Friday, March 29, 2024
Homeតារាខ្មែរកូនព្រាប សុវត្ថិ ឡើងកូដ ខណៈម្ចាស់ពានធ្លាក់ខ្លួនច្រៀងតាមអកដង់

កូនព្រាប សុវត្ថិ ឡើងកូដ ខណៈម្ចាស់ពានធ្លាក់ខ្លួនច្រៀងតាមអកដង់

សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនលោកព្រាប សុវត្ថិ នោះ បានក្លាយទៅជាតារាចម្រៀងថ្មីរបស់ផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ បន្ទាប់ពីហង្សមាស បានធ្វើជាសន្នីសីទកាសែតកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគាសូហ្វីតែល ភោគីត្រា ភ្នំពេញ។

លោកព្រាប សុវត្ថិ និងកូនប្រុសទាំង៣

បទចម្រៀងបើកឆាករបស់កូនព្រាប សុវត្ថិ ទាំង៣នាក់ ត្រូវបានផលិតកម្មធំមួយនេះបង្ហោះជាផ្លូវការផងដែរ កាលពីរាត្រីថ្ងៃទី០៨ ខែមករា នោះ គឺបទ ”កែវភ្នែក” ដែលមុនីវណ្ណ , មុនីនាគ និងសិរីវុឌ្ឍ បានច្រៀងរួមគ្នា ដោយមានការសម្រិតសម្រាំងជាពិសេស តាមរយៈការថត MV ដែលបង្ហាញពីតំបន់ទេសចរណ៍សំខាន់ក្នុងស្រុកនោះ ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថា គេនៅមិនទាន់អាចវាយតម្លៃលើសមត្ថភាពកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ បានឡើយ ព្រោះថាបទទី១នោះ គឺជាការច្រៀងរួមគ្នា ហើយមិនទាន់មានការប្រើតុងខ្លាំងនៅឡើយ តែមើលទៅ កូនព្រាប សុវត្ថិ ហាក់ដូចជានៅខ្ចីបន្តិច សំឡេងមិនទាន់ធ្ងន់ទេ ព្រោះថាពួកគេសុទ្ធតែនៅវ័យក្មេង និងមានពេលវេលាច្រើនទៀតដែលអាចធ្វើបានល្អជាងនេះមិនខាន។

ប្រភពបានឲ្យដឹងថា ការចេញបើកឆាកលើកដំបូង បទ ”កែវភ្នែក” របស់កូនប្រុសព្រាប សុវត្ថិ នោះ ត្រូវបានគេចាប់អារម្មណ៍ថា ហង្សមាស បានយកចិត្តទុកដាក់ទៅលើកូនៗព្រាប សុវត្ថិ ខ្លាំងជាងតារាថ្មីៗរបស់ខ្លួន ព្រោះការថត MV មានច្រើនប្លង់ ច្រើនតំបន់ទេសចរណ៍ ហើយសូម្បីតែការប្រើប្រាស់រថយន្ដក្នុង MV នោះ ក៏មិនធម្មតាដែរ គឺឲ្យកូនព្រាប សុវត្ថិ ជិះ Roll-Royce ទៀតផង។

អ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះ Thu Ny បានចូលទៅ Comment លើ MV របស់កូនព្រាប សុវត្ថិ ថា ”ព្រាប សុវត្ថិ សាងកេរ្ដិ៍ឈ្មោះសម្រាប់ហង្សមាស មិនតិចជាង២០ឆ្នាំទេ នេះជាអ្វីដែលហង្សមាស តបស្នងជូនគាត់វិញសម្រាប់ឈាមជ័រជំនាន់ក្រោយ។ គ្មានអ្វីត្រូវចម្លែកទេ ហង្សមាស មិនមែនរើសតែតារាតាមការប្រលងមួយមុខឯណា”។

ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ ”Heng Sonapha បានសរសេរបញ្ចេញយោបល់ថា ”ខ្ញុំក៏ជាអ្នកគាំទ្ររហង្សមាស មួយរូបដែរ តែខ្ញុំមិនពេញចិត្តការធ្វើរបស់ហង្សមាស ដូច្នេះទេ បើដាក់ឲ្យចូលតាមខ្សែអីចឹង តើហង្សមាស ចាំបាច់ទិញកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ដើម្បីរើសអ្នកមានសមត្ថភាពធ្វើអី? ចាំបាច់មានគណៈកម្មការឲ្យពិន្ទុធ្វើអី? ចាំបាច់ទទួលការបោះឆ្នោតពីមហាជនធ្វើអី? មានខ្សែចូលៗអីចឹងហ្មងទៅ? ធ្វើអីចឹងហាក់ដូចជាវាយបំបាក់ទឹកចិត្តអ្នកដែលខំប្រលងសម្ថភាពពេកហើយ”។

ចំណែកយុវជនដែលដាក់ឈ្មោះ Dottor Real បានបង្ហាញចំណាប់អារម្មណ៍ថា ”អ្នកដែលប្រលងជាប់ទៅរកលុយតាមអកដង់ តាមរោងការទៅ”។

ទោះជាមានការរិះគន់ផងគាំទ្រផង ទៅនឹងរឿងការឈានចូលផលិតកម្មរស្មីហង្សមាស របស់កូនព្រាប សុវត្ថិ ទាំង៣ ដោយស្វ័យប្រវត្តិនោះក្ដី តែអ្នកស្និទ្ធនឹងគ្រួសារលោកព្រាប សុវត្ថិ បានឲ្យដឹងថា ចំនួនអ្នករិះគន់នោះ គឺមានតែ១%ប៉ុណ្ណោះ តែចំនួនអ្នកគាំទ្រមានដល់ទៅ៩៩%ឯណោះ។

ប្រភពពីអ្នកស្និទ្ធគ្រួសារលោកព្រាប សុវត្ថិ បានឲ្យដឹងថា “សួរថាម្ចាស់ពានខ្លះ ពេលនេះនៅណា? អ្នកល្បីៗខ្លះ ក៏គេមិនដែលចូលប្រលងដែរ ម៉េចឈរជើងបានដូចពេលនេះ? ខ្សែបក្សពួកអី បើសិនជាកូនព្រាប សុវត្ថិ មិនស្អាត មិនសង្ហា ហើយគ្មានសមត្ថភាពទេ ស្មានតែហង្សមាស ទៅយកនាំតែខូចផលិតកម្មគេហ្នឹងអី?

ប្រភពនោះបន្ថែមថា “ហង្សមាស នឹងសិក្សាទៅលើការគាំទ្រ បើសិនជាកូនព្រាប សុវត្ថិ មានការគាំទ្រខ្លាំង គេនឹងជំរុញតែម្ដង តែបើគាំទ្រតិច គេអាចនឹងបណ្ដុះបណ្ដាលសិន ទើបបុកបទចម្រៀងសារជាថ្មី។

យ៉ាងណា ការបង្ហាញខ្លួនរបស់កូនប្រុសព្រាប សុវត្ថិ ទាំង៣ ដោយឈានចូលហង្សមាស ជោគជ័យដូចបំណងនៅពេលនេះ គឺស្របពេលដែលអតីតម្ចាស់ពានរង្វាន់ “The Voice Cambodia” រដូវកាលទី១ កាលពីឆ្នាំ២០១៥ លោកប៊ុត សីហា ហាក់ធ្លាក់ខ្លួនដុនដាបខ្លាំង ដោយបាត់មុខពីឆាកតន្ដ្រីធំៗសឹងតែទាំងអស់របស់ហង្សមាសហើយថ្មីៗនេះបែរជាលេចមុខសីហា ទៅច្រៀងអកកេសតាមមង្គលការតូចៗ ដែលបានតម្លៃខ្លួនត្រឹមតែ១០០ដុល្លារ ក្នុង១កម្មវិធីទៅវិញ។

ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia

តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា “ឆ្នាំថ្មី២០១៨នេះ ជាឆ្នាំរាសីឡើងរបស់កូនព្រាប សុវត្ថិ ទាំង៣ តែក៏ជាឆ្នាំយីអ៊ុនដាក់អារ័កជាន់របស់ប៊ុត សីហា ដែរ ព្រោះពេលនេះរូបគេមិនស្ថិតក្នុងគម្រោងឡង់សេឲ្យខ្លាំងរបស់ហង្សមាស ទៀតឡើយ។

ប្រភពបានឲ្យដឹងថា ការដែលប៊ុត សីហា ជាម្ចាស់ពានម្នាក់ដែលគេចាត់ទុកថា មានសំឡេងខ្លាំងជាងគេក្នុងចំណោមអ្នកជាប់ពានទាំងអស់នៅហង្សមាស តែបែរជាត្រូវធ្លាក់ខ្លួននៅពេលនេះ គឺមិនមែនជាកំហុសរបស់ហង្សមាស ឡើយ តែវាជាការបណ្ដោយរបស់សីហា ខ្លួនឯងផ្ទាល់ ដែលមិនគោរពពេលវេលាធ្វើការ និងមិនសូវមានការគោរពចំពោះរៀមច្បងជាដើម។

ប្រភពបានឲ្យដឹងថា កូនៗរបស់ព្រាប សុវត្ថិ ទាំង៣ នឹងអាចល្បីឈ្មោះបាននៅហង្សមាស នោះបើទោះជាពួកគេគ្មានពានក្ដី តែពួកគេមានសីលធម៌ល្អ ដោយដើរតាមគន្លងឪពុករបស់ពួកគេ ហេតុនេះហើយ ហង្សមាស នឹងជំរុញឲ្យតារាវ័យក្មេងទាំង៣របស់ខ្លួនល្បីឈ្មោះក្នុងពេលអនាគតជាមិនខាន។ ចំណែកប៊ុត សីហា ពេលនេះទោះជាធ្លាក់ខ្លួនច្រៀងតាមអកដង់ដូចកាលមិនទាន់មានពានក្ដី តែរូបគេនៅតែជាតាតារាចម្រៀងហង្សមាស ដែលនៅជាប់កុងត្រានៅឡើយ អីចឹងបើសីហា រៀបចំខ្លួនសារជាថ្មីនោះ គេជឿថា មិនទាន់ផុតពេលឡើយ៕

 

 

អត្ថបទមុនៗ

លោកព្រាប សុវត្ថិ មិនហ៊ានរំពឹងកូនទាំង៣ល្បីខ្លាំងដូចខ្លួន

សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសទាំង៣របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ នោះ ពេលនេះបានក្លាយទៅជាតារាចម្រៀងផ្លូវការហើយ របស់ផលិតកម្មរស្មីហង្សមាស បន្ទាប់ពីសន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភោគីត្រា ។

ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានទៅយកព័ត៌មាន ហើយក្នុងនោះក៏មានវត្តមានលោកឧកញ៉ាអ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនហង្សមាស ព្រមទាំងមានអ្នកស្រីឡុង ស្រីមុំ ភរិយាលោកព្រាប សុវត្ថិ ក៏បានចូលរួមក្នុងកម្មវិធីប្រកាសជាផ្លូវការ ជុំវិញរឿងហង្សមាស ទទួលយកកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ ធ្វើជាសមាជិករបស់ខ្លួនដែរ។

មហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំង ជុំវិញផលិតកម្មរស្មីហង្សមាស ដែលប្រជុំទៅដោយតារាខ្លាំងៗឡើងគជើងគ្នាទៅហើយនោះស្រាប់តែនៅដើមឆ្នាំ២០១៨នេះ ផលិតកម្មមួយនេះបានទទួលយកកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ ទៅធ្វើជាសមាជិកថ្មីបន្ថែមទៀត ទើបធ្វើឲ្យមានការលើកឡើងថា តើលោកព្រាប សុវត្ថិ នឹងចង់ចូលនិវត្តន៍ឬ បានជាឲ្យកូនទាំង៣ ហក់ចូលច្រៀងព្រមគ្នាបែបនេះ?

