Friday, April 19, 2024
Homeតារាខ្មែរនី មុនីនាថ ត្រូវប៉ាន់តែរឿងខ្មោច

នី មុនីនាថ ត្រូវប៉ាន់តែរឿងខ្មោច

តារាទឹកភ្នែកនី មុនីនាថ ធ្លាប់ត្រូវខ្មោចលងបះសក់ម្ដងហើយ កាលដែលនាងលេងរឿង ”នាងនាថបាត់ដំបង” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នោះ ស្រាប់តែពេលនេះត្រូវបានស្ថានីយទូរទស្សន៍នេះប្រគល់តំណែងឲ្យនាងលេងជាតួខ្មោចដែលស្នងអសុរកាយសណ្ឋិតទៀត តាមរយៈការធ្វើជាតួឯកក្នុងរឿង ”ទាយាទអសុរ” ដែលបានធ្វើពិធីសែនក្រុងពលីនៅសណ្ឋារគារសូហ្វីតែល ភោគីត្រា ភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ដោយមានតារាប្រុសស្រី និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

ប្រភពបានឲ្យដឹងថា ក្នុងចំណោមតារាស្រីស្អាតៗទាំងអស់របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នោះ គឺនី មុនីនាថ ត្រូវបានគេប្រគល់ឲ្យផ្ដាច់មុខតែម្ដង ក្នុងតំណែងជាតួ ”ខ្មោច” ហើយនាងបានចុះកុងត្រាជាមួយប៉ុស្ដិ៍លេខ៥ ដោយមិនអាចថតរឿងភាគឲ្យប៉ុស្ដិ៍ផ្សេងទៀតឡើយ។

ក្នុងជំនួបផ្ទាល់ តារាទឹកភ្នែករូបនេះ និយាយដោយសំណើចថា ”ខ្ញុំក៏មិនដឹងថាម៉េចបានអ្នកដឹកនាំចេះតែឲ្យខ្ញុំលេងជាតួខ្មោចដែរ តែមើលទៅប្រហែលជាមុខដូចខ្មោចហើយយ៉ាង? នេះជារឿងទី៤សម្រាប់ខ្ញុំ ក្នុងការថតឲ្យទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដោយរឿងទី១ គឺរឿង ”ស្ទឹងស្នេហា”, ទី២ ”ភ្លើងស្នេហ៍ភ្លើងឬស្យា”, ទី៣ ”នាងនាថបាត់ដំបង” និងរឿងទី៤ ”ទាយាទអសុរ” នេះ។ សម្រាប់ខ្ញុំក្នុងការថតកន្លងមក ចេះតែមានអារម្មណ៍ថាខ្លាចៗដែរ គ្រាន់តែថាមុននឹងថត ខ្ញុំត្រូវអុជធូបសុំម្ចាស់ទឹកម្ចាស់ដី គឹអីចឹងទៅ ហើយម្យ៉ាងទៀតពេលទៅក្នុងព្រៃ ថតហ្នឹងគេមានគ្នាច្រើន អីចឹងយើងមិនជាភ័យច្រើនទេ។ រឿងនេះមានថតជាមួយសត្វក្អែប ដង្កូវ អីដែរ ហើយដូចដឹងហើយថា សត្វវាពិបាកណាស់ មិនងាយបង្ហាត់ទេ។ តែអ្វីដែលខ្ញុំខ្លាចជាងគេ គឺសត្វពស់ គឺបើឃើញកុំថាឡើយថតជាមួយ គឺដឹងតែពីរត់តែម្ដង។ ខ្ញុំទទួលបានបទពិសោធន៍ច្រើន តាំងពីចូលកុងត្រាជាមួយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នេះ ព្រោះគាត់មានក្រុមការងារខ្មែរ-ថៃ សហការគ្នា ហើយតាមរយៈរឿងល្បីរបស់ថៃ ដែលយើងយកមកថតជាភាពយន្ដខ្មែរនេះ ខ្ញុំសង្ឃឹមថា នឹងមានការគាំទ្រពីទស្សនិកជនជាមិនខាន ព្រោះអីក្រុមការងារមានការសម្រិតសម្រាំងខ្លាំងណាស់”។

ដោយឡែក ជា លាងឈែ ដែលជាតួចៅនី មុនីនាថ បានថ្លែងថា ”នេះជាលើកទី២ហើយ ដែលខ្ញុំបានលេងជាមួយបងនាថ ដោយរឿងទី១ ខ្ញុំបានថតជាមួយគាត់ដែរ គឺរឿង ”ម្ជុលបាតសមុទ្រ”។ ចំពោះរឿង ”ទាយាទអសុរ” នេះខ្ញុំ ធ្វើជាចៅបងនាថ ហើយមានឈុតឆាកជាមួយគាត់ច្រើន ពិសេសខ្ញុំមានយន្តបង្ក្រាបគាត់បានដោយជោគជ័យទៀតផង”។

នី មុនីនាថ ដែលសម្ដែងតួឈ្មោះ ”មន្ថា” គឺជាតួឯកស្រី៣សម័យ អាយុ១៧, ៣២ និង៨២ឆ្នាំ ស្អាតបែបមនុស្សល្អ សម័យបុរាណ និងសម័យថ្មី វ័យ១៧ឆ្នាំ រូបរាងអ្នកបង្ហាញម៉ូដ លាយជាមួយលក្ខណៈតួស្រីក្នុងរឿងបុរាណ អាចផាត់មុខឲ្យក្រមុំវ័យកណ្ដាល និងវ័យចាស់បាន សាច់ស្បែកផូផង់ កែវភ្នែកស្រទន់ និងកាចឆ្នាស មានមន្ដគាថា មានអំណាចក្នុងខ្លួន ជារូបស្នងអសុរកាយសណ្ឋិតនៅរហូតដល់ថ្ងៃស្លាប់។ ក្រៅពីនី មុនីនាថ រឿង ”ទាយាទអសុរ” ក៏មានតារាសម្ដែងជាច្រើនដួងទៀតដែលចូលរួម មានដូចជា លោកជា លាងឈែ , ស្រេន វុធថា, កៀត ថារ៉ាត់, ហេង ដាវី, ខេន, សៅ ទីនី …, កញ្ញាជា ស្រីរ័ត្ន​, កឹម ស៊ីវឡាម, កែវ សុភាព, សុន សាលី, ម៉ា នីកា, កុម៉ារីអ៊ួន នីតា និងជា វណ្ណពុទ្ធាលី ជាដើម។

លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”រឿងនេះគឺមាន៤០ភាគ ហើយគ្រោងថតរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ទៅ នឹងត្រៀមដាក់បញ្ចាំងនៅចុងខែមេសា។ មូលហេតុដែលប៉ុស្ដិ៍លេខ៥ តម្រូវដាក់ឲ្យនី មុនីនាថ លេងជាតួខ្មោចជាបន្ដបន្ទាប់នោះ គឺដោយសារតែអានាថ មានត្រេមុខលេងរឿងបុរាណអបិយជំនឿ អីចឹងសមជាងលេងរឿងសម័យ តាមរយៈការសាកល្បងកន្លងមក។ ថ្វីត្បិតតែរឿងនេះជារឿងរបស់ថៃ មែន តែយើងបានកែច្នៃទៅជារឿងខ្មែរទៅហើយ និងចំពោះមូលហេតុដែលយើងមិនធ្វើរឿងថ្មីដោយខ្លួនឯងនោះ គឺដោយសារធនធានមនុស្សយើងនៅមានកម្រិត តែនៅពេលខាងមុខ យើងនឹងធ្វើរឿងថ្មីដោយខ្លួនឯង។ រឿង ”ទាយាទអសុរ” នេះ ខ្ញុំមិនទាន់អាចសន្និដ្ឋានថា ចំណាយអស់លុយប៉ុន្មានទេ ប៉ុន្តែគឺមានភាពប្រហាក់ប្រហែលរឿងមុនៗដែរ”។

តាមប្រភពថា ជាទូទៅការផលិតរឿងភាគខ្មែរ ដែលថតរយៈពេល៣ទៅ៤ខែ ចន្លោះពី៣០ទៅ៤០ភាគនោះ គឺចំណាយទឹកប្រាក់ខ្ទង់៥ម៉ឺនដុល្លារ ហើយថវិកាទាំងនោះខាងប៉ុស្ដិ៍បានមកពីខាង Sponsor ដែលឧបត្ថម្ភ។

អ្នកតំណាងលោកសុផា ឆៃវីរៈភុឆុង អគ្គនាយកប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”រឿង ”ទាយាទអសុរ” នេះជារឿងល្បីរបស់ថៃ ហើយពេលនេះប៉ុស្ដិ៍លេខ៥ បានយកមកកែច្នៃទៅជារឿងខ្មែរ។ ខ្ញុំជឿថា តារាខ្មែរយើងនឹងសម្ដែងបានល្អរឿងនេះជាមិនខាន ព្រោះពួកគាត់សុទ្ធតែមានសមត្ថភាពល្អៗ។ ជំនួសឲ្យលោកអគ្គនាយក ខ្ញុំសូមឲ្យតារាៗនិងក្រុមការងារទាំងអស់របស់ប៉ុស្ដិ៍លេខ៥ ជោគជ័យទាំងអស់គ្នានូវការថតរឿងនេះ”៕

RELATED ARTICLES