Friday, March 29, 2024
Homeព័ត៌មានជាតិបើកឡានបំបុកទ្វារផ្ទះ រួចកាន់កាំបិតចាំចាក់សម្លាប់ ខឹងកូនស្រីលួចគ្រឿងអលង្ការយកទៅលក់អស់

បើកឡានបំបុកទ្វារផ្ទះ រួចកាន់កាំបិតចាំចាក់សម្លាប់ ខឹងកូនស្រីលួចគ្រឿងអលង្ការយកទៅលក់អស់

ភ្នំពេញ ៖ ​បុរសវ័យចំណាស់ម្នាក់ខឹងប្រពន្ធឈឺអត់លុយព្យាបាល ដោយសារតែកូនស្រីពៅលួច​យកខ្សែក និងខ្សែដៃ យកទៅលក់អស់ផ្ទុះកំហឹង​បើករថយន្តបុកផ្ទះ ធ្វើឲ្យបាក់ទ្វារផ្ទះ ហើយ​យក​​សាំងចាក់​ប៉ុនប៉ងដុតផ្ទះចោល និងកាន់កូនកាំបិតគំរាមមិនឲ្យអ្នកចូលជិត បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេង១៧A ក្រុមទី២ ភូមិទួលអំពិល សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

បុរសដែលប៉ុនប៉ងដុតផ្ទះ មានឈ្មោះ រស់ រំដួល ភេទប្រុស អាយុ៦៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានប្រពន្ធឈ្មោះ ម៉ី រឿន អាយុ៦៦ឆ្នាំ មុខរបរលក់អីវ៉ាន់នៅផ្ទះ ស្នាក់នៅជាមួយគ្នា ​មានកូនចំនួន៦នាក់ ក្នុងនោះប្រុសម្នាក់។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា កាលពីល្ងាចមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ជាជនបង្កបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនិងវាយកំទេចទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឲ្យភ្ញាក់ផ្អើលដល់អ្នកនៅក្បែរខាង។ បន្ទាប់មកគេឃើញជនបង្កយកកាំបិតចុងស្រួចចំនួន២ដើម មកអង្គុយសំលៀងនៅខាងមុខផ្ទះតែម្នាក់ឯង។ លុះដល់វេលាកើតហេតុ ស្រាប់តែជនបង្ក​បានឈ្លោះគ្នាជាមួយប្រពន្ធនិងកូនទៀត ហើយបានឡើងទៅបើករថយន្តមួយគ្រឿងម៉ាកវី​ស្តូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-8842 ដែលចត​នៅក្នុងផ្ទះ បាន​បើកទៅបំបុកទ្វារផ្ទះ បណ្តាលឲ្យវៀចទ្វារអស់មួយផ្ទាំង ហើយបុរសរូបនោះក៏បានស្ទុះទៅយកសាំងចាក់ពេញក្នុងផ្ទះ បំរុងដុតផ្ទះចោលទៀត ​ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ តែបុរសខាងលើបានយកកាំបិតចុងស្រួចចំនួន២ដើម ដែលគាត់អង្គុយសំលៀងយកមកកាន់ជាប់ដៃ ហើយហាមមិនឲ្យអ្នកណាចូលមកជិតរូបគាត់នោះទេ បើចូលជិតគាត់ និងចាក់សម្លាប់ខ្លួនឯង ​។ ទោះជាសមត្ថកិច្ចនិងក្រុមគ្រួសាររបស់គាត់លួងលោមសម្របសម្រួលយ៉ាងណា ក៏បុរសរូបនោះនៅតែមិនព្រម ដោយគាត់និយាយថា គាត់ចាំចាក់កូនស្រីពៅគាត់ឲ្យងាប់សិន។

បើតាមសម្តី​ស្រ្តីជាប្រពន្ធ​បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅរូបគាត់ជាប្រពន្ធ​មានជំងឺប្រចាំកាយ ហើយមុនពេលកើតហេតុ​ ប្តីរបស់គាត់បានសួរ​ថា បើ​ឈឺអីចឹង ម៉េចក៏មិនយក​ខ្សែក និងខ្សែដៃទៅលក់មើលជំងឺ​ទៅ ​គាត់ក៏មិនមាត់តទៅវិញ ​តែបុរស​ជាប្តីនៅតែសួរដដែលៗ ហើយគាត់ក៏ប្រាប់ថា ខ្សែកខ្សែដៃទាំងនោះ កូនស្រីពៅរបស់យើងលួចយកទៅលក់អស់ហើយ តែកន្លងមកគាត់មិនហ៊ានប្រាប់ប្តីខ្លាចប្តីខឹង​ ពេលនោះស្រាប់តែប្តីខឹងបានបើក​រថយន្ត​បុកផ្ទះ ធ្វើឲ្យបាក់ទ្វារផ្ទះ រួចហើយបានយកសាំងមកចាក់នៅមុខផ្ទះ បម្រុងដុតផ្ទះ​ចោល​ទៀត ក៏ត្រូវបានអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកដល់ប្តីរបស់គាត់បាន កាន់កូនកាំបិតគំរាមមិនឲ្យមានអ្នកណាចូលជិតទេ បើហ៊ានចូលជិតនឹងចាក់សម្លាប់ខ្លួន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋបានជួយនិយាយសម្របសម្រួលរហូតដល់បុរសខាងលើព្រមដាក់កាំបិតចុះ ហើយសមត្ថកិច្ចធ្វើការណែនាំឈប់ឲ្យប្រើអំពើហិង្សាទៀត ៕