លោកព្រាប សុវត្ថិ បានដែលអង្គុយក្បែរកូនប្រុសទាំង៣ បាននិយាយបែបលេងសើចថា “លោកឈប់ច្រៀងនៅហង្សមាស ហើយ ប៉ុន្តែលោកនៅតែបន្ដច្រៀងឲ្យផលិតកម្មរស្មីហង្សមាស ដដែល”។

តារាល្បីជាង២ទសវត្សន៍រូបនេះ ថ្លែងថា ”និយាយទៅ ខ្ញុំឈប់ច្រៀងនៅហង្សមាស ហើយពេលនេះ តែខ្ញុំនៅបន្ដច្រៀងនៅផលិតកម្មរស្មីហង្សមាស តទៅទៀត… (សើច)។ ខ្ញុំពេញចិត្តឲ្យកូនប្រុសរបស់ខ្ញុំទាំង៣ ចូលច្រៀងនៅហង្សមាស ដែលជាផលិតកម្មធំជាងគេនៅក្នុងស្រុក ហើយខ្ញុំជំរុញពួកគេដែលស្រលាញ់សិល្បៈ។ ខ្ញុំធ្លាប់បង្ហាត់ពីរបៀបច្រៀងដល់កូនខ្ញុំទាំង៣ផងដែរ តែការធ្វើបានកម្រិតណានោះ ខ្ញុំទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។ ខ្ញុំមានបទពិសោធន៍ជាង២០ឆ្នាំ ជាមួយផលិតកម្មរស្មីហង្សមាស ហើយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅពេលនេះ គឺដោយសារមហាជនជាអ្នកគាំទ្រអ្នកឲ្យតម្លៃខ្ញុំទាំងអស់ រួមទាំងហង្សមាស នេះឯង”។

អ្នកស្រីអ៊ឹង គឹមលាង
ព្រាប សុវត្ថិ បានចូលច្រៀងឲ្យផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ១៩៩៧ ដោយល្បីល្បាញខ្លាំង បទ ”អូនជាបេះដូងបង” ហើយពេលនេះ បទចម្រៀងលោកនៅហង្សមាស មានជិត៤ពាន់បទ ដែលល្បីល្បាញសឹងគ្រប់បទទាំងអស់។

លោកព្រាប សុវត្ថិ ពេលផ្តល់សម្ភាសន៍
ទស្សនិកបានសរសើរគ្រួសារលោកព្រាប សុវត្ថិ ថា ជោគជ័យទាំងអាជីពចម្រៀង និងសុភមង្គលក្នុងគ្រួសារតែម្ដង ដោយសារអាជីពសិល្បៈ លោករស់នៅដោយថ្លៃថ្នូរក្នុងសង្គម ព្រមទាំងមានកូនប្រុសទាំង៣នាក់ សុទ្ធតែសង្ហាៗដូចគ្នា ហើយពេលនេះគឺបានក្លាយទៅជាតារាហង្សមាស ដូចឪពុករបស់គេទៅហើយ។

អ្នកស្រីឡុង ស្រីមុំ ភរិយាលោកព្រាប សុវត្ថិ និយាយដោយរំភើបលាយឡំទឹកភ្នែករលេងរលោងផងថា ”កូនខ្ញុំទាំង៣ ល្អៗណាស់ គឺមិនដែលធ្វើឲ្យឪពុកម្ដាយពិបាកចិត្តម្ដងណាទេ គឺជាកូនប្រកបដោយគន្លងធម៌តែម្ដង។ ខ្ញុំសប្បាយចិត្តដែលកូនខ្ញុំបានចូលទៅហង្សមាស ដែលជាផលិតកម្មធំជាងគេនៅក្នុងស្រុកខ្មែរយើងនេះ ព្រោះថា កូនខ្ញុំទាំង៣ សុទ្ធតែមានដុងពីសិល្បៈតាំងពីតូចៗមកម្លេះ។ ប៉ុន្ដែការដែលគេធ្វើបានល្អប៉ុនណា ខ្ញុំមិនហ៊ានសន្និដ្ឋានជាមុនទេ គឺទុកឲ្យមហាជនជាអ្នកឲ្យតម្លៃទៅចុះ ហើយបទចម្រៀងរបស់គេនឹងចេញនៅលើ Page ហង្សមាស នៅយប់ថ្ងៃទី០៨ ខែមករា នេះហើយ”។

