Friday, April 19, 2024
Homeព័ត៌មានជាតិជិតសម្រាលកូនទី៦ ប្តីហេងស៊យរត់ចោល ទុកប្រពន្ធឲ្យកើតកូនស្រីតែឯង

ជិតសម្រាលកូនទី៦ ប្តីហេងស៊យរត់ចោល ទុកប្រពន្ធឲ្យកើតកូនស្រីតែឯង

ភ្នំពេញ ៖ ស្ត្រីម្នាក់មានវាសនាអភ័ព្វខ្លាំងណាស់ កំពុងមានផ្ទៃពោះកូនទី៦ជិតគ្រប់ខែ ស្រាប់តែប្តីហេងស៊យរត់ចោលបាត់ ទុកឱ្យរស់នៅទាំងត្រដាបត្រដួស គ្មានលុយកាក់សម្រាប់ត្រៀមបម្រុងទុកសម្រាល លុះដល់ឈឺពោះសម្រាល សូម្បីតែហៅឆ្មបក៏មិនទាន់ ក៏សម្រេចចិត្តប្រឹងសម្រាលកូនដោយខ្លួនឯងនៅក្នុងផ្ទះ សំណាងល្អបានរួចរស់ជីវិតទាំង២នាក់ម្តាយកូន។

ករណីស្ត្រីទុរគតសម្រាលកូននៅផ្ទះដោយខ្លួនឯងនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះស្ត្រីអភ័ព្វ ស្ថិតក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីអភ័ព្វសម្រាលកូននៅផ្ទះដោយខ្លួនឯង មានឈ្មោះផាន់ សារ៉ន អាយុ៣២ឆ្នាំ មុខរបរដកព្រលិតលក់ មានប្តីហេងស៊យ ឈ្មោះប៉ារ៉ា អាយុ៣៣ឆ្នាំ (រត់ចេញពីផ្ទះបាត់) និងមានកូន៦នាក់ក្នុងបន្ទុក (រាប់ទាំងកូនទើបសម្រាល)។ ចំណែកកូនទើបសម្រាលជាកូនស្រី និងមានទំងន់៣,២គីឡូក្រាម។ ក្រុមគ្រួសារស្ត្រីអភ័ព្វនេះ មានលំនៅក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

លោកសោម ប៊ុណ្ណា អនុប្រធានមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យយាមប្រចាំការនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានទទួលដំណឹងថា មានស្ត្រីម្នាក់ឈឺពោះសម្រាលកូននៅផ្ទះតែម្នាក់ឯង។ ក្រោយទទួលបានព័ត៌មានភ្លាម ក្រុមប្រចាំការបានចេញទៅជួយសង្គ្រោះ និងនាំស្ត្រីរូបនោះ រួមនឹងកូនទើបសម្រាលមកកាន់មន្ទីរពេទ្យទាន់ពេលវេលា។

លោកសោម ប៊ុណ្ណា បន្តថា ក្រោយពេលត្រូវបានជួយសង្គ្រោះក្នុងមន្ទីរពេទ្យរួចមក ទាំងកូនទាំងម្តាយមានសុខភាពល្អប្រក្រតី ហើយក៏ត្រូវបានខាងមន្ទីរពេទ្យផ្តល់សេវាដោយអនុគ្រោះមិនបង់ថ្លៃទេ។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា ស្ត្រីអភ័ព្វខាងលើ បានរួមរស់នឹងប្តីអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមានកូនញឹកណាស់។ រាល់ថ្ងៃជីវភាពគ្រួសារនេះក្រីក្រត្រដាបត្រដួសបំផុត ដោយពឹងលើរបរដើរដកព្រលិត យកទៅលក់ គ្រាន់បានប្រាក់កម្រៃមកទិញអង្ករហូប។ លុះមួយរយៈចុងក្រោយនេះ ខណៈដែលស្ត្រីអភ័ព្វកំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ស្រាប់តែប្តីហេងស៊យបានបែកគំនិតរត់ចោលប្រពន្ធកូនបាត់ ទុកឱ្យស្ត្រីរូបនោះ រស់នៅលំបាកតោកយ៉ាកកាន់តែខ្លាំង និងគ្មានប្រាក់សម្រាប់ត្រៀមទុកទៅសម្រាលកូននៅមន្ទីរពេទ្យនោះទេ ទីបំផុត គ្រប់ខែឆ្លងទន្លេ គ្មានប្រាក់សម្រាល ណាមួយសូម្បីតែរត់ទៅរកឆ្មបក៏មិនទាន់ ទើបត្រូវប្រឹងសម្រាលកូននៅផ្ទះដោយខ្លួនឯងតែម្តង។

តាមការអះអាងរបស់ស្ត្រីអភ័ព្វ ផាន់ សារ៉ន បានឱ្យដឹងថា កូនទី១របស់គាត់ បានសម្រាលនៅមណ្ឌលសុខភាព, កូនទី២ សម្រាលនៅផ្ទះ ដោយឆ្មបបុរាណ, កូនទី៣ សម្រាលនៅមន្ទីរពេទ្យ, កូនទី៤ សម្រាលនៅផ្ទះដោយឆ្មបបុរាណ, កូនទី៥ ក៏សម្រាលដោយឆ្មបបុរាណដែរ ចំណែកកូនទី៦នេះ សម្រាលនៅផ្ទះដោយខ្លួនឯង ព្រោះរកឆ្មបមិនទាន់៕

 

អត្ថបទមុនៗ

 

ប្រពន្ធដឹកប្តីមកពីលេងអក ចោរ៤នាក់ភ្ជង់ប្លន់ម៉ូតូ ភ័យរត់ចូលស្រះទឹកឈូក

ភ្នំពេញ ៖ ប្រពន្ធជូនប្តីមកពីលេងអក ត្រឡប់ទៅផ្ទះវិញត្រូវជនសង្ស័យប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទី​រំលងអាធាត្រ ឈានចូលថ្ងៃទី០៩ ខែមករាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលត្រូវក្រុមចោរគំរាមបាញ់ប្លន់ មានឈ្មោះនុត នឿន ភេទប្រុស អាយុ៥២ឆ្នាំ​មុខរបរអ្នកចុចអក នៅផ្លូវ២០០៤ ស្នាក់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ។ ម៉ូតូដែលជនសង្ស័យ​ប្លន់យកម៉ាកស៊ុយស៊ូគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CD-8896 ជិះ​២នាក់ប្តី ក្នុងទិសដៅជើងទៅត្បូង។

យោងតាមសម្តីប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ទើបត្រឡប់មកពីចុចអក នៅផ្លូវ២០០៤ លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ មិនចាំម៉ាក​ ​ដកកាំភ្លើងមួយដើមគំរាមបាញ់ប្លន់យកម៉ូតូ ធ្វើឲ្យប្តីរបស់គាត់ភ័យបានផ្តួលម៉ូតូចោល រត់ចូលស្រះទឹកឈូក សម្ងំទាំង២នាក់ ក៏ត្រូវជនសង្ស័យប្លន់យកម៉ូតូជិះចេញទៅបាត់ស្រមោល។

​ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំងទៅសាច់ញាតិ និងសមត្ថកិច្ចចុះមកកន្លែងកើត ហេតុពិនិត្យមើល រួចហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្លើងឆេះ រទេះ ឲ្យជួយអន្តរាគមន៍ ៕

 

http://www.nokorthomdaily.com/2018/01/social-58538/

RELATED ARTICLES