ញ៉ាមណាស់!!! ឪចុងរំលោភកូនបាន២ដង ចាប់ម្តងទៀត ប្រពន្ធតាមទាន់ ហៅសមត្ថកិច្ចវាយខ្នោះ

0
328

ខេត្តឧត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនជាបន្តបន្ទាប់ ចំនួន២ដងមកហើយ លុះលើកទី៣ បម្រុងធ្វើសកម្មភាពម្តងទៀត ស្រាប់តែត្រូវប្រពន្ធតាមទាន់ឃើញកំពុងចាប់ឱបកូនស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនឪពុកល្មោភកាម យកទៅចាត់ការតាមច្បាប់។

ករណីឪចុងរំលោភកូនស្រីនេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ជនសង្ស័យជាឪពុកចុងដែលចាប់រំលោភកូនស្រី៣ដង រហូតត្រូវប្រពន្ធតាមទាន់ប្តឹងប៉ូលិសចាប់ក្របួចជាប់ មានឈ្មោះប្រាក់ អ៊ាន អាយុ៦៥ឆ្នាំ មុខរបរជាអ្នកយកព័ត៌មានទូទាំងប្រទេស (២៥ខេត្តក្រុង) ប្រចាំអង្គភាពសារព័ត៌មានបន្ទាយស្រី។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៣ឆ្នាំប៉ុណ្ណោះ។ ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ត្រូវជាឪពុក និងកូនចុង មានលំនៅក្នុងផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីស្ត្រីម្នាក់ បានប្តឹងចោទប្រកាន់ប្តីទី២របស់គាត់ (ជនសង្ស័យឈ្មោះប្រាក់ អ៊ាន) ថាបានចាប់រំលោភកូនស្រីប្តីដើមរបស់គាត់ (ក្មេងស្រីរងគ្រោះ)។ ក្រោយពីមានពាក្យបណ្តឹងផ្ទាល់មាត់ ពីស្ត្រីជាម្តាយក្មេងរងគ្រោះ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យជាប្តីនោះ មកធ្វើការសាកសួរតែម្តង។

តាមការអះអាងរបស់ស្ត្រីជាដើមបណ្តឹងម្តាយរបស់ក្មេងស្រីរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃ១៩ ខែមករា ឆ្នាំ២០១៨ ខណៈដែលគាត់បានចុះធ្វើនំផ្លែអាយនៅក្រោមផ្ទះ ជនសង្ស័យជាប្តីដែលបានដេកនៅលើផ្ទះ បានឆ្លៀតឱកាសធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជនរងគ្រោះនៅលើផ្ទះ រហូតដល់បានសម្រេច។ លុះមកដល់វេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យក៏បានតាមចាប់កូនស្រីរបស់គាត់រំលោភម្តងទៀត តែត្រូវគាត់ជាប្រពន្ធឡើងទៅឃើញទាន់ ខណៈដែលប្តីកំពុងតែចាប់ឱបកូនស្រី ទើបប្តីមិនហ៊ានធ្វើអ្វីផ្តេសផ្តាស ក៏លែងកូនស្រីវិញទៅ។ ចំណែកគាត់ដោយឃើញសភាពបែបនេះ ក៏ហៅកូនស្រីមកសួរនាំ ទើបដឹងថា ឪចុងល្មោភកាមនេះ ធ្លាប់ចាប់រំលោភនាង២ដងមកហើយ ទើបគាត់ជាម្តាយទ្រាំលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា តាមពិតឪពុកចុងនេះ ធ្លាប់បានចាប់រំលោភនាងម្តងរួចមកហើយតាំងពីឆ្នាំ២០១៦មកម៉្លេះ តែនាងមិនហ៊ាននិយាយរឿងនេះប្រាប់ម្តាយ ព្រោះជនសង្ស័យឈ្មោះប្រាក់ អ៊ាន ជាឪពុកចុងតែងតែប្រើពាក្យសម្តីគំរាមកំហែងនាងថា នឹងអារកសម្លាប់នាងចោល នៅពេលបែកការរឿងនេះ ណាមួយតាំងពីនោះមកឪចុងនេះ ក៏មិនធ្លាប់បានប្រព្រឹត្តអ្វីមកលើនាងទៀតដែរ ទើបនាងចេះតែទ្រាំលាក់បាំងទៅ។

ក្មេងស្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ខណៈដែលម្តាយរវល់ចុះទៅធ្វើនំផ្លែអាយនៅក្រោមផ្ទះ ស្រាប់តែឪចុងល្មោភកាមបានលូនចូលមុងចាប់រំលោភនាង រហូតដល់បានសម្រេច។ បន្ទាប់មកនៅវេលាម៉ោងប្រមាណ៧និង២០នាទីព្រឹកថ្ងៃដដែល ដោយមិនទាន់អស់ចិត្ត ស្រាប់តែឪចុងនេះបានចូលមកចាប់ឱបនាងប៉ងរំលោភថែមម្តងទៀត ប៉ុន្តែសំណាងល្អ ត្រូវម្តាយឡើងមកឃើញទាន់ ទើបនាងត្រូវឪពុកព្រលែងឱ្យរួចខ្លួនវិញ។

ដោយឡែកនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះប្រាក់ អ៊ាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនស្រីចុងចំនួន៣ដងពិតប្រាកដមែន តែបានសម្រេច២ដងប៉ុណ្ណោះ រីឯលើកចុងក្រោយ គ្រាន់តែទើបនឹងចាប់ឱបក៏ត្រូវប្រពន្ធតាមទាន់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