Friday, March 29, 2024
Homeតារាខ្មែរស៊ិន សុធារិទ្ធ ស្រក់ទឹកភ្នែកថ្ងៃខួបកំណើត

ស៊ិន សុធារិទ្ធ ស្រក់ទឹកភ្នែកថ្ងៃខួបកំណើត

តារាសម្ដែងរូបសង្ហាកំពុងឡើងកូដលោកស៊ិន សុធារិទ្ធ បានធ្វើខួបកំណើតគម្រប់អាយុ២៨ឆ្នាំ ជាទ្រង់ទ្រាយធំមួយនៅហាងវីហ្វ្រេន សាខាកោះពេជ្រ កាលពីថ្ងៃទី១៨ មករា ដែលមានតារាសិល្បៈចូលរួមយ៉ាងច្រើនកុះករដើម្បីអបអរដែលធ្វើឲ្យតារារូបនេះរំភើបចិត្តយ៉ាងក្រៃលែងរហូតទប់ទឹកភ្នែកមិនជាប់។

លោកសុធារិទ្ធ បានថ្លែងឲ្យដឹងថា ចាប់តាំងពីចូលប្រឡូកសិល្បៈរយៈពេលជាង៤ឆ្នាំ កន្លងមកនេះជាលើកទីមួយហើយដែលលោកបានរៀបចំធ្វើខួបកំណើតជាទ្រង់ទ្រាយធំបែបនេះដែលលោកបានអញ្ជើញភ្ញៀវជាង២០តុ ដែលភាគច្រើនជាមិត្តភក្ដិនៅក្នុងសិល្បៈ។លោកថា គោលបំណងដែលលោកធ្វើខួបនេះឡើងដែលក្រៅពីចង់ជួបជុំមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈលោកក៏ចង់ឲ្យអ្នកមានគុណរបស់លោកបានសប្បាយរីករាយផងដែរមានទាំងលោកប៉ា និងលោកយាយវ័យចំណាស់របស់លោកផង។យ៉ាងណាអ្វីដែលធ្វើឲ្យលោកក្ដុកក្ដួលរំជួលចិត្តរហូតស្រក់ទឹកភ្នែកនៅក្នុងថ្ងៃខួបកំណើតស្របពេលភ្ញៀវកិត្តិយសកំពុងសប្បាយរីករាយនោះគឺនៅពេលលោកនឹកឃើញដល់អ្នកម្ដាយដែលបានចែកឋានទៅកាលពីប៉ុន្មានឆ្នាំមុន ដោយពុំបានមើលឃើញពីឆាកជីវិតរបស់លោកល្អប្រសើរជាមុននោះ។លោកថ្លែងទាំងទប់ទឹកភ្នែកមិនជាប់ថា លោកពិតជាសោកស្ដាយដែលអ្នកម្ដាយពុំបាននៅជួបជុំក្រុមគ្រួសារនឹងពុំបានឃើញពីភាពរីកចម្រើនរបស់លោក។

សុធារិទ្ធ បានឲ្យដឹងថា នៅអំឡុងឆ្នាំ២០១៧ លោកថតភាពយន្តបានជាច្រើនរឿងដូចជារឿង«កម្លោះទាំង៣»«លេខាថ្មី»«កម្លោះទីក្រុងស្នេហ៍ក្រមុំជនបទ»និងរឿង«មរតកចុកឈាម»។លោកបានបង្ហាញពីក្ដីរំពឹងថា ក្រោយពេលធ្វើខួប អាជីពសិល្បៈរបស់លោកនឹងកាន់តែស្ទុះឡើងបន្ថែមទៀតខណៈដែលលោកកំពុងត្រៀមថតភាពយន្ត២រឿងក្នុងពេលឆាប់ៗនេះ។លោកថា លោកមិននឹកស្មានថានឹងដើរមកដល់ចំនុចនេះទេតែយ៉ាងណាលោកនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងការគាំទ្រនៅលើវិថីសិល្បៈ៕

 

 

 

RELATED ARTICLES