Wednesday, April 24, 2024
Homeព័ត៌មានជាតិក្លើចាប់ពង្រត់ប្រពន្ធ ប្តីយំមើលផ្លូវ

ក្លើចាប់ពង្រត់ប្រពន្ធ ប្តីយំមើលផ្លូវ

ទោះបីជាប្រពន្ធរសាត់បាត់ពី ទ្រូងរបស់ខ្លួនក្តី ក៏បុរសម្នាក់នេះ អះអាងថា ប្រពន្ធនោះ មិនក្បត់គាត់ ទេ ប៉ុន្តែ នាងត្រូវក្លើអប្រិយចាប់ ពង្រត់យកទៅបង្ខាំងធ្វើទាសីតណ្ហា ព្រោះថ្ងៃណា ក៏នាងទូរស័ព្ទមក ប្រាប់តែមិនឱ្យដឹងអាសយដ្ឋាន។ ដល់អ៊ីចឹងទៅបុរសនេះ មិនគិតទៅ ប្តឹងប៉ូលិសឱ្យជួយធ្វើអន្តរាគមន៍ បែរជាអង្គុយយំ ទន្ទឹងមើលផ្លូវប្រពន្ធទៅវិញ…។

លោកនេត ភាព អាយុ៤៤ឆ្នាំ រស់នៅភូមិ ព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ទាំង ក្រៀមក្រំថា រូបលោកជាកូនទី៥ ក្នុងចំណោម បងប្អូន៧នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះទឹម លន អាយុ៧៧ឆ្នាំ។ លោកមានប្រពន្ធឈ្មោះភឿក សំអាន អាយុ៣៥ឆ្នាំ បានរៀបការតាំងពីកំលោះក្រមុំ ហើយ ប្រពន្ធនេះត្រូវជាប្អូនជីទួតមួយរបស់លោកទៀតផង ដោយបង្កើតបានកូន៤នាក់ (ប្រុស២ ស្រី២) ជាចំណង ដៃនិស្ស័យស្នេហ៍ ជាមួយនឹងមុខរបរធ្វើស្រែយ៉ាង សាមញ្ញ។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធលោកចេះ យោគយល់គ្នាណាស់ មិនដែលមានជម្លោះអ្វីធំដុំនោះទេ និងស្មោះត្រង់នឹងគ្នា បែកដំណេកគ្នា១យប់ ស្ទើរ មិនបានផង។ ក្រោយមក លោកបានអនុញ្ញាតឱ្យប្រពន្ធ ចេញទៅធ្វើការរោងចក្រនៅស្លាគូ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលជួនកាល នាងធ្វើការវេនថ្ងៃក៏វិលមកដេកផ្ទះ ដោយជិះរថយន្តដាក់ខែ តែបើធ្វើការវេនយប់ នាងដេកនៅបន្ទប់ជួលជាមួយមិត្តភក្តិស្រីៗ។ និយាយរួម ប្រាក់ខែប្រពន្ធបូក នឹងប្រាក់ចំណូលដែលលោករកបានពីមុខរបរកសិកម្ម និងធ្វើកម្មករសំណង បានជួយយឹតយោងជីវភាពឱ្យ ឆ្លងផុតពីភាពក្រីក្របានមួយកម្រិតដែរ។

លោកនេត ភាព និងនាងភឿក សំអាន (កាលថ្ងៃរៀបការ)

