Thursday, April 25, 2024
Homeព័ត៌មានជាតិរំលោភស្រី រត់គេចខ្លួនបាន២ឆ្នាំ ចូលស្រុកវិញលបៗ ជាប់ខ្នោះសមត្ថកិច្ច

រំលោភស្រី រត់គេចខ្លួនបាន២ឆ្នាំ ចូលស្រុកវិញលបៗ ជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ រហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចខ្លួនចេញពីមូលដ្ឋានកើតហេតុ អស់រយៈពេលជាង២ឆ្នាំ ទីបំផុត ភ្លេចខ្លួនវិលចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស មានឈ្មោះគឹម ចន្ធី អាយុ៥៣ឆ្នាំ មុខរបរយោធា មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចស្រុកពញាឮ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមដីកាលេខ៦៥៨ដកបចខ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ របស់លោកផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យឈ្មាះគឹម ចន្ធី ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥កន្លងទៅ នៅចំណុចភូមិចេតិយ៏ទ្រេត ឃុំវិហារលួង ស្រុកពញាឮ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ជនសង្ស័យឈ្មោះគឹម ចន្ធី ធ្លាប់បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់នៅចំណុចភូមិឃុំកើតេហតុខាងលើ រហូតដល់បានសម្រេច។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅ ទៅសម្ងំលាក់ខ្លួនអស់រយៈពេលជាង២ឆ្នាំ ដោយមិនដឹងថាទៅរស់នៅឯណានោះទេ។ ស្រាប់តែមកដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យបានលបចូលមកស្រុកកំណើតវិញ ក៏ចាប់ឃាត់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

អត្ថបទមុនៗ

 

ប្រទះឃើញសពអនាថាក្នុងស្រះទឹក បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋអះអាងថា ជាជនអនាថា តែងដើររសាត់អណ្តែតនៅក្នុងភូមិសាស្ត្រខាងលើ លុះបាត់មុខប៉ុន្មានថ្ងៃ ក៏ស្រាប់តែត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងស្រះទឹកមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្លូវ១៩៦៤ ក្រុម៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពបុរសខាងលើមិនមានសាច់ញាតិអ្វីទេ និងជាជនអនាថា តែងតែដើរស្ពាយទៃពណ៌ស ពេញក្នុងមូលដ្ឋានខាងលើជិត១០ឆ្នាំមកហើយ និងត្រូវបានប្រជាពលរដ្ឋក្នុងភូមិហៅថា តាចេកៗ។

តាមប្រភពពីប្រជាពលរដ្ឋ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតមានការភ្ញាក់ផ្អើលឡើងនេះ មានស្ត្រីម្នាក់ដើរហាត់ប្រាណនៅលើកំណាត់ផ្លូវ១៩៦៤ លុះពេលដើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានក្រឡេកភ្នែកមើលទៅស្រះទឹក ស្រាប់តែឃើញសាកសពបុរសម្នាក់ក្នុងទឹកស្រះ ភ្លាមនោះស្ត្រីអ្នកដើរហាត់ប្រាណរូបនោះមិនហ៊ានចូលមើលទេ ក៏បានដើរទៅប្រាប់ប្រជាពលរដ្ឋក្បែរនោះ ឱ្យជួយរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ ទើបកើតមានការភ្ញាក់ផ្អើលឡើងតែម្តង។

តាមសម្តីលោកមេភូមិពោងពាយ បានប្រាប់ថា ក្រោយពីមានប្រជាពលរដ្ឋផ្តល់ព័ត៌មានពីការប្រទះឃើញ សាកសពបុរសម្នាក់លង់ទឹកស្លាប់រួចមក លោកក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ទើបស្គាល់ភិនភាគថា អ្នកស្លាប់នោះ ត្រូវអ្នកភូមិហៅថាតាចេកៗ ជាជនអនាថាមិន មានសាច់ញាតិអ្វីឡើយ និងតែងតែដើរស្ពាយទៃ ដើររើសអេតចាយក្នុងភូមិខាងលើរាប់ឆ្នាំមកហើយ។

បើតាមសំដីលោកឈឿម ម៉ាន អាចារ្យ អាស្រមឧកញ៉ាវាំង ដែលធ្លាប់ស្គាល់បុរសអនាថាខាងលើ បានប្រាប់ថា បុរសអនាថាដែលស្លាប់ ខាងលើនេះ មានឈ្មោះចំរើន មានស្រុកកំណើតនៅភូមិខ្ទួយ ឃុំម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយមកគាត់ក៏មានក្រុមគ្រួសារនៅភូមិ ព្រៃខ្ពម ស្រុកមង្គលបុរី ខេត្តតាកែវ។

លុះក្រោយពីមានសតិមិនប្រក្រតី ក៏ចេះតែដើររសាត់អណ្តែតចេញពីស្រុកកំណើតមកស្នាក់នៅក្នុងមូលដ្ឋាន ខាងលើនេះរហូតមក។

ដោយសារជនរងគ្រោះខាងលើ មិនមានសាច់ញាតិ ហេតុនេះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុក និងបូជានៅវត្តក្រាំងធ្នង់៕

 

http://www.nokorthomdaily.com/2018/01/010012018932/

RELATED ARTICLES