Friday, April 19, 2024
Homeព័ត៌មានជាតិលោកអ៊ុំកូន លោកប្អូនឪ

លោកអ៊ុំកូន លោកប្អូនឪ

ពុំដឹងជានិស្ស័យកម្ម ឬត្រូវស្នេហ៍តានោះទេ ស្រាប់តែ នាងក្រមុំម្នាក់ បាក់ចិត្តស្រលាញ់តារកស៊ីរត់ម៉ូតូឌុប រួចនាំ គ្នាមកបង្ហាញម៉ែឪឱ្យស្គាល់ ដោយកុហកថា ប្តីតា ជាអ្នក មានធូរធារ។ ដោយហេតុ កូនប្រសាចាស់ជាងឪពុកម្តាយក្មេក ក៏ហៅ “លោកអ៊ំកូន” ចំណែកកូនប្រសាចាស់ជាង ក៏ហៅឪក្មេកថា “លោកប្អូនឪ” លុះសែនព្រេនឱ្យរួចរាល់ ទើបដឹងថា តាកូនប្រសានោះក្រណាស់ ស្រាប់តែកូនស្រី ស្រលាញ់ទំនងត្រូវស្នេហ៍តែម្តង…។

គូស្វាមីភរិយាមានគម្លាតអាយុឆ្ងាយពីគ្នា ដូចជីតា និងចៅនេះ ភាគីប្តីឈ្មោះតាសឿន អាយុ៧០ឆ្នាំ ភាគីប្រពន្ធឈ្មោះម៉ាក ផន អាយុ២៥ឆ្នាំ ស្រុកកំណើតខាងប្រពន្ធនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃ ប្តីប្រពន្ធនេះនាំគ្នាចេញ ទៅរកស៊ីបាត់អស់ ហើយបានផ្ញើកូនតូចៗ២នាក់ ឱ្យឪពុកម្តាយខាងស្រីមើលថែទាំ។

នាងម៉ាក ផន និងតាសឿន

អ្នកស្រីកឹម ភាព អាយុ៤៨ឆ្នាំ ជាម្តាយខាងស្រី រស់នៅភូមិឃុំដូចខាងលើ បានឱ្យដឹងថា គាត់មានប្តី ឈ្មោះង៉ែត ថា អាយុស្របាលគ្នា ដោយបង្កើតបាន កូន៧នាក់ (ប្រុស២ ស្រី៥) ជាមួយមុខរបរធ្វើស្រែ និងនេសាទត្រី ជួនកាលប្តីចេញធ្វើកម្មករសំណង់។ គាត់មានកូនស្រីច្បងឈ្មោះម៉ាក ផន កាលនាងនៅ តូច បានទៅរៀនសូត្រត្រឹមថ្នាក់ទី៥ ក៏ឈប់ទៅ លុះចូលវ័យក្រមុំក៏សុំម៉ែឪ ចេញទៅធ្វើការរោងចក្រ រហូតមក។ នាង ផ្លាស់ប្តូររោងចក្រជារឿយៗ ហើយចុងក្រោយ បានទៅបម្រើការនៅរោងចក្រកាត់ដេរ ក្បែរសួនកាណាឌីយ៉ា តែងផ្ញើលុយកាក់មកឱ្យគាត់ជាហូរហែដែរ ហើយយូរៗកូនស្រីនេះមកលេងផ្ទះម្តង។

