ស្រលាញ់បងស្មោះ អស់ព្រហ្មចារីស្រីមិនស្តាយ

0
391

នៅអឺរ៉ុប អាមេរិក កំលោះ ក្រមុំស្រលាញ់គ្នាភ្លាម ក៏សាក ភ្លែត ដែលខ្លះស្មោះត្រង់ ក៏រៀបការយកគ្នាជាប្តីប្រពន្ធទៅ ខ្លះ ទៀតបានស្វាយណាយក្រូច។ ឥឡូវវប្បធម៌នេះបានឆ្លងមក ដល់ស្រុកខ្មែរហើយ ខណៈដែល យុវវ័យភាគច្រើនចម្លងតាម គេ គឺឱ្យតែត្រូវរ៉ូវគ្នា ក៏លេងផ្លូវកាត់ រហូតខាងស្រីមានផ្ទៃពោះ ទើបខាងប្រុសរត់ទៅរកលុយ មកសែនបំពេញភ្នែកញាតិ ដូចនារីម្នាក់នេះជាដើម នាងស្រលាញ់ បងស្មោះ អស់ព្រហ្មចារី ក៏ស្រីមិន ស្តាយដែរ…។

នាងខឹម ស្រីនុច អាយុ២៤ឆ្នាំ មានផ្ទៃពោះ ជិតគ្រប់ខែ រស់នៅភូមិទួលសាលា ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា រូបនាងជាកូនពៅ ក្នុងចំណោមបងប្អូន៩នាក់ (ស្រី៥ ប្រុស៤) ម្តាយស្លាប់ ឪពុកទៅបួសជាសង្ឃនៅវត្តអង្គធ្លកមានជ័យ។ កាលនៅកុមារី នាងបានរៀនសូត្រត្រឹមថ្នាក់ទី៦ ចប់បឋមសិក្សា ក៏អស់លទ្ធភាព និងឈប់កណ្តាលទី ដោយងាកមកស្ទូងដកច្រូតកាត់វិញ។ ពេលចូលវ័យក្រមុំ នាងក៏បានចេញទៅធ្វើការរោងចក្រ នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ យូរៗមក ផ្ទះម្តង ហើយពេលនាងធ្វើការក្រោមម្លប់ ក៏មានសាច់ ឈាមស្រស់ថ្លា ស្អាតផូរផង់ ទាក់ចិត្តកំលោះម្នាក់ ឈ្មោះវ៉ាន់ សោភ័ណ្ឌ អាយុបងនាង១ឆ្នាំ ឱ្យលួចមើល នាងរាល់ថ្ងៃ។ កំលោះនេះ ចេញពីភូមិជាមួយគ្នាទៅធ្វើកម្មកររោងចក្រដែរ រហូតដល់សុំស្នេហ៍ពីនាងត្រង់ៗតែម្តង។ បើពេលឈប់ សម្រាកពីការងារ នាងមកលេងស្រុក កំលោះនេះក៏មកជាមួយដែរ ដោយជិះរថយន្តទន្ទឹមគ្នាយ៉ាងស្និទ្ធស្នាល បង្កើតអនុស្សាវរីយ៍ ច្រើនណាស់ មិនអាចបំភ្លេចបានឡើយ។

