Friday, April 26, 2024
Homeព័ត៌មានជាតិសុំម្តាយចេញទៅដើរលេង ចេញទៅបាត់ដំណឹងសូន្យឈឹង៤ថ្ងៃហើយ

សុំម្តាយចេញទៅដើរលេង ចេញទៅបាត់ដំណឹងសូន្យឈឹង៤ថ្ងៃហើយ

ភ្នំពេញ ៖ ក្មេងស្រីជំទង់ម្នាក់ បានសុំម្តាយចេញទៅដើរលេង ដោយជិះកង់ឌុបគ្នាជាមួយមិត្តភក្តិចេញពីផ្ទះ រួចក៏បាត់ដំណឹងសូន្យឈឹង អស់រយៈពេល៤ថ្ងៃមកហើយ ធ្វើឱ្យស្ត្រីជាម្តាយនិងក្រុមគ្រួសារភ័យឆោឡោ ដើរតាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកកូនស្រីត្រឡប់មកវិញ។

ក្មេងស្រីជំទង់ដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងនេះ មានឈ្មោះយឹក ស្រីតី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យវត្តដំបូកខ្ពស់  ស្នាក់នៅផ្ទះជួលជាមួយឪពុកម្តាយក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ក្មេងស្រីរូបនេះបានបាត់ខ្លួនចេញពីផ្ទះតាំងពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ហើយគិតមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅមិនទាន់ទទួលបានដំណឹងអ្វីបន្តិចនៅឡើយ។

តាមសម្តីស្ត្រីឈ្មោះប៊ិន យ៉េន អាយុ៣៤ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ពុំដែលដើរបាត់ពីផ្ទះឡើយ ដោយគ្មានដំណឹងបែបនេះឡើយ ពោលគឺនាងគ្រាន់តែដើរលេងតិចតួច ហើយល្ងាចនាងតែងត្រឡប់មកវិញមិនដែលខានឡើយ។

ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កូនស្រីរបស់គាត់ត្រូវបានមិត្តភក្តិ២នាក់ ជិះកង់ចំនួន២គ្រឿង មកបបួលចេញទៅដើរលេងនៅខាងក្រៅ ហើយកូនស្រីក៏បានមកសុំគាត់ ដោយប្រាប់ថា នាងចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិមួយភ្លែត ហើយគាត់ជាម្តាយក៏បានអនុញ្ញាតឱ្យទៅដែរ។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីគាត់ហើយ កូនស្រីរបស់គាត់ រួមនឹងមិត្តភក្តិ២នាក់ទៀត បានជិះកង់ដឹកគ្នាចេញបាត់ទៅ រហូតដល់យប់ជ្រៅក៏នៅតែមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញសោះ។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា ក្រោយពីដឹងថា កូនស្រីបាត់ខ្លួនពីផ្ទះ ក្រុមគ្រួសារគាត់បានចែកផ្លូវគ្នាតាមរកសព្វកន្លែង តែមិនមានដំណឹងសោះ ជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង មិនដឹងជានាងមានសុខទុក្ខយ៉ាងណានោះទេ។

ក្រោយការបាត់ខ្លួនកូនស្រី អាណាព្យាបាលរបស់យុវតីខាងលើ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីឱ្យសមត្ថកិច្ចជួយតាមរកកូនស្រីពួកគាត់ផងដែរ៕

RELATED ARTICLES