នាងម៉ាក ផន

ស្ត្រីជាម្តាយបន្តទៀតថា ថ្ងៃមួយ ស្រាប់តែកូនស្រីនេះបានមកលេងផ្ទះ នាំទាំងតាម្នាក់ មកជម្រាបសួរ គាត់ទៀតផង។ គាត់ចេះតែឆ្ងល់ ព្រោះមិនដឹងកិច្ចការផ្ទៃក្នុងរបស់កូនស្រីនេះទេ ក៏ហៅកូនទៅក្រោយផ្ទះ រួចសួរស្ងាត់ៗថា តាហ្នឹងជានរណា? កូនស្រីក៏ប្រាប់ទាំងអៀនប្រៀនថា តាហ្នឹងឈ្មោះសឿន ស្រុកកំណើតនៅខេត្ត ព្រៃវែង មករកស៊ីរត់ម៉ូតូឌុបនៅភ្នំពេញ។ គាត់សួរជីកប្ញសជីកគល់រហូតបែកធ្លាយថា កូនស្រីនេះ បានក្លាយជា ប្រពន្ធចុងតារត់ម៉ូតូឌុបនេះទៅហើយ ដោយយកគ្នាលួចលាក់ ខណៈដែលតាមានអាយុ៦៧ឆ្នាំ ឯកូនស្រី២២ ឆ្នាំ។ គាត់ធ្លាក់ថ្លើមក្តុក អូសដៃប្តីទៅប្រាប់រឿងពិតនេះភ្លាម ក៏ឯកភាពគ្នាថា បើអង្ករក្លាយជាបាយទៅហើយ នោះ សែនឱ្យបណ្តោយទៅលែងគិត។

អ្នកស្រីកឹម ភាព

ស្ត្រីជាម្តាយបន្តទៀតថា ពេលនោះ គាត់និង ប្តីអៀនៗមាត់មិនហៅកូនប្រសាចាស់នេះថា កូននោះទេ ដោយហៅថាអ៊ំ ជួនក៏ហៅលោកអ៊ំកូន ដោយខ្លាចចិត្តកូនប្រសាខ្លាំងណាស់ ព្រោះកូនស្រីអួតអាងថា ប្តី ចាស់របស់នាង មករកស៊ីរត់ម៉ូតូឌុបបន្លំភ្នែកញាតិ ព្រោះខឹងប្រពន្ធដើមនៅឯស្រុក ហើយគាត់មិនក្រទេ។ រហូតមកដល់ពេលនេះ ប្តីចាស់ប្រពន្ធក្មេងបង្កើតបានកូន២នាក់ និងនាំគ្នាចេញទៅរកស៊ីបាត់អស់ ហើយ ព្រោះតាសឿន គ្មានស្អីជាដុំកំភួនដូចកូនស្រីកុហកនោះទេ គាត់ក្រណាស់ ហើយមាន អំរែកពីរផង ឯរឿងកូនស្រីលង់ស្នេហ៍ប្តីចាស់ មកពីត្រូវស្នេហ៍តាតែម្តង។

លោកជួន តូយ

លោកជួន តូយ អាយុ៥៥ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងថា សព្វថ្ងៃ នាងម៉ាក ផន និងប្តីចាស់នោះ មិននៅផ្ទះទេ ដោយចែកផ្លូវគ្នារកស៊ី គឺប្តីទៅធ្វើការនៅទីក្រុង ចំណែកប្រពន្ធទៅធ្វើការក្នុងហាងលក់ស៊ុប ឯផ្សារជុំគិរី។ នាងផន ក្លាយជាប្រពន្ធចុងតា បង្កើតបានកូនប្រុស១ ស្រី១ ផ្ញើឪពុកម្តាយមើលថែរក្សាឱ្យ ចំណែកប្រពន្ធដើមរបស់តា នៅឯខេត្តព្រៃវែង មិនដែលឃើញ មករករឿងអ្វីទេ។ អ្នកស្រីកឹម ភាព និងប្តីនាំគ្នាហៅ កូនប្រសាថា អ៊ំ ចំណែកតាកូនប្រសា អាយុ៧០ឆ្នាំ នោះ ហៅម៉ែឪក្មេកថា ម៉ែ ថាពុក តាមប្រពៃណី ប៉ុន្តែ អ្នកស្រុកនាំគ្នាដាក់ឈ្មោះគ្រួសារនេះថា “គ្រួសារ លោកអ៊ំកូន លោកប្អូនឪ” យ៉ាងនេះទៅ។ សព្វថ្ងៃ ទោះជាមានវ័យ៧០ឆ្នាំ ក៏តាសឿន នៅតែមានសុខភាពល្អ អាចបើកម៉ូតូបាន និងតែងស្កាត់ទៅជួបប្រពន្ធ ដល់ហាងស៊ុប មិនសូវទៅចោលយូរទេ ទំនងគាត់ ខ្លាចប្រុសក្មេងឆក់ប្រពន្ធបាត់។

