Thursday, April 25, 2024
Homeតារាខ្មែរពេជ្រ ចរណៃ ចាត់ទុកលោកខៃ ប្រសិទ្ធិ ជាឪពុកទី២

ពេជ្រ ចរណៃ ចាត់ទុកលោកខៃ ប្រសិទ្ធិ ជាឪពុកទី២

មុននេះបន្តិច តារាសម្ដែងរូបស្រស់ចេះក្បាច់គុណល្បុក្កតោ កញ្ញាពេជ្រ ចរណៃ បានធ្លាក់ខ្លួនឈឺធ្ងន់ដាច់សរសៃប្រើសបេះដូង និងប្រហោងបេះដូង ដោយពុំមានលទ្ធភាពវះកាត់ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឲ្យជឿនោះត្រូវបានអតីតតារាភាពយន្តល្បីឈ្មោះ លោកខៃ ប្រសិទ្ធិ បានចេញមុខជួយសង្គ្រោះនាងទាន់ពេល ដោយបានឧបត្ថម្ភប្រាក់ជិត២ម៉ឺនដុល្លារ ដើម្បីវះកាត់ដូចប្រស់ជីវិតនាងឲ្យរស់រានជាថ្មី ខណៈដែលចរណៃ ប្រកាសថា នាងមិនអាចបំភ្លេចគុណលោកប្រសិទ្ធិ អស់មួយជីវិត និងបានចាត់ទុកលោកដូចជាឪពុកទី២។

កញ្ញាពេជ្រ ចរណៃ ទើបបង្ហាញវត្តមានជាថ្មីនៅក្នុងពិធីសម្ពោធរឿង “ខ្មោចស៊ីឈ្នួល” នៅថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ ជាមួយនឹងសុខភាពរឹងមាំធម្មតា។ នាងថា ពេលនេះសុខភាពរបស់នាងបានល្អប្រសើរជាងមុនច្រើន ដែលអាចលេងសិល្បៈបានជាធម្មតាដោយគ្រាន់តែមិនទាន់អាចហាត់ក្បាច់គុណបានដូចមុន។

ចរណៃ បន្ថែមថា “ក្រោយការវះកាត់ ខ្ញុំត្រូវតាមដានសុខភាពនៅថៃ រយៈពេល១ឆ្នាំ ដូច្នេះក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យនាងថតឈុតវ៉ៃតប់ដូចមុនទេ គឺទាល់តែកន្លះឆ្នាំទៀត ទើបអាចថតឈុតទាំងនោះបាន”។

ចរណៃ បានឲ្យដឹងដែរថា “ដំណើរការវះកាត់បេះដូងរបស់នាងមាន៣ដំណាក់កាល ដោយត្រូវវះកាត់ឆ្អឹង យកបេះដូងមក ហើយត្រូវវះបេះដូងហ្នឹងបន្តទៀត ដើម្បីធ្វើការព្យាបាលដេរភ្ជិតបេះដូង និងតភ្ជាប់បេះដូងដែលដាច់រហែក។ នាងថា ពេលនោះនាងមិននឹកស្មានថា ក្រុមគ្រូពេទ្យថៃ អាចព្យាបាលបាន ខណៈមានការលើកឡើងពីក្រុមគ្រូពេទ្រថា បេះដូងនាងដល់ដំណាក់កាលដែលត្រូវផ្លាស់ប្ដូរដាក់បេះដូងសិប្បនិម្មិត។ តែទីបំផុត បេះរបស់នាងត្រូវបានជួសជុលបាន គឺនាងដូចរស់ម្ដងទៀត។

ចរណៃ បានលើកឡើងថា “អ្វីដែលនាងមិននឹកស្មានដល់នោះ នាងត្រូវបានលោកខៃ ប្រសិទ្ធិ ជួយជ្រែងនាងលើថ្លៃវះកាត់ ចំនួន១៨០០០ដុល្លារ ខណៈដែលនាងមិនធ្លាប់ស្គាល់ និងរាប់អានជិតស្និទ្ធជាមួយលោកប្រសិទ្ធិ ពីមុនមកសោះ។

ចរណៃ បន្ថែមថា “ខ្ញុំបានចាត់ទុកគាត់ប្រៀបដូចជាលោកឪពុកទី២ របស់ខ្ញុំ ដែលអាចនិយាយបានថា បើគ្មានគាត់ទេ ខ្ញុំក៏គ្មាន​ថ្ងៃនេះដែរ គឺខ្ញុំបានរស់រានជាថ្មីដោយសារតែបានគាត់ជួយ ហើយខ្ញុំពិតជាមិនអាចបំភ្លេចគុណគាត់អស់មួយជីវិត”។

តារាភាពយន្តដែលទើបឆ្លងផុតគ្រោះជីវិតរូបនេះ បានឲ្យដឹងដែរថា “ក្រោយពេលវះកាត់ លោកខៃ ប្រសិទ្ធិ នៅតែទំនាក់ទំនងសួរពីសុខទុក្ខនាងជាធម្មតា ប៉ុន្តែពុំមានទំនាក់ទំនងអ្វីក្រៅពីមិត្តភាពបងប្អូននោះទេ។ នាងអះអាងថា លោកប្រសិទ្ធិ ពុំមែនជួយនាងក្នុងចេតនា “ហុតទឹកសម្លឹងកាក” នោះឡើយ ហើយនាងបានចាត់ទុកលោកខៃ ប្រសិទ្ធិ ប្រៀបដូចជាឪពុកទី២របស់នាង ដែលមិនអាចបំភ្លេចបានអស់មួយជីវិត។ ក្រៅពីនេះ ចរណៃ ក៏បានអរគុណដល់សប្បុរសជននានា ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភដល់នាង រួមទាំងអ្នកសារព័ត៌មានផងដែរ ដែលជួយផ្សព្វផ្សាយពីស្ថានភាពជំងឺរបស់នាង រហូតលោកខៃ ប្រសិទ្ធិ បានឃើញ និងជួយនាង។

ចរណៃ បានឲ្យដឹងទៀតថា “នាងបានទទួលឱកាសការងារសិល្បៈជាថ្មីវិញហើយ ខណៈដែលទើបទទួលថតភាពយន្តខ្នាតធំចំនួន២រឿង ដែលត្រៀមចេញថតក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់អាចថតឈុតក្បាច់គុនបានទេ ក៏ព្រោះតែមុខរបួសមិនទាន់បានជាសះ។ នាងថា នាងនឹងប្រឹងប្រែងប្រឡូកសិល្បៈបន្តទៀត ដើម្បីបម្រើអារម្មណ៍បងប្អូនទស្សនិកជន និងនៅតែមានគោលជំហរជួយលើកស្ទួយក្បាច់គុណល្បុក្កតោ ដែលជាមរតករបស់ខ្មែរ៕

RELATED ARTICLES