អ្នកស្រីឡុង ស្រីមុំ
គួរកត់សម្គាល់ថា នេះជាលើកទី១ហើយ ដែលផលិតកម្មរស្មីហង្សមាស បានរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញតារាចម្រៀងថ្មីរបស់ខ្លួនជាផ្លូវការ ខណៈដែលកន្លងមក ហង្សមាស បានអូសទាញតារាមួយចំនួនមកចូលទ្រនំរបស់ខ្លួនដែរ គឺមិនដែលធ្វើសន្និសីទកាសែតទាល់តែសោះ ក្នុងនោះមានដូចជា ខេមរៈ សិរីមន្ដ , ឱក សុគន្ធកញ្ញា , សុគន្ធ និសា , សួស វីសា , ទេព បូព្រឹក្ស , សន ផល្លីកា , លាង សុផាឡែន , សុខ សីឡាលីន , ផន នីដា , ហ្សូណូ , នៅ ស៊ីនឿន , ឆន សុវណ្ណរាជ ដែលហង្សមាស ចាំឲ្យដល់ពេលចេញបទចម្រៀង ទើបឲ្យមហាជនដឹងតែម្ដង។ ដោយឡែក ការរៀបចំសន្និសីទសារព័ត៌មាននៅពេលនេះ ត្រូវបានអ្នកជំនាញសិល្បៈបានយល់ថា នោះជាយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនហង្សមាស ដែលមានចេតនាចង់ធ្វើឲ្យតារាផ្សេងៗទៀត ដែលមិនទាន់ចូលហង្សមាស គឺមានការជ្រួលច្របល់ ព្រោះតាមគ្រោង ផលិតកម្មនេះនេះនឹងអូសទាញតារាល្បីៗទាំងអស់ឲ្យមកចូលរួមជាមួយខ្លួន ដើម្បីឲ្យហង្សមាស ក្លាយទៅជាទ្រនំមួយដែលធំជាងគេក្នុងស្រុក នឹងគ្មានគូប្រជែង។

អ្នកស្រីអ៊ឹង គឹមលាង អ្នកចាត់ការទូទៅរបស់ផលិតកម្មរស្មីហ្សមាស បានលើកឡើងថា ”ដោយសារតែព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជាកំពូលតារាចម្រៀងប្រចាំប្រទេស និងហង្សមាស ហើយអ្វីដែលពួកយើងរំភើប និងសប្បាយខ្លាំងបំផុតនោះ គឺកូនប្រុសគាត់ទាំង៣នាក់ គឺសុទ្ធតែមានសាច់ឈាមនិងទេពកោសល្យជាសិល្បះដូច្នេះវាគឺជារឿងដ៏ភ្ញាក់ផ្អើលនៅស្រុកខ្មែរ ព្រោះនេះជាធនធានមួយកម្រនឹងមាន ព្រោះអ្នកទាំង៣ នឹងក្លាយទៅជា Super Star របស់យើងនាពេលអនាគត ហើយយើងធ្វើសន្និសីទកាសែតនេះ ដើម្បីស្វាគមន៍ពួកគាត់ឲ្យមានការរំភើប។ ហង្សមាស បានបង្កើតកម្មវិធីប្រលងចម្រៀងជាច្រើន ដើម្បីជ្រើសយកពួកគាត់ធ្វើជាតារារបស់យើង តែហង្សមាស ក៏មិនមែនរកតែមួយច្រកដែរ គឺយើងស្វែងរកអ្នកដែលមានទេពកោសល្យពិសេសៗ ដែលជារសជាតិថ្មីដូចនៅពេលនេះដែរ។ ចំពោះបទចម្រៀងកូនលោកព្រាប សុវត្ថិ ទាំង៣ គឺយើងបានរៀបចំឲ្យពួកគាត់ថតជាក្រុម និងជាទោល ហើយយើងសិក្សារដែរថា បើមានការគាំទ្រខ្លាំង យើងក៏អាចធ្វើជាបទ MIX ជាមួយលោកព្រាប សុវត្ថិ ផងដែរ”។

