Friday, April 26, 2024
Homeព័ត៌មានជាតិខ្លាចបារមីកាច់ស្លាប់ទាំង៧សណ្តាន បើកផ្លូវឲ្យគ្រូបោក រំលោភបាន២ដង ក្នុង១យប់

ខ្លាចបារមីកាច់ស្លាប់ទាំង៧សណ្តាន បើកផ្លូវឲ្យគ្រូបោក រំលោភបាន២ដង ក្នុង១យប់

ខេត្តកណ្តាល ៖ នារីក្រមុំម្នាក់បានកើតមានជំងឺប្រចាំកាយព្យាបាលមិនជាសោះ លុះឮល្បីថា មានគ្រូម្នាក់ពូកែខាងព្យាបាលជំងឺរាប់រយមុខយ៉ាងស័ក្តិសិទ្ធ ក៏ប្រថុយទៅដេកព្យាបាលនៅផ្ទះគ្រូ២យប់ ដឹងអី! ប៉ះគ្រូជើងល្អ កណ្តាលយប់ក៏ធ្វើជាមានបារមីចូលខ្លួន រួចក៏ទៅចាប់រំលោភអ្នកជំងឺក្រមុំ ដោយគំរាមថា បើមិនព្រមនឹងមានបារមីកាច់ស្លាប់ទាំង៧សណ្តាន ជាហេតុធ្វើឱ្យនារីរងគ្រោះភ័យ ក៏ព្រមបើកផ្លូវឱ្យគ្រូល្មោភកាមរំលោភរហូតបានសម្រេចដល់ទៅ២ដង ក្នុងមួយយប់។

ករណីគ្រូបោកចាប់រំលោភអ្នកជំងឺក្រមុំ១យប់២ដង ដោយគំរាមថា បើមិនព្រមនឹងមានបារមីកាច់នេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាស្រមគ្រូបោក ស្ថិតក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ លុះព្រឹកស្អែកឡើង នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យដែលតាំងខ្លួនជាគ្រូស្នងបារមីខ្លាំងពូកែខាងព្យាបាលជំងឺ តែបែរជាប្រើល្បិចគំរាមរំលោភអ្នកជំងឺក្រមុំ រហូតឈានដល់ជាប់ខ្នោះនេះ មានឈ្មោះឯក កុសល អាយុ៣៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បីផង និងជាគ្រូស្រោចទឹកព្យាបាលជំងឺផង មានលំនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ចំណែកនារីរងគ្រោះមានអាយុ២៦ឆ្នាំ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងបានកើតមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ ទោះជាព្យាបាលយ៉ាងណា ក៏មិនបានធូរស្បើយសោះ មិនថាគ្រូពេទ្យ ឬគ្រូខ្មែរនោះទេ ដូចជាមិនកបសោះ។ ក្រោយមក នាងក៏បានឮដំណឹងថា នៅភូមិ-ឃុំកើតហេតុខាងលើ មានគ្រូម្នាក់ពូកែខាងព្យាបាលជំងរាប់រយមុខ និងពូកែស័ក្តិសិទ្ធខ្លាំងណាស់ ទើបធ្វើឱ្យនាងចង់សាកល្បង ក៏ស្កាត់ទៅរកគ្រូខាងលើ ដើម្បីឱ្យជួយព្យាបាល។

នារីរងគ្រោះ បន្តថា លុះពេលទៅដល់ ជួបគ្រូឯក កុសល ក៏ត្រូវគ្រូគន់គូរទស្សន៍ទាយផង សួរពីអាការៈជំងឺផង រួចក៏តម្រូវឱ្យនាងស្នាក់នៅអាស្រមលោកគ្រូ២យប់ ដើម្បីធ្វើការព្យាបាល។ ចំណែកនាងហេតុតែចង់ជាសះស្បើយ ទើបប្រថុយដេកព្យាបាលនៅផ្ទះគ្រូ តាមការណែនាំ ដឹងអី! ប៉ះចំគ្រូបោក គំរាមចាប់រំលោភនាងរហូតដល់បានសម្រេចដល់ទៅ២ដង។

នារីរងគ្រោះបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងដេកលក់លក់នៅក្នុងអាស្រមលោកគ្រូបោក ស្រាប់តែលេចមុខលោកគ្រូនោះចូលមកដល់ ដោយប្រាប់ថា កំពុងមានបារមីចូលសណ្ឋិតខ្លួនគ្រូហើយ និងត្រូវព្យាបាលជំងឺឱ្យនាងទាំងកណ្តាលយប់។ លុះពេលចាប់ផ្តើមព្យាបាលគ្រូនេះ ចេះតែទាមទារឱ្យនាងដោះខោអាវចេញឱ្យអស់ ទីបំផុត ក៏ធ្វើសកម្មភាពចាប់នាងរំលោភទាំងកំរោលតែម្តង និងថែមទាំងនិយាយគំរាមនាងថា បើសិនជានាងមិនព្រមធ្វើតាមអ្វីដែលគ្រូចង់បានទេនោះ បារមីនឹងកាច់សម្លាប់នាង ព្រមទាំងបងប្អូន ឪពុកម្តាយ សាច់ញាតិរបស់នាង និយាយរួម គឺនឹងកាច់សម្លាប់៧សណ្តានតែម្តង ជាហេតុធ្វើឱ្យនាងភិតភ័យ ក៏បណ្តោយខ្លួនឱ្យគ្រូរំលោភ រហូតដល់បានសម្រេច១យប់២ដងតែម្តង។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នារីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងធំ ឱ្យជួយអន្តរាគមន៍ ហើយភ្លាមៗនោះ សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវចាប់ខ្លួនគ្រូកំហូចខាងលើ នាំយកមកសាកសួរភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឯក កុសល ដែលតាំងខ្លួនជាគ្រូព្យាបាលជំងឺមានបារមីកាន់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះ ប្តឹងចោទប្រកាន់មែន ដោយខ្លួនពិតជាបានរំលោភនារីរងគ្រោះ២ដងមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES