Thursday, March 28, 2024
Homeព័ត៌មានជាតិប្រុសផឹកស្រវឹង ចាប់លូកស្ទាបរំលោភនារីខារ៉ាអូខេបានសម្រេច រួចរត់គេចបាត់

ប្រុសផឹកស្រវឹង ចាប់លូកស្ទាបរំលោភនារីខារ៉ាអូខេបានសម្រេច រួចរត់គេចបាត់

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ទើបនឹងចូលបម្រើការងារនៅក្នុងហាងខារ៉ាអូខេមួយកន្លែង បាន១ថ្ងៃ ស្រាប់តែត្រូវភ្ញៀវប្រុសល្មោភកាមម្នាក់ ផឹកស្រាស្រវឹងជោកជាំ ចាប់បង្ខំរំលោភរហូតបានសម្រេច ហើយរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុ ធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីរំលោភសេពសន្ថវៈទៅលើនារីខារ៉ាអូខេដែលទើបនឹងចូលធ្វើការថ្ងៃដំបូងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចហាហងខារ៉ាអូខេយីហោ The Dream KTV តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

នារីរងគ្រោះដែលត្រូវប្រុសព្រានចាប់រំលោភនៅក្នុងហាងខារ៉ាអូខេ រហូតដល់បានសម្រេច មានឈ្មោះ គ.ស.ដ  អាយុ២២ឆ្នាំ មុខរបរបម្រើការក្នុងហាងខារ៉ាអូខេខាងលើ (ទើបនឹងចូលធ្វើការថ្ងៃដំបូង) ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិបឹងគ្រុប ឃុំបឹងគ្រុប ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកជនល្មោភកាមដែលចាប់រំលោភនារីរងគ្រោះរួច រត់ចោលម៉ូតូ១គ្រឿងនោះ មានឈ្មោះពន្លក ជាអតីតជាបុគ្គលិកខារ៉ាអូខេនេះពីមុនមកដែរ និងទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ។

នារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងគ្មានបានរៀនសូត្រមានចំណេះដឹងអ្វីខ្ពង់ខ្ពស់ដូចគេ ដើម្បីរកការងារល្អៗធ្វើនោះទេ ហេតុនេះហើយទើបនាងបានសម្រេចចិត្តមកធ្វើការងារនៅក្នុងខាងខារ៉ាអូខេខាងលើ គ្រាន់បានប្រាក់ចំណូល យកទៅដោះស្រាយជីវភាពបង់ថ្លៃបន្ទប់ជួល ទឹកភ្លើង ហូបចុកខ្លះ និងសល់ខ្លះ បំណងយកទៅរៀនអ៊ុតសក់ ក្រែងចេះហើយ មានលទ្ធភាពបើកហាងរកស៊ីនឹងគេ។

នារីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃដែលនាងទើបនឹងចូលធ្វើការក្នុងហាងខារ៉ាអូខេ The Dream KTV ខាងលើ  ថ្ងៃដំបូង ។ លុះដល់វេលាម៉ោង៨យប់ថ្ងៃដដែល មេការបានដើរមកហៅនាងឱ្យចូលបន្ទប់លេខ៨៨៨ ជាន់ទី២ ដើម្បីទៅអង្គុយកំដរភ្ញៀវផឹក និងច្រៀងខារ៉ាអូខេ ដោយភ្ញៀវប្រុសនោះបានចូលផឹកស៊ី តាំងពីម៉ោង៩ព្រឹក និងមានគ្នា៥ទៅ៧នាក់។ ក្រោយពីផឹកអស់ជិត៥កេស មិត្តភក្តិចាប់ផ្តើមចាកចេញម្តងម្នាក់ៗអស់ នៅសល់តែ៣នាក់ ក៏បានឱ្យមេការប្តូរបន្ទប់តូចវិញ។ លុះបន្តិចក្រោយមក មិត្តភក្តិ២នាក់ទៀត ក៏ចូលទៅដេកនៅផ្ទះសំណាក់ អរុណ មន្នីរស្មី នៅជាប់គ្នានឹងខារ៉ាអូខេដែលមានថៅកែតែមួយទៀត ពោលគឺបន្ទប់ខារ៉ាអូខេនោះ នៅសល់តែនាងនិងជនសង្ស័យតែ២នាក់ប៉ុណ្ណោះ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា ក្រោយពេលដែលក្នុងបន្ទប់ស្ងាត់មនុស្សអស់ ស្រាប់តែជនសង្ស័យក៏ចាប់ផ្តើមឆ្លៀតឱកាសពេលដែលបង្អកស្រានាងឱ្យស្រវឹងផង ក៏ចាប់អូសដៃនាងឱបរឹត និងលូកស្ទាបពេញរាងកាយរបស់នាង ទោះបីជានាងប្រឹងរើបម្រះ ក៏ជនសង្ស័យមិនព្រមលែងសោះ និងថែមទាំងបានដាល់ចំក្បាលពោះរបស់នាងចំនួន៣ដៃ រួចគំរាមសម្លាប់នាងចោលទៀត ប្រសិនបើនាងមិនព្រមឱ្យរូបគេរំលោភតាមសម្រួល។ ចំណែកនាងដោយសារតែខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើបព្រមនៅស្ងៀម បណ្តោយឱ្យជនសង្ស័យចាប់បង្ខំរំលោភនាងរហូតបានសម្រេច ទាំងដែលជននោះមិនបានប្រើស្រោមការពារទៀតផង។

នារីរងគ្រោះ បានឱ្យដឹងទៀតថា ក្រោយពីចាប់រំលោភនាងបានស្កប់ស្កល់តណ្ហា ជនសង្ស័យក៏ចាប់ផ្តើមខ្សោះខ្យល់ អស់កម្លាំងសម្ងំដេកមួយភាំង ទើបឆ្លៀតពេលនោះ នាងបានលួចរត់ចេញមកក្រៅ បំណងហៅសន្តិសុខឱ្យជួយអន្តរាគមន៍ ស្រាប់តែត្រូវជនសង្ស័យដឹងខ្លួនទាន់ ក៏ក្រោក រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1FP-2734 និងមិត្តភក្កិ២នាក់ទៀត ដែលស្នាក់នៅផ្ទះសំណាក់ក្បែរនោះ ទើបសន្តិសុខបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ហៅមិត្តភក្តិជនសង្ស័យទាំង២នាក់ ទៅសួរនាំ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

បុរសជាមិត្តភក្តិរបស់ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ រួមមានទី១-ឈ្មោះលី ជីវី អាយុ២៧ឆ្នាំ មុខរបរកងរាជអាវុធហត្ថ ស្នាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល និងទី២-ឈ្មោះម៉ែន សុផាត អាយុ៣៣ឆ្នាំ មុខរបរកងរាជអាវុធហត្ថ ដូចគ្នា និងស្នាក់នៅជាមួយគ្នា។

មិត្តភក្តិរបស់ជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ មិត្តភក្កិរបស់ខ្លួនបានមកបបួលគ្នាទៅច្រៀងខារ៉ាអូខេ ដោយមុនដំបូងមានគ្នាតែ៣នាក់ប៉ុណ្ណោះ និងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1FP-2734 ចូលបន្ទប់ច្រៀងលេងកម្សាន្ត ដោយបុរសឈ្មោះពន្លក ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ទើបនឹងមកពីធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានមិត្តភក្តិរបស់ឈ្មោះពន្លក បានមកជាបន្តបន្ទាប់ រហូតផឹកស៊ីស្រវឹងលែងដឹងថាមានគ្នាប៉ុន្មាននាក់។ លុះពេលផឹកស៊ីស្រវឹងហើយ មិត្តភក្តិរត់ទៅម្តងមួយៗអស់ រហូតសល់តែ៣នាក់ រួមទាំងឈ្មោះពន្លក ប៉ុន្តែដោយពួកគេទាំង២នាក់ផឹកលែងរួចបាននាំគ្នាចូលដេកផ្ទះសំណាក់ទៅ។ ស្រាប់តែក្រោយមកក៏កើតមានរឿងរ៉ាវ ឈ្មោះពន្លក ចាប់រំលោភស្រីក្នុងបន្ទប់ខារ៉ាអូខេនេះកើតឡើងតែម្តង ទាំងដែលពួកខ្លួនទាំងពីរនាក់ ដេកក្នុងផ្ទះសំណាក់ ដោយមិនដឹងរឿងអ្វីសោះឡើយ។

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចថា មានបុរសជាភ្ញៀវម្នាក់បានប្រើហិង្សាវ៉ៃ និងចាប់រំលោភនាងបានសំរេច។ ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ដើម្បីសួរនាំ តែពេលចុះមកដល់កន្លែងកើតហេតុ ក៏បានសួរនាំជនរងគ្រោះ ទើបដឹងថា ជនសង្ស័យមានឈ្មោះ ពន្លក អតីតជាបុគ្គលិកខារ៉ាអូខេនេះពីមុនមកដែរ ប៉ុន្តែក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ទៅហើយ នៅសល់តែបក្សពួកមិត្តភក្តិ២នាក់ ដែលដេកនៅផ្ទះសំណាក់ និងម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿងប៉ុណ្ណោះ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសទាំង២នាក់ជាមិត្តភក្តិរបស់ជនសង្ស័យ មិនបានពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវៈនេះទេ ហេតុនេះនៅពេលសួរនាំចប់ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រក្សាទុកតែម៉ូតូ១គ្រឿង ជារបស់ជនសង្ស័យនៅប៉ុស្តិ៍នគរបាលជាបណ្តោះអាសន្នសិន រង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌដើម្បីចាត់ការបន្ត៕

RELATED ARTICLES