 

អត្ថបទមុនៗ

 

បាញ់អស់១បង់ គំរាមមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល ម្ចាស់រណ្តៅដីថា “បាញ់មាន់ក្លែម”

ខេត្តកណ្តាល ៖ ឧកញ៉ាចិត្តក្តៅជាម្ចាស់រណ្តៅដីម្នាក់ ព្រោះតែផ្ទុះកំហឹងនឹងមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលមួយក្រុម ចុះធ្វើការពិនិត្យរណ្តៅដីរបស់ខ្លួន ដែលជាប់សង្ស័យថាមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះ ស្រាប់តែដកកាំភ្លើងខ្លីបាញ់ភ្ជុចចូលទៅក្នុងរណ្តៅដីអស់១បង់  លុះអ្នកសារព័ត៌មានសួរនាំ ស្រាប់តែលោកឧកញ៉ារូបនោះឆ្លើយថា បាញ់មាន់ក្លែមសោះ បែរជាថាបាញ់គំរាម។

ហេតុការណ៍បាញ់គំរាមខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចរណ្តៅដីមួយកន្លែងសង្ស័យអត់ច្បាប់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។

ថៅកែរណ្តៅដីដែលបាញ់គំរាមមន្ត្រីក្រសួងរ៉ែ និងថាមពលនេះ ត្រូវបានគេស្គាល់ឈ្មោះរឿង សំអាង ហៅពៅ ជាម្ចាស់រណ្តៅដីខាងលើ។

តាមប្រភភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយមានការសង្ស័យថា រណ្តៅដីរបស់ឧកញ៉ាពៅ ខាងលើនេះ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ទើបមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល បានដឹកនាំក្រុមការងាររបស់ខ្លួនចុះទៅដល់ទីតាំងរណ្តៅដីខាងលើ ដើម្បីពិនិត្យ និងសួរនាំព័ត៌មានមួយចំនួន។ លុះពេលចូលទៅដល់ លោកឧកញ៉ាពៅ មិនត្រឹមតែមិនទទួលស្វាគមន៍ប៉ុណ្ណោះទេ ថែមទាំងផ្ទុះកំហឹង រហូតដល់ស្ទុះដកកាំភ្លើងខ្លីបាញ់ភ្ជុជទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាមខាងមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល តែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីបាញ់បោះសេរីអស់១បង់រួចហើយ ឧកញ៉ាឈ្មោះពៅ ក៏បានបញ្ជាឱ្យកូនចៅរបស់ខ្លួន បើកអាអ៊ិច គ្រឿងចក្រកាយដី យកទៅដាក់ចំកណ្តាលផ្លូវ ដើម្បីបង្អាក់ដំណើរក្រុមមន្ត្រីជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រកាយដីបានខូច។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កក្នុងសកម្មភាពរារាំង និងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុ និងស្តាប់ចម្លើយសាក្សីអ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់មួយចំនួន។

ជុំវិញករណីបាញ់បោះខាងលើនេះ លោកឧកញ៉ារឿង សំអាង ហៅពៅ បានបកស្រាយកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ តាមរយៈសារព័ត៌មានក្នុងស្រុកមួយថា “បាញ់គំរាមអាចម្កួតស្អី! គេបាញ់មាន់ក្លែមសោះហ្នឹង! កាំភ្លើងវ៉ាន់ឌឺឡុង បាញ់មាន់ បាញ់កុកក្លែមស្រាតើស បាញ់រួចហើយ ទើបមន្ត្រីក្រសួងរ៉ែ និងថាមពលទៅតាមក្រោយ ពួកវាទៅរកលុយបាយ តែខ្ញុំមិនចង់ជួបពួកអាឆ្កែអស់នេះ ចេះតែបំភាន់ ខ្ញុំក៏ស្គាល់ទាប ស្គាល់ខ្ពស់ដែរ…”។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានលួចបង្ហើបថា ឧកញ៉ាពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់ រារាំង និងបាញ់គម្រាមមន្ត្រីរាជការសាធារណៈនោះទេ ថែមទាំងមានកាំភ្លើង៣ដើម ជាប់ខ្លួនទៀត មិនដឹងថាមានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ៕

http://www.nokorthomdaily.com/2018/01/social-60261/

RELATED ARTICLES