យុវជនម៉ាក ផាន់ណា

យុវជនម៉ាក ផាន់ណា ហៅចេក អាយុ១៧ឆ្នាំ ជាប្អូនខាងស្រី បានឱ្យដឹងថា នៅពេលបងស្រីនាំប្តី ចាស់មកជម្រាបសួរឪពុកម្តាយនោះ គ្មានសាច់ញាតិ ណាពេញចិត្តទេ ព្រោះកូនប្រសាចាស់ជាងឪក្មេក។ ម៉្យាងទៀត តាសឿន បើកម៉ូតូធុនសង់កូរ៉េកញ្ចាស់អែ ឌុបបងស្រីមក ដែលម្នាក់ៗស្មានថា ជាឪធម៌ និង កូនធម៌ លុះសួរដឹងថា ជាប្តីប្រពន្ធ ទើបម្នាក់ៗទះទ្រូង ហួសចិត្តគ្រប់គ្នា។ ដោយសារតែបងស្រីកុហកថា ប្តីគាត់ជាអ្នកមាន ទើបឪពុកម្តាយរៀបចំសែនព្រេន ឱ្យទៅ លុះក្រោយមកទើបដឹងថា តាសឿន ក្រណាស់ ឯរឿងគាត់ទាក់បានបងស្រីធ្វើប្រពន្ធ អាចមកពីគាត់ ចេះដាក់ស្នេហ៍តែម្តង។

កូនទាំង២ របស់នាងម៉ាក ផន និងតាសឿន

អ្នកយកព័ត៌មានយើង មិនអាចទាក់ទងសុំការ បំភ្លឺពីតាសឿន អាយុ៧០ឆ្នាំ និងនាងម៉ាក ផន អាយុ ២៥ឆ្នាំ បានឡើយ សូម្បីទូរស័ព្ទក៏ចុចមិនចូលដែរ។
ចំណែក លោកង៉ែត ថា អាយុ៤៨ឆ្នាំ ជាស្វាមី អ្នកស្រីភាព និងជាឪពុកនាងម៉ាក ផន បានចេញទៅ ធ្វើកម្មករសំណង់ មិនអាចទាក់ទងបានទេ។


រីឯសាច់ញាតិមួយចំនួនបានឱ្យដឹងស្របគ្នាថា បើតាមពួកគាត់ឈ្លេចសួរទៅ ដើមហេតុនៃសេចក្តី ស្នេហាខុសអាយុគ្នានេះ ផ្តើមចេញដោយសារនាងផន ធ្វើការរោងចក្រ ជិះម៉ូតូដាក់ខែរបស់តាសឿន ប៉ុន្តែ តាសឿន ឆ្លាត មិនយកលុយនាងទេ បានទាំងថែមឱ្យ នាងទៀតផង។ ជួនកាល គាត់ឌុបនាងដើរលេងតាម មាត់ទន្លេ ឬចូលទិញរបស់របរអ្វី លុះបាននៅជិតគ្នាតែ ពីរនាក់ស្ងាត់ៗ “ឱ្យរបស់ស្រណោះដៃ” លុះតាសឿន ដៃដល់ ធ្វើឱ្យនាងផន បាត់បង់ម្ចាស់ការ ប្រគល់ខ្លួន ប្រាណឱ្យតាទៅ ពុំមែនជារឿងដាក់ស្នេហ៍អ្វីទេ គឺមក ពីរឿងជំពាក់គុណជិះម៉ូតូតាតែម្តង”៕

RELATED ARTICLES