មហាជនជាច្រើនបាននិយាយថា ព្រាប សុវត្ថិ ឈរជើងនៅហង្សមាស ជាង២ទសវត្សន៍មកហើយ ដែលមិនអាចតារាចម្រៀងយុគសម័យថ្មីណាអាចផ្ដួលលោកបានឡើយ ហេតុនេះហើយ គេចាំមើលថា ពេលដែលកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ ចូលច្រៀងជាមួយឪពុកនៅទ្រនំតែមួយនេះ ព្រាប សុវត្ថិ នៅតែខ្លាំងដដែល ឬក៏ចុះខ្សោយជាងមុន ព្រោះទស្សនិកជននឹងងាកទៅចាប់អារម្មណ៍កូនជាង ខណៈដែលកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ និយាយព្រមគ្នាថា ពួកគេមានមោទនភាពខ្លាំងណាស់ ដែលបានក្លាយខ្លួនទៅជាតារាហង្សមាស ពេលនេះ ហើយនឹងខិតខំធ្វើបែបយ៉ាងទាំងអស់ដើម្បីឲ្យមានការគាំទ្ររដូចឪពុកគេ។ ប៉ុន្ដែ អ្នកលេងបណ្ដាញសង្គមមួយចំនួន បែរជាថា ហង្សមាស យកកូនព្រាប សុវត្ថិ ទាំង៣ ចូលធ្វើជាអ្នកចម្រៀងដោយស្វ័យប្រវត្តិ មិនបាច់ឆ្លងកាត់ការប្រលងនោះ គឺនិយមខ្សែបក្សពួកទៅវិញ។

សុវត្ថិ មុនីវណ្ណ
លោកសេង សំអាន មន្រ្ដីជាន់ខ្ពស់នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្ដែងការចាប់អារម្មណ៍ថា ”យើងមិនទាន់អាចដឹងថា ពេលកូនចូលទៅ ឪនៅតែខ្លាំងដូចមុន ឬចុះខ្សោយនោះទេ គឺចាំមើលបទចម្រៀងរបស់កូនព្រាប សុវត្ថិ ទាំង៣ ចេញមកសិន។ តាមខ្ញុំយល់ គឺហង្សមាស យកកូនព្រាប សុវត្ថិ គឺគេសម្លឹងមើលឃើញចក្ខុវិស័យវែងឆ្ងាយណាស់ទៅមុខទៀតអីចឹងក្រៅពីចម្រៀង គឺគេឲ្យធ្វើជាតួឯកភាពយន្តផងមើលទៅ ព្រោះកូនព្រាប សុវត្ថិ ច្បងគេ (សុវត្ថិ មុនីវណ្ណ) ហ្នឹងស្អាតណាស់ ដូចកូនបារាំងអីចឹង គឺអាចធ្វើជាតួឯកបាន។ ខ្ញុំគិតថា ពេលនេះ ព្រាប សុវត្ថិ កំពុងតែបណ្ដុះបណ្ដាលកូនហើយ។ ហង្សមាស គេមិនខ្វល់អ្នកណារិះគន់ថា ចូលតាមខ្សែអី គឺគេមិនឈឺក្បាលអីទេ គឺដូចពាក្យថា ”មនុស្សចេះតែដើរ ឆ្កែចេះតែព្រូស”។ ដូចពេជ្រ ថៃ អីចឹង គឺគេរិះគន់ប៉ុនណា ហង្សមាស មិនខ្ចីខ្វល់ តែពេលអ្នកទស្សនាវីដេអូ គឺ២២លាន តើហង្សមាស បានលុយប៉ុន្មានពីពេជ្រ ថៃ?”៕

សុវត្ថិ មុនីនាគ

សុវត្ថិ សិរីវុឌ្ឍ

http://www.nokorthomdaily.com/2018/01/preab-sovath-58452/

RELATED ARTICLES