Friday, April 19, 2024
Homeព័ត៌មានជាតិជំនួយការយកចិញ្ចៀនក្លែងក្លាយ៣វង់ដាក់បញ្ចាំ ជាប់ខ្នោះ

ជំនួយការយកចិញ្ចៀនក្លែងក្លាយ៣វង់ដាក់បញ្ចាំ ជាប់ខ្នោះ

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានយកចិញ្ចៀនរបស់ខ្លួនចំនួន៣វង់ សុទ្ធតែជាចិញ្ចៀនក្លែងក្លាយ យកទៅដាក់បញ្ចាំនៅកន្លែងទទួលបញ្ចាំមួយកន្លែង លុះម្ចាស់ទីតាំងពិនិត្យឃើញដឹងថា ជារបស់ក្លែងក្លាយ ក៏រាយការណ៍ប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកទៅសួរនាំ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជនសង្ស័យខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ សំណាង អាយុ៤៧ឆ្នាំ ជាអ្នកសារព័ត៌មាន កាន់ប័ណ្ណព័ត៌មាន អង្គភាពតាព្រហ្ម ឋានៈជាជំនួយការចាងហ្វាង មានលំនៅក្នុងភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានយកចិញ្ចៀនចំនួន៣វង់ ទៅដាក់បញ្ចាំនៅហាងបញ្ចាំមួយកន្លែងចំណុចផ្សារសាមគ្គី។ លុះក្រោយមក ម្ចាស់ហាងពិនិត្យឃើញថា ចិញ្ចៀនទាំង៣វង់របស់ជនសង្ស័យនោះ សុទ្ធតែក្លែងក្លាយ ទើបដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន ជនសង្ស័យបាន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ និងបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្ត៕

 

អត្ថបទមុនៗ

 

ទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋខំប្រឹងជួយណាស់ ៣ម៉ោងទើបរលត់ ចុងក្រោយផ្ទះ១៦ខ្នងឆេះម៉ដ្ឋ

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅ និងបានឆេះបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន១៦ខ្នង ក្លាយជាផេះផង់ និងត្រូវគេសង្ស័យថា មូលហេតុផ្តើមចេញពីទុស្សេចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះអត់លេខ ផ្លូវលំ ក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំង១៦ខ្នង ដែលត្រូវក្លាយជាចំណីភ្លើងគ្មានសល់ សុទ្ធតែជាប្រភេទផ្ទះសង់ពីឈើប្រក់ស័ង្កសី។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានធុំក្លិនឈ្ងៀមយ៉ាងខ្លាំង តែមិនដឹងជាឈ្ងៀមអ្វី លុះមួយស្ទុះក្រោយមកក៏ឃើញមានផ្សែងខ្មៅលាយ និងអណ្តាតភ្លើង ចេញមកពីក្នុងផ្ទះឈើប្រក់សង្កសីមួយខ្នង នៅត្រង់ចំណុចកើតហេតុ ហើយភ្លាមៗនោះប្រជាពលរដ្ឋក៏បានស្រែកឆោឡោ ជួយគ្នាពន្លត់ និងខ្លះទៀតបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យឱ្យចុះមកអន្តរាគមន៍ ចំណែកប្រជាពលរដ្ឋខ្លះទៀតដែលភ្លើងមិនទាន់ឆេះរាលមកដល់ផ្ទះខ្លួន ក៏នាំគ្នាជញ្ជូនអីវ៉ាន់ចេញពីក្នុងផ្ទះអស់។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ខណៈដែលអណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៣២គ្រឿង បានមកដល់ជួយអន្តរាគមន៍ ក្នុងនោះមានរថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៤គ្រឿង, រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ហើយបានធ្វើការបាញ់ទឹកពន្លត់ ដោយប្រើពេលវេលាអស់រយៈពេលជិត៣ម៉ោង ទើបភ្លើងបានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្នុងករណីអគ្គីភ័យឆាបឆេះខាងលើឆាបឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន១៥ខ្នង និងផ្ទះថ្ម១ខ្នង ដោយឆាបឆេះទាំងស្រុង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀត តែយ៉ាងណា អគ្គិភ័យនេះមិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ហើយតាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច គ្រោះអគ្គិភ័យនេះកើតឡើងមកពីទុស្សេចរន្តអគ្គិសនី៕

 

http://www.nokorthomdaily.com/2018/01/fire-16-house-loss/

RELATED ARTICLES