Friday, March 29, 2024
Homeព័ត៌មានជាតិប្តីអាវែក ប្រពន្ធផិត៣ឆ្នាំអត់ដឹង

ប្តីអាវែក ប្រពន្ធផិត៣ឆ្នាំអត់ដឹង

វែកសម្ល ទោះជាប្រើវាដួសសម្លរាល់ថ្ងៃ ក៏វាគ្មានដឹងថា សម្លនោះ សាបប្រៃ ផ្អែមល្វីងជូរ ឬហឹរអ្វីទេ ទើប បុរាណាចារ្យយកវែក មកប្រៀបធៀបបុរសល្ងង់ ទោះ ជាប្រពន្ធផិតក្បត់ ក៏ប្តីវែកនោះ មិនដឹង។ យ៉ាងណាមិញ បុរសម្នាក់នេះ អ្នកភូមិឱ្យឈ្មោះថា អាវែក ព្រោះប្រពន្ធផិត៣ឆ្នាំ គ្មាន ដឹងខ្យល់អី លុះដល់គេ ប្រាប់ឱ្យតាមដាន ទើប ដឹងការពិត ក៏លែងចោលទៅ…។

លោកកាក់ ភា ហៅច្រឹង អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា រហូតមកទល់ពេលនេះ លោក ធ្លាប់មានប្រពន្ធ២នាក់ហើយ និងជាប់ឈ្មោះថា អាវែក ដោយសារប្រពន្ធទី១ ផិតក្បត់។ កាលពីកំលោះ លោកបានរៀបការជាមួយនាងក្រមុំម្នាក់ ឈ្មោះ ស៊ីវ ហ៊ូន សព្វថ្ងៃ អាយុ៣៧ឆ្នាំ ដោយកាលនោះ លោកក្លាយជាកំលោះចាស់ទៅហើយ ទើបយក ប្រពន្ធ។ បន្ទាប់ពីរៀបការរួចមក លោកនិងប្រពន្ធ នោះចាប់ដៃគ្នាប្រកបរបរធ្វើស្រែ ប៉ុន្តែ ប្រពន្ធមិន សូវចុះស្ទូងដកនោះទេ ព្រោះនាងជាស្រីលេងខ្លួន ខ្លាចភក់ប្រឡាក់ក្រចក ទើបលោកមិនហ៊ានបង្ខំ ក៏ ឱ្យនៅតែផ្ទះថែខ្លួនសម្រាប់បំប៉នតណ្ហាប្តី ក៏បានដែរ។ ក្រៅពីមុខរបរធ្វើស្រែ លោកតែងឆ្លៀតបររទេះគោ ចូលព្រៃ ជាមួយអ្នកភូមិឯទៀត រកកាប់ឈើលក់ និងមានលទ្ធភាពរកឈើមកសង់ផ្ទះខ្លួនឯងបាននៅ សមរម្យ មិនចាំបាច់ទិញឈើគេ ដោយបង្កើតបាន កូនប្រុស២នាក់ ជាចំណងនិស្ស័យ។

លោកកាក់ ភា ហៅច្រឹង

លោកកាក់ ភា ហៅច្រឹង បន្តទៀតថា នៅក្បែរ ផ្ទះលោកមានគ្រួសារមួយ ប្តីឈ្មោះធិ ប្រពន្ធឈ្មោះរី អាយុស្របាលប្រពន្ធរបស់លោកដែរ និងជាប់សាច់ ឈាមបងប្អូនជីទួតមួយ ជាមួយលោក។ ពួកគេ រៀបការមុនលោកទៅទៀត តែគ្មានកូនតពូជទេ ទើប ឈ្មោះធិ បែកគំនិតរកស្រីផ្សេងទៀត ក្រែងបានកូន នឹងគេ។ លុះរកស្រីឯទៀតមិនបាន ក៏សម្លឹងឃើញ តែប្រពន្ធរបស់លោក ដែលនៅតែផ្ទះផាត់ក្រែមថែម ម្សៅ ក្រអូបជាប់នោះទៅវិញ ក៏លួចទាក់ទងគ្នា ខណៈដែលរូបលោករវល់ចូលព្រៃរកកាប់ឈើលក់។ ចំណែក ប្រពន្ធលោក ដោយសារប្តីមិនសូវនៅជាប់លាប់ជាមួយ ក៏កើតរោគអផ្សុក លុះលោកធិ ទៅទាក់ទងសុំស្នេហ៍ ក៏ព្រមអត់ប្រកែក ដោយឧស្សាហ៍ណាត់ជួបគ្នា តាមគុម្ពោតព្រៃ ឬឆ្មក់ចូលមកដេកក្នុងផ្ទះលោក តែម្តង។ ធម្មតា ស្រីផិតដូចប្រពន្ធលោក ប៉ិនយកចិត្ត ប្តីណាស់ គឺឱ្យតែលោកមកពីកាប់ឈើលក់បានលុយ ពេញៗដៃប្រគល់ឱ្យនាងទុកដាក់ ប្រពន្ធនោះញញឹម បិទមាត់មិនជិត ហើយព្រលប់សឹងមិនទាន់ ក៏ទាញ ដៃលោកចូលមុងភ្លាម ដោយដេញកូនឱ្យទៅមើល ទូរទស្សន៍ផ្ទះគេ។ នាងពូកែថ្នមប្តីណាស់ ដោយអ្វីៗ នាងចាប់ផ្តើមមុនទាំងអស់ ធ្វើឱ្យលោកបាក់ចិត្ត អាណិតស្រលាញ់នាងស្ទើរលេប និងសរសើរថា នាងជាស្រីស្មោះភក្តីកម្ររកបាន។

នាងយាន ស៊ីណាត (ប្រពន្ធទី២)

លោកច្រឹង បន្ថែមទៀតថា លោកមកដេកជា មួយប្រពន្ធបានតែ២យប់ ក៏ចេញទៅបាត់១០ថ្ងៃ ទើប មកវិញ និងក្លាយជាទម្លាប់ទៅហើយ ស្រាប់តែ មានអ្នកភូមិខ្លះ និយាយបញ្ឆិតបញ្ឆៀងដៀមដាមឱ្យលោកថា “អាវែក គេស៊ីក្រោមភ្នែក អាវែកអត់ដឹង!” លោក ឆ្ងល់នឹងពាក្យនេះណាស់ ក៏ឈ្លេចសួរគេ តែគេមិនហ៊ាន ប្រាប់ត្រង់ទេ គ្រាន់តែថា បើចង់ដឹងការពិត តាមដាន ខ្លួនឯងទៅ។ ដោយសង្ស័យខ្លះៗដែរ ទើបលោកធ្វើ ជារៀបចំខ្លួនចេញទៅព្រៃ លុះព្រលប់ៗ ក៏វិលមកផ្ទះវិញ និងចុចពិលមើល ស្រាប់តែឃើញលោកធិ និងប្រពន្ធ លោកកំពុងរួមរ័កថ្ងូរឱ្យរហ៊ឹះ ខណៈដែលកូនៗដេកលក់ អស់។ បុរសលួចប្រពន្ធគេនោះ ស្ទុះរួចតែខោខ្លី ទើប លោកជំរិតសួរប្រពន្ធ ដោយកាន់កាំបិតគំរាមផង ធ្វើ ឱ្យនាងភិតភ័យខ្លាចស្លាប់ ក៏ប្រាប់ត្រង់ៗថា នាងលួច ខូចគ្នាជាមួយបង

ជីទួតមួយនោះ ៣ឆ្នាំមកហើយ។ លោកឈឺចាប់ខ្លាំងណាស់ ស្អែកឡើងក៏ទៅដាក់ពាក្យ បណ្តឹងសុំលែងលះ ធ្វើឱ្យប្រពន្ធនោះខ្មាសគេ ក៏បបួល ប្រុសសហាយរត់ចោលស្រុកបាត់ ដោយយកកូនប្រុស ម្នាក់ទៅជាមួយផង ព្រោះកូនបានចែកគ្នាម្នាក់មួយ។ ចំណែកប្រពន្ធលោកធិ ក៏ទើបនឹងដឹងរឿងប្តីក្បត់ដែរ តែអ្វីៗវាហួសអស់ទៅហើយ បានត្រឹមស្រវារកគូថ្មី តាមក្បួនសេះដាច់យកសេះតាមតែប៉ុណ្ណោះ។ យ៉ាងណា ដើម្បីកុំឱ្យចាញ់ចិត្តគេ លោកក៏ទាក់ទងរកបាន ប្រពន្ធទី២ឈ្មោះយាន ស៊ីណាត អាយុ៣៦ឆ្នាំ មក រួមរស់ជាមួយ លែងខ្វល់ពីរឿងប្រពន្ធផិតនោះទៀត ហើយ។

លោកតាយឹម ភឿង

ដោយឡែក នាងយាន ស៊ីណាត ជាប្រពន្ធទី២ បានឱ្យដឹងថា រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន ៨នាក់ ឪពុកម្តាយនៅរស់ទាំងអស់។ នាងក៏ធ្លាប់មាន ប្តីម្តងរួចមកហើយដែរ ដោយកាលពីក្រមុំបាន រៀបការជាមួយកំលោះម្នាក់ឈ្មោះម៉ី ប៊ុនធឿន អាយុ ស្របាលគ្នា។ ពួកនាងរួមរស់ជាមួយគ្នាជាង១០ឆ្នាំ បង្កើតបានកូនប្រុស១ ស្រី១ ដោយប្តីបែកចិត្តទៅមាន ស្រីថ្មីទៀត ទើបនាងសម្រេចចិត្តចែកផ្លូវគ្នាដើរទៅ។ នាងមេម៉ាយមិនបានប៉ុន្មាន នៅពេលលោកច្រឹង ចូល សួរ ក៏យល់ព្រមយកគាត់ជាប្តីទី២ទៅ ព្រោះជាមនុស្ស អភ័ព្វ ប្តីក្បត់ចិត្ត ប្រពន្ធផិតដូចគ្នា។ ជាមួយប្តីទី២ នេះ ទើបយកគ្នាបានជិត៣ឆ្នាំ ទទួលបានកូនស្រីមួយ ទៀត ហើយដោយមានមុខរបរធ្វើស្រែដដែល។

លោករដ្ឋ ហ៊ុន

លោករដ្ឋ ហ៊ុន អាយុ៥៨ឆ្នាំ លោកអ៊ុច ភាត់ អាយុ៤០ឆ្នាំ និងលោកតាយឹម ភឿង អាយុ៧០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នថា ប្រពន្ធទី១ របស់ លោកច្រឹង ពិតជាបានផិតប្តីប្រហែល៣ឆ្នាំ ឯណោះ តែប្តីនោះដូចអាវែក គ្មានដឹងង៉ុងអីទេ។ លុះដល់គេ ដាស់តឿនញយៗ ឱ្យឃ្លាំមើលប្រពន្ធ ទើបលោកច្រឹង ដឹងការពិត ក៏ប្តឹងលែងលះចែកកូនគ្នាម្នាក់មួយ ដែលសព្វថ្ងៃ ប្រពន្ធនោះពង្រត់សហាយទៅបាត់ ទើប លោកច្រឹង រកបានប្រពន្ធម្នាក់ទៀត ដែលអភ័ព្វគូដូចគ្នា។

លោកអ៊ុច ភាត់

សូមបញ្ជាក់ថា ស្រីផិតប្តី ឆ្លាតណាស់ដេញ ជើងមិនងាយទាន់ទេ ពោលគឺបើនាងផិតខ្លាំង ខណៈដែលប្តីរកលុយបាន ក៏ព្យាយាមយកចិត្តប្តី ដើម្បី លុយ លុះប្តីទៅបាត់ ក៏ហៅសហាយមកដេក ដែល ករណីនេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ បណ្តាលឱ្យប្តីមានឈ្មោះថា អាវែក…”៕

RELATED ARTICLES