នាងខឹម ស្រីនុច និងលោកវ៉ាន់ សោភ័ណ្ឌ

នាងខឹម ស្រីនុច បន្តទៀតថា ក្រោយមក ពួកនាងក៏ស្រុះស្រួល គ្នា ឈប់ធ្វើការរោងចក្រនៅភ្នំពេញ ដោយផ្លាស់មកធ្វើការ រោងចក្រជិតផ្ទះវិញ ដើម្បីសន្សំសំចៃប្រាក់កាស និងងាយស្រួល ក្នុងការជួបគ្នាផង ព្រោះនៅភ្នំពេញ រូបនាងជួលផ្ទះនៅរួមគ្នាជាមួយ មិត្តភក្តិស្រីៗ ពីរបីនាក់ទៀត ពិបាកជួបសង្សារណាស់។ តាំងពីបាន ផ្លាស់មកស្រុក ក៏បានដៃប្រុសថ្លៃតែម្តង គឺយប់ណាក៏គេស្កាត់មក ជួបនាងដែរ ដើម្បីបង្កភាពស្និទ្ធស្នាលឱ្យកើនទ្វេឡើង។ យប់មួយ ជួនជាបងប្អូនមិននៅ ក៏លេចប្រុសស្នេហ៍ទៅ ជួបនាងដូចមុនៗ គឺពេលនោះហើយដែលគេព្យាយាមអង្វរសុំនាងរួមរ័ក ព្រោះពិបាក ទ្រាំណាស់ ស្រលាញ់គ្នា២ឆ្នាំ បានត្រឹមប៉ះពាល់បន្តិចបន្តួចនោះ។ ពេលគេលួងលោមយូរៗទៅ នាងក៏ពិចារណាថា កំលោះនេះនៅ ភូមិជាមួយគ្នា ទោះជាចង់បោកប្រាស់ក៏រត់មិនរួចដែរ ម៉្យាងទៀត នាងស្រលាញ់គេស្មោះត្រង់ណាស់ ក៏សម្រេចចិត្តបូជាព្រហ្មចារី ឱ្យគេទៅ។ តាំងពីឱ្យម្តងមក សង្សារចេះតែញៀនញ៉ាមចូលដេក ជាមួយនាងជាបន្តបន្ទាប់ ចំណែកបងប្អូនក៏មិនឃាត់ឃាំងអ្វីដែរ ព្រោះគេដឹងថា អង្ករក្លាយជាបាយទៅហើយ ឃាត់បានចំណេញអ្វី មានតែបណ្តោយតាមដំណើរទៅ។

នាងខឹម ស្រីនុច

នាងខឹម ស្រីនុច បន្តទៀតថា ទីបំផុត នាងក៏មានផ្ទៃពោះ ដោយ មិនបានសែនព្រេនអ្វីទាំងអស់ ដែលមុនដំបូង នាងអាចទៅធ្វើការ រោងចក្របាន តែសព្វថ្ងៃ ទៅលែងរួចហើយ ព្រោះជិតគ្រប់ខែ។ ប្រឈមនឹងបញ្ហា នេះ បងប្អូនក៏រំអុកប្តីខាន់ស្លា របស់នាងឱ្យគិតគូរសែនព្រេនបំពេញភ្នែកញាតិដែរ តែភាពក្រីក្រដោះស្រាយមិនចេញ។ លុះពោះកាន់តែធំ ក៏បារម្ភពីរឿងអត់លុយឆ្លងទន្លេទៅវិញ ទើបប្តីក៏សុំលានាងចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយទុកនាងឱ្យនៅថែរក្សាគភ៌។ ទោះជាពួកនាងអត់ខាន់ស្លា ក៏មិនព្រួយពី រឿងប្រុសក្បត់នោះទេ ព្រោះមុននឹងប្រគល់ខ្លួនឱ្យគេ នាងតាមដានអត្តចរិតគេល្អិតល្អន់ ណាស់ ហើយបើទោះជាគេចង់ដោះដៃ ក៏មិនដឹងគេចទៅណាដែរ បើអ្នកភូមិដឹង ឮសុសសាយអស់ទៅហើយនោះ។


អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំ ការបំភ្លឺពីលោកវ៉ាន់ សោភ័ណ្ឌ អាយុ២៥ឆ្នាំ ជាប្តី បានឡើយ ខណៈដែលរូបគេចេញទៅរកលុយ ត្រៀមទុកឱ្យប្រពន្ធសម្រាលកូន។
នាងមិន ស្រីរ៉េត អាយុ២០ឆ្នាំ និងនាងហ៊ុន សាវ៉ាន អាយុ២១ឆ្នាំ ជាសាច់ញាតិ បានឱ្យដឹងថា ថ្វីត្បិតតែនាងស្រីនុច និងប្តីយកគ្នាអត់ខាន់ស្លា ក៏ពួកគេ ស្រលាញ់គ្នាចាក់ទឹកមិនលិច។ បុរសជាប្តីនោះ ស្លូតបូតសុភាពរាបសាណាស់ គេតាមស្នេហ៍ស្រីនុច តាំងពីនៅស្ទាវម៉្លេះ លុះឃើញស្រីនុច ចេញទៅធ្វើ ការរោងចក្រនៅភ្នំពេញ កំលោះនោះក៏តាមស្អិត។ លុះពួកគេផ្លាស់មកធ្វើការក្បែរផ្ទះ ក៏មកទាំងអស់គ្នា និងបានរួមរស់ជាមួយគ្នាទៅ។ ឥឡូវប្តីនោះ អស់ពី ព្រួយរឿងអត់លុយរៀបការ ក៏បែរមកខ្វល់រឿង គ្មានលុយត្រៀមទុកដល់ពេលប្រពន្ធឆ្លងទន្លេ ក៏ចេញ ទៅស៊ីឈ្នួលដកដំឡូងបាត់ យូរៗទើបអើតមកមើល ប្រពន្ធម្តង។

នាងហ៊ុន សាវ៉ាន

ចំណែកអ្នកស្រុកមួយចំនួនបានឱ្យដឹងស្របគ្នាថា មូលហេតុដែលនាំឱ្យនាងស្រីនុច ហ៊ានប្រគល់ ខ្លួនឱ្យសង្សារមុនរៀបការ មកពីនាងឃើញគំរូគេ ដែលចម្លងវប្បធម៌ពីអឺរ៉ុប។ ម៉្យាងទៀត ខ្វះភាពកក់ក្តៅពីមេ បើសង្ឃឹមបងៗ ដែលមានគ្រួសារក៏ពិបាកដែរ។ ដូច្នេះបញ្ហាជីវិតតម្រូវឱ្យនាងជាអ្នកសម្រេច ដោយខ្លួនឯង បើរង់ចាំឱ្យប្រុសចូលដណ្តឹងនោះ មិនងាយទេ ព្រោះប្រុសឥឡូវភាគច្រើនមើលឃើញតែ ទ្រព្យសម្បត្តិ។ ហេតុនេះបើមានប្រុសស្រលាញ់ នាង ត្រូវតែហ៊ានឱ្យខ្លួនទៅគេមុន ដើម្បីចងចិត្តគេឱ្យអាណិតស្រលាញ់នាងកាន់តែខ្លាំង ហើយបើសិនជា មានកូនទៀតនោះ កូននឹងក្លាយជាស្ពានភ្ជាប់ក្តីស្នេហ៍ ឪពុកម្តាយមិនឱ្យបែកបាក់បានឡើយ។

នាងមិន ស្រីរ៉េត

គួរបញ្ជាក់ថា យុវវ័យសម័យនេះ ជាពិសេស កម្មករ-កម្មការិនីរោងចក្រមានរឿងស្នេហា បានផ្សាយ ទំព័រកាសែត ឬទស្សនាវដ្តីបានច្រើនជាងគេពាក់ព័ន្ធ ដល់ករណីអត់ខាន់ស្លា។ នេះមកពីភាពក្រីក្ររបស់ ឪពុកម្តាយ ឬអាណាព្យាបាលងើបមិនរួច ទើបយុវវ័យ ទាំងនោះទាល់ច្រកក៏នាំគ្នាលេងផ្លូវកាត់យ៉ាងនេះទៅ។ ទោះយ៉ាងណា អ្នកក្រសម័យនេះ មិនដល់ថ្នាក់ដាច់ បយាដូចសម័យប៉ុល ពត នោះទេ ហេតុនេះបើមិន អាចរៀបចំធំដុំនឹងគេបាន គួរតែអាណាព្យាបាលរបស់ យុវវ័យកំព្រោនះរៀបចំសែនព្រេនឱ្យគ្នាទៅ ព្រោះការ សែនព្រេន មិនអស់ប៉ុន្មានទេ សំខាន់ឱ្យតែមានក្បាល ជ្រូក មាន់ស្ងោរ ដោតផ្កាស្លាបាចជូនពរ ក៏ចាត់ទុកថា បានបំពេញភ្នែកញាតិ មានខាន់ស្លាហើយ…”៕