញុំមិនមានអី បញ្ជាក់បន្ថែមទេ គ្រាន់តែថាដូចលើកខាងដើម អ៊ីចឹង រឿងជម្លោះរបស់អ្នកនយោបាយ បើអ្នក នយោបាយជជែកគ្នា អាហ្នឹងវាឆាប់ចប់ ជាជាង មិនទទួលខុសត្រូវរៀងខ្លួន ហើយចេះតែនាំគ្នា រុញមកឱ្យអ្នកបច្ចេកទេស វល់ចុះវល់ឡើង ហើយ យើងមើលទៅ ទាំងចៅក្រម ទាំងព្រះរាជអាជ្ញា ទាំងមេធាវី គ្មានអ្នកណាចង់ធ្វើរឿងជម្លោះ នយោបាយទេ ព្រោះវាសុទ្ធតែមិនមានផលល្អ សម្រាប់អ្នកកាន់រឿងដូចគ្នាហ្នឹង។ អ៊ីចឹងបើថា អ្នកនយោបាយជជែកគ្នា អាហ្នឹងជជែកគ្នាតែ កន្លះម៉ោង ១ម៉ោង ចប់បណ្តោយ អាចដឹងលទ្ធផលផ្លូវការតែម្តង វាប្រសើរជាងទុកឱ្យអ្នកបច្ចេកទេស”។

គួរបញ្ជាក់ដែរថា ក្រោយពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយដោយសាលដីកា ស្ថាពរ របស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានផ្អាកសកម្មភាព នយោបាយរយៈពេល៥ឆ្នាំនោះ ក៏នៅតែស្នើ សុំជួបសួរសុខទុក្ខលោកកឹម សុខា ជាបន្តបន្ទាប់ដែរ តែតុលាការមិនដែលអនុញ្ញាតទេ គឺអនុញ្ញាតឱ្យតែលោកស្រី តែ ច័ន្ទមនោ ជា ភរិយាលោកកឹម សុខា និងមេធាវីរបស់លោក កឹម សុខា ចូលជួបប៉ុណ្ណោះ។

កន្លងមក លោកម៉ៅ មុនីវណ្ណ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាអតីតតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម លោកអ៊ូ ច័ន្នរ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោកជាម ច័ន្ទនី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោក កង គឺមហាក់ អតីតតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម និងលោកស្រីតែ ច័ន្ទមុនី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ព្រមទាំងសហការី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បានដាក់ លិខិតជម្រាបជូនលោកគី ឫទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ស្នើសុំចូលជួបសួរ សុខទុក្ខ លោកកឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។ ប៉ុន្តែនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោកគី ប្ញទ្ធី បានធ្វើលិខិតជម្រាបជូនមកលោក ម៉ៅ មុនីវណ្ណ ថា ដោយសារសំណុំរឿងកំពុងស្ថិត នៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវ ប្រមូលភ័ស្តុតាងនានា ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អនុញ្ញាតឱ្យបានតែមេធាវី និង ក្រុមគ្រួសារជនត្រូវចោទដែលមិនទាក់ទឹននៅ ក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលជួបសួរសុខទុក្ខ អាចអនុញាតឱ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់ មួយចំនួនរួចរាល់សិន៕

កុលបុត្រ

RELATED ARTICLES