Thursday, April 25, 2024
Homeតារាខ្មែរពេជ្រ សោភា សរសើរកូនព្រាប សុវត្ថិ និងហ្សាណា មិនដាច់ពីមាត់

ពេជ្រ សោភា សរសើរកូនព្រាប សុវត្ថិ និងហ្សាណា មិនដាច់ពីមាត់

ពេជ្រ សោភា ដែលជាតារាចម្រៀងជើងចាស់ម្នាក់នៅផលិតកម្មរស្មីហង្សមាស ហើយពេលនេះនៅតែអាចឈរជើងក្នុងចំណោមតារាស្រីឈានមុខគេនោះ ស្រាប់តែពេលនេះ សោភា បានចេញមុខសរសើរកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ ពេញៗមាត់តែម្ដង ហើយថែមទាំងព្យាករណ៍ថា ពួកគេនឹងអាចជោគជ័យនាពេលអនាគតផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០៩ ខែមករា តារាចម្រៀងរូបនេះបង្ហាញចំណាប់អារម្មណ៍ថា ”កូនប្រុសទាំង៣ របស់លោកព្រាប សុវត្ថិ មានសីលធម៌ល្អណាស់ សុជីវធម៌ខ្ពស់តែម្ដង។ ពួកគេទាំង៣នាក់ មិនដែលតាំងខ្លួនថា មានឪពុកជាតារាចម្រៀងល្បីអីទេ គេចេះដឹង ចាស់ទុំ និងគោរពរៀមច្បងក្នុងសិល្បៈ អាហ្នឹងមកពីក្រុមគ្រួសារគេថ្លៃថ្នូរ មានការអប់រំកូនបានល្អតែម្ដង។ ខ្ញុំសូមសរសើរបងសុវត្ថិ ដែលគាត់មានកូនសុទ្ធតែល្អៗយ៉ាងនេះ។ ចំពោះការដែលកូនព្រាប សុវត្ថិ ទាំង៣ ឈានចូលហង្សមាស នាពេលនេះ គឺជារឿងល្អ នឹងធ្វើឲ្យហង្សមាស កាន់តែមានរសជាតិគ្រប់ផ្នែកតែម្ដង ហើយតាមរយៈការជួបគ្នាតាមឆាកកន្លងមក ខ្ញុំឃើញកូនព្រាប សុវត្ថិ ល្អទាំង៣តែម្ដង គឺពួកគេមានទេពកោសល្យសិល្បៈ ឡូយៗណាស់”។

បើទោះជាពេជ្រ សោភា បានចេញមុខសរសើរចំពោះកូនលោកព្រាប សុវត្ថិ ថាជាធនធានដ៏ល្អមួយសម្រាប់ហង្សមាស នាពេលអនាគតក្ដី តែក្រោយពេលដែលសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ បានបង្ហាញខ្លួនក្នុងកម្មវិធីសន្និសីទកាសែត ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា កាលពីថ្ងៃទី០៨ ខែមករា ហើយហង្សមាស ប្រកាសថា អ្នកទាំង៣បានក្លាយទៅជាសមាជិករបស់ខ្លួននោះ ស្រាប់តែមានការរិះគន់ពីអ្នកលេងបណ្ដាញសង្គមថា ហង្សមាស និយមបក្សពួក និងខ្សែទៅវិញ ព្រោះថាពេលនេះ ម្ចាស់ពាន “The Voice Cambodia” រដូវកាលទី១ប៊ុត សីហា បានធ្លាក់ខ្លួនច្រៀងដូរបាយតាមអកដង់។ អ្នកខ្លះទៀតបានលើកឡើងថា បើគិតតែពីយកចូលតាមខ្សែអីចឹង តើហង្សមាស ចាំបាច់មានកម្មវិធីប្រលងចម្រៀងផ្សេងៗទៀតធ្វើអី?

ពេជ្រ សោភា និយាយមិនបង្អង់ថា ”ការប្រលងចម្រៀង គឺគេនៅតែធ្វើដដែល ចំណែកការជ្រើសចូល បើឃើញល្អៗហើយ គេយកចូលតែម្ដង មិនដូចគ្នា ឬមិនប៉ះពាល់ដល់កម្មវិធីប្រលងទេ។ ខ្ញុំសូមសរសើរចំពោះបទទី១ ”កែវភ្នែក” របស់កូនលោកព្រាប សុវត្ថិ នោះ បានបង្ហាញពីតំបន់ទេសចរណ៍ក្នុងស្រុកយើងសំខាន់ៗអីចឹង ពិតជាល្អ និងមានការទាក់ទាញខ្លាំងណាស់។ កូនៗព្រាប សុវត្ថិ ចេះរាំ ចេះភ្លេង និយាយទៅ គឺល្អមួយចប់ អីចឹងខ្ញុំគិតថា ហង្សមាស យកត្រូវតែម្ដង ហើយខ្ញុំចង់ឃើញហង្សមាស ជ្រើសបានតារាស្រីវ័យក្មេងល្អៗ ដូចកូនព្រាប សុវត្ថិ អីចឹងសម្រាប់ថ្ងៃក្រោយ ព្រោះពួកខ្ញុំស៊េរីមុន ចង់ចាស់ៗអស់ហើយ”។

ឆ្លើយតបសំណួរថា តើក្នុងចំណោមកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ តើពេជ្រ សោភា គិតថា ម្នាក់ណាដែលមានលក្ខណៈខ្លាំងដូចព្រាប សុវត្ថិ នោះ?

សោភា និយាយដោយប្រុងប្រយ័ត្នថា ”ខ្ញុំមិនមែនជាអ្នកវិភាគអីទេ! ខ្ញំគិតថា កូនៗបងសុវត្ថិ គឺល្អទាំង៣តែម្ដង។ ប៉ុន្តែតាមរយៈការជួបគ្នាតាមឆាកកន្លងមក ខ្ញុំយល់ថា កូនកណ្ដាលគាត់ (សុវត្ថិ មុនីនាគ) មានភាពប្រហាក់ប្រហែលទៅនឹងលោកព្រាប សុវត្ថិ ច្រើន។ ថ្ងៃមួយខ្ញុំទៅច្រៀងនៅឆាកជាមួយគ្នា ឮសំឡេងកូនកណ្ដាលបងសុវត្ថិ ច្រៀងបន្ទរឪពុកគេ គឺសំឡេងច្រឡំគ្នាតែម្ដង”។

បើទោះជានាពេលខាងមុខ ហង្សមាស ប្រកាសថា នឹងធ្វើឲ្យកូនប្រុសទាំង៣ របស់លោកព្រាប សុវត្ថិ ក្លាយទៅជា Super Star ក្ដី តែពេលនេះមហាជនមើលឃើញថា ផលិតកម្មធំជាងគេក្នុងស្រុកមួយនេះ កំពុងតែលើកស្ទួយស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេក ដែលជាអតីតបេក្ខភាព “Cambodian Idol” រដូវកាលទី១ មិនបានលើកពាន រ៉េត ស៊ូហ្សាណា ជាងតារាផ្សេងៗទៀតរបស់ហង្សមាស គឺប្រគល់ទាំងតំណែងជាតួឯកក្នុងភាពយន្ដ និងទម្លាក់បទល្អៗឲ្យច្រៀងព្រមគ្នាតែម្ដង។

ប្រភពបានឲ្យដឹងថា រ៉េត ស៊ូហ្សាណា ធ្វើឲ្យតារាថ្មីៗរបស់ហង្សមាស ច្រណែន ព្រោះតែស្រីស្អាតរូបនេះលេចមុខក្នុងស្ពតពាណិជ្ជកម្មធំ ហើយបានច្រៀង Concert ច្រើនជាងតារាផ្សេងៗទៀតរបស់ហង្សមាស ទៀតផង ព្រោះថាលោកថៅកែហង្សមាស ពេញចិត្ត។

ពេជ្រ សោភា ថ្លែងដោយរហ័សថា ”មិនមែនហង្សមាស លើកតែស៊ូហ្សាណា ម្នាក់ទេ គឺលើកស្មើៗគ្នាហ្នឹង។ និយាយទៅ កូនហ្នឹង (ហ្សាណា) តាមរយៈការដែលខ្ញុំបានធ្វើការជាមួយគាត់មួយរយៈនេះ ឃើញថា គេជាក្មេងដែលល្អមួយ ធ្វើការគោរពពេលវេលាណាស់ ហើយមិនចេះឆ្មើងឆ្មៃទេ។ ការចេញស្ពតច្រើនរបស់ហ្សាណា មិនមែនហង្សមាស ឲ្យទាំងអស់ទេ គឺក្រុមហ៊ុន Agency គេមើលឃើញគាត់ គេពេញចិត្តគាត់ ដល់ពេលឃើញថតច្រើនអីចឹងទៅ ថា ហង្សមាស លើកតែគាត់។ តាមខ្ញុំដឹង បើហ្សាណា ចេះតែទទួលថតនោះ គឺមានស្ពតច្រើនជាងនេះដែលទាក់ទងគាត់ តែតាមដឹង គ្រួសារគាត់ធូរធា ហើយមានគោលការណ៍ឲ្យហ្សាណា យកការសិក្សាជាជម្រើសទី១ សិល្បៈជាជម្រើសទី២។ ខ្ញុំគិតថា ហ្សាណា ថ្ងៃក្រោយបើល្បីខ្លាំងទៅ កូនហ្នឹងនៅតែប៉ុណ្ណឹង មិនចេះវាយឬកពាអីទេ”។

ទោះជាពេជ្រ សោភា ប្រឹងសរសើររ៉េត ស៊ូហ្សាណា ថាជាតារាដែលមិនចេះវ៉ៃឬកក្ដី តែកន្លងមក អ្នកលេងបណ្ដាញសង្គម Facebook ធ្លាប់រិះគន់តារាវ័យក្មេងរូបនេះនាងជាអ្នកចម្រៀងនៅហង្សមាស ដែលវ៉ៃឬកខ្លាំងជាងគេ ហើយពួកគេថែមទាំងថា ហ្សាណា ច្រៀងមិនកើត ព្រមទាំងឆ្ងល់ថា ហេតុអីបានជាហង្សមាស លើកជាងគេទៅវិញ។ ប៉ុន្តែតាមអ្នកដឹកនាំសម្ដែងនៅហង្សមាស បានឲ្យដឹងថា ការដែលហង្សមាស ពេញចិត្តហ្សាណា ព្រោះនាងគោរពពេលវេលា រូបសម្រស់ទាក់ទាញ បូកផ្សំការលេងស្ទីលជាយុវវ័យ ធ្វើឲ្យផលិតកម្មងាយស្រួលលើកឲ្យឆាប់ល្បី៕

 

RELATED ARTICLES