លោកនេត ភាព បន្តទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានបុរសម្នាក់ឈ្មោះនឿន អាយុស្របាលលោក មានប្រពន្ធកូនរួចទៅហើយ នៅស្រុកជាមួយលោកដែរ ខុសតែភូមិឃុំប៉ុណ្ណោះ គេបានលែងលះប្រពន្ធដើម ហើយរត់មកយកប្រពន្ធទី២ នៅជិតផ្ទះរបស់លោក។ បុរសឈ្មោះ នឿន មានភ្នែកវិលៗ ទោះជាមានប្រពន្ធកំដរអារម្មណ៍រាល់យប់ ក៏ពេលបានឃើញនាងសំអាន ជាប្រពន្ធរបស់លោក គេចេះតែមើលមុខនាងភ្លឹះៗ ជួនកាលក៏និយាយ លេងសើចខ្លះៗទៅ។ លោកជាមនុស្សមិនចេះប្រចណ្ឌនោះទេ លុះដល់លោកនឿន ឧស្សាហ៍បបួលស៊ីផឹក ក៏រាប់អានយកគ្នាជាក្លើ មានចំណីឆ្ងាញ់មួយម៉ាត់ មួយកចែករំលែកគ្នាហូប។
លោកភាព បន្តទៀតថា លុះមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ប្រពន្ធលោកដែលចេញទៅធ្វើការរោងចក្រ បានទូរស័ព្ទមកប្រាប់ថា ឪពុកបង្កើតរបស់នាងដែលរស់នៅស្រុកអន្លង់វែង មានជំងឺធ្ងន់ណាស់ នាងសុំប្តីចេញទៅមើលឪពុកហើយ មិនដឹងជាថ្ងៃណាវិលវិញទេ។ ដំណឹងឪក្មេកឈឺធ្ងន់ ធ្វើឱ្យលោកតក់ស្លុតខ្លាំងណាស់ ក៏បើកឱ្យប្រពន្ធ ទៅតាមសម្រួល លុះនាងទៅបាត់៣ថ្ងៃ លោកក៏ទូរស័ព្ទសួរទៅឪក្មេក នៅអន្លង់វែង ស្រាប់តែគាត់ឆ្លើយថា អត់ឈឺអ្វីទេ ហើយក៏មិនឃើញ ប្រពន្ធលោកទៅទីនោះដែរ។ លោកភ្ញាក់ផ្អើលខ្លាំងណាស់ ទន្ទឹមនោះ ក៏បាត់ក្លើឈ្មោះនឿន ពីផ្ទះ

លោកនេត ភាព

ទៀត ទូរស័ព្ទសួរប្រពន្ធក៏មិនចូល សួរលោកនឿន ក៏មិនបានសម្រេច។ លុះរំលងបានកន្លះខែ ស្រាប់តែប្រពន្ធទូរស័ព្ទ មកប្រាប់ថា រូបនាងត្រូវក្លើនឿន ចាប់ពង្រត់ទៅធ្វើបាប បង្ខាំងឱ្យនៅតែ ក្នុងផ្ទះ ទុកបម្រើតណ្ហាគេ។ នាងនិយាយផងយំផង ធ្វើឱ្យលោករន្ធត់ខ្លាំងណាស់ ជឿបន្តិច មិនជឿបន្តិច រួចបានទៅសួរប្រពន្ធទី២ របស់ លោកនឿន ទើបដឹងថា ប្តីនាងជាមនុស្សតណ្ហាក្រាស់ណាស់ ហើយ ចេះដាក់ស្នេហ៍ទៀតផង ធ្វើឱ្យនាងទី២នោះលង់ខ្លួន តែលោកនឿន មានទៅស្មោះត្រង់នឹងនាងឯណា បែរជាពង្រត់ប្រពន្ធលោកទៅបាត់។
បុរសប្រពន្ធរត់ចោលបន្តទៀតថា ចំណុចនេះ លោកជឿស្តូកតែម្តង ព្រោះមុនពេលចាក ចេញទៅ លោកសង្កេតឃើញប្រពន្ធចេះតែអង្គុយបង្ហូរទឹកភ្នែក មិនដឹងមូលហេតុ លុះនាងទៅ បាត់ ទើបយល់ថា មកពីនាងត្រូវស្នេហ៍លោកនឿន តែម្តង។ លុះគេនាំពង្រត់ទៅ នាងក៏យល់ព្រមទៅតាមគេ ប៉ុន្តែធម្មតាមន្តស្នេហ៍ឆាប់សាបទៅវិញ ទើបប្រពន្ធទូរស័ព្ទមកប្រាប់ថា នាង ត្រូវគេបង្ខាំងនៅកន្លែងសម្ងាត់មួយ មិនដឹងនៅខេត្តណាស្រុកណាទេ។ លោកព្យាយាមតាម រកប្រពន្ធដល់រោងចក្រ និងចេញទៅភ្នំពេញ ទៀតផង តែរកមិនឃើញ ឮតែសំឡេងរបស់នាងថា ត្រូវគេបង្ខាំងក្នុងបន្ទប់ មិនអាចដោះខ្លួនរួចទេ និងខ្លាចប្រុសព្រាននោះ សម្លាប់ចោល បើសិន ជានាងហ៊ានរត់ពីក្រញាំតណ្ហារបស់គេ។ ពេលនេះ លោកអស់សង្ឃឹមហើយ បានត្រឹមអង្គុយ យំនឹកប្រពន្ធតែប៉ុណ្ណោះ ដោយមិនហ៊ានទៅប្តឹងទេ ក្រែងប្រុសព្រាននោះសម្លាប់នាង។ បើសិនជានាង អាចដោះខ្លួនរួច លោកនឹងទទួលយកនាងដោយ ដៃទាំងពីរ មិនប្រកាន់ទោសអូសដំណើរអ្វីឡើយ ដោយយល់ថា មកពីនាងត្រូវស្នេហ៍គេ និងត្រូវគេ ចាប់បង្ខាំង មិនអាចបន្ទោសបានឡើយ។

ផ្ទះលោកនេត ភាព

លោកសុខ កុយ អាយុ៣៣ឆ្នាំ នាងឡេង សម្ផស្ស អាយុ៣១ឆ្នាំ ជាប្តីប្រពន្ធផ្ទះជិតខាងគ្នា បានឱ្យដឹងថា គ្រួសារប្រពន្ធរត់ចោលប្តីឱ្យអង្គុយយំ ទន្ទឹងមើលផ្លូវរាល់យប់ថ្ងៃនេះ មកពីកត្តា២យ៉ាង គឺ ទី១អាចថា នាងភឿក សំអាន លង់ស្នេហ៍លោកនឿន ក៏រត់ទៅតាមគេដោយស្មគ្រ័ចិត្ត។ ទី២ទៀត អាចថា មកពីប្រុសនោះដាក់ស្នេហ៍ រួចពង្រត់ទៅបង្ខាំងទុក បម្រើតណ្ហា។ កន្លងមក នាងសំអាន ធ្លាប់ទូរស័ព្ទមក ប្តីម្តងថា នាងនៅភ្នំពេញ ម្តងថា នៅខេត្តពោធិ៍សាត់ រកប្រាកដមិនឃើញ ប៉ុន្តែ ឆ្ងល់ត្រង់ថា បើនាងស្មោះត្រង់នឹងប្តី ហេតុអ្វីមិនរត់មកវិញ រួចប្តឹង

លោកសុខ កុយ

សមត្ថកិច្ច ឱ្យជួយធ្វើអន្តរាគមន៍? ករណីនេះជារឿងអាថ៌កំបាំង ព្រោះជួនកាលនាងសំអាន ចង់សម្រាលកំហុសខ្លួន ក៏ធ្វើជាយំដាក់ទូរស័ព្ទថា នាងត្រូវគេបង្ខាំងសេរីភាព ដែលតាមពិត មកពីនាងសុខចិត្តរួមរស់ជាមួយប្រុស សហាយនោះ បានជាមិនហ៊ានប្រាប់ប្តីឱ្យដឹងអាសយដ្ឋានពិតប្រាកដ។

នាងឡេង សម្ផស្ស

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំ ការបំភ្លឺពីនាងភឿក សំអាន អាយុ៣៥ឆ្នាំ ជាប្រពន្ធ លោកភាព បានឡើយ ប៉ុន្តែ អ្នកស្រុកមួយចំនួនបាន ប្រាប់យើងថា នាងហ្នឹងគ្មានត្រូវស្នេហ៍ប្រុសស្អីទេ តែមកពីនាងប្រើល្បិចសម្រាលកំហុសខ្លួន ក៏យំដាក់ ទូរស័ព្ទ ឱ្យប្តីអាណិត។ ឧបមាថា ថ្ងៃក្រោយត្រូវ សហាយនោះ បោះបង់ចោល នាងនឹងវិលមកយក ប្តីដើមវិញ អ៊ីចឹងបើប្រាប់ប្តីត្រង់ៗថា នាងរត់តាម សហាយ ច្បាស់ជាប្តីខឹងសម្បាប្រកាសលែងលះ រកគូថ្មីទៀតចោលនាង លុះនាងវិលត្រឡប់ ក៏ជួបរឿង “ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច” ដែលជាល្បិច មាយាស្រីឆ្នាំ២០១៨ នេះ…”៕

RELATED